ភ្នំពេញ: អស់ពីភ្ញាក់ផ្អើលក្រុមតារាចម្រៀងនៃផលិតកម្មរស្មីហង្សមាសកំពុងតែដើរ ចេញជាបណ្តើរៗមិនទាន់ស្ងប់ផងនោះ ក៏ស្រាប់តែលេចឮថា តារាចម្រៀងស្រីមេម៉ាយក្មេងខ្ចី សុខ ស្រីនាង លបទៅចុះកិច្ចសន្យានឹងទ្រនំថ្មី បន្ទាប់ពីផុតកុងត្រាផលិតកម្មសាន់ដេ ខណៈមហាជននឹងបានជ្រាបច្បាស់ពេលបទថ្មីតារាស្រីរូបនេះចេញក្រោយចូល ឆ្នាំថ្មីប្រពៃណីខ្មែរ។
តារាចម្រៀងស្រី ដែលបានចែកផ្លូវពីអតីតស្វាមី ជាអ្នកសិល្បៈរួមអាជីពចម្រៀង និងមានស្រុកកំណើតដូចគ្នា គឺតារាចម្រៀងប្រុសលោក ស៊ី សុវត្ថិ រក្សាភាពនៅលីវប្រមាណជា ៧ ឆ្នាំមកហើយនោះ ក៏បង្ហើបប្រាប់ពីពេលវេលាផុតកុងត្រានៅសាន់ដេ និងតម្រុយនៃទ្រនំថ្មីគឺរស្មីហង្សមាសនោះថា៖ «នាងខ្ញុំបានផុតកុងត្រាជាមួយនឹងផលិតកម្មសាន់ដេ តាំងពីចុងខែកុម្ភៈ កន្លងមកនេះម្ល៉េះ។ នាងខ្ញុំក៏មិនលាក់ទេថា ខ្ញុំពិតជាបានឈប់ពីសាន់ដេមែន ហើយក៏ទើបតែបានចុះកិច្ចសន្យាជាមួយផលិតកម្មថ្មីដែរ។ សុំទោសដែរសម្រាប់បទថ្មីរបស់ខ្ញុំទាំងនោះ គួរតែនាងខ្ញុំត្រូវស្រូតចេញនៅមុនចូលឆ្នាំថ្មី តែដោយសារក្រុមការងារខាងផលិតកម្មគាត់ជាប់រវល់ថត MV បទតារាចម្រៀងផ្សេងៗទៀតដែរ ទើបត្រូវពន្យារចាំចេញក្រោយចូលឆ្នាំខ្មែរវិញ»។
ចំពោះមូលហេតុដើរចេញក្រោយផុតកុងត្រារយៈពេល ៥ ឆ្នាំ ក៏តារាចម្រៀងស្រីរូបនេះមិនបានបញ្ជាក់ប្រាប់អ្វីឲ្យច្បាស់ដែរ ហើយអ្នកនាង សុខ ស្រីនាងគ្រាន់តែបង្ហើបថា៖ «នាងខ្ញុំច្រៀងនៅទីនេះ ដូចជាយូរគួរសមដែរ ហើយនៅពេលផុតកុងត្រា ក៏ផលិតកម្មមិនបានសួរនាំអ្វីបន្ថែមទៀត ទើបសម្រេចថា នឹងដើរចេញទៅរកកន្លែងថ្មី ហើយក៏ចង់ចេញដោយនាំជាមួយនឹងរឿងល្អផងដែរសម្រាប់តម្លៃនៃអាជីពខ្លួន»។ តារាចម្រៀងស្រីអតីតសិស្សរៀននៅវិទ្យាល័យសន្ធរម៉ុករូបនេះបាន ចុះកិច្ចសន្យាជាមួយទ្រនំថ្មីរួចរាល់ទៀត ដោយរង់ចាំតែចេញបទចម្រៀងសម្រិតសម្រាំងបែបមនោសញ្ចេតនា និងបទញាក់់គាប់ចិត្តយុវវ័យ។
អ្នកនាង សុខ ស្រីនាង បានព្រលយថា៖ «កាលនាងខ្ញុំនៅផលិតកម្មចាស់ ហាក់ដូចជាមិនសូវមានឱកាសបានចូលរួមកម្មវិធីប្រគំតន្ត្រីទេសចរណ៍ តាមខេត្តក្រុងនានារបស់បណ្តាស្ពន់ស័រឡើយក្រៅពីចេញបទចម្រៀង ខណៈរឿងការចេញសម្តែងក្រៅម្តងៗ និងថតស្ប៉តពាណិជ្ជកម្មនានានោះរកបានដោយខ្លួនឯង។ នាងខ្ញុំសង្ឃឹមថា ការខិតខំនៅកន្លែងថ្មី នឹងអាចជួយឲ្យខ្ញុំមានឈ្មោះបោះសំឡេងបន្ថែម និងមានឱកាសច្រើនជាមិនខាន»៕