កុំព្យូទ័រលើតុ ឬ Desktop របស់ក្រុមហ៊ុន Huawei ត្រូវបានគេប្រទះឃើញដាក់លក់ លើទីផ្សារប្រទេសចិន កាលពីសប្ដាហ៍មុន។ កុំព្យូទ័រស៊េរីដំបូងនោះ មានឈ្មោះថា MateStation B515។ គេសង្ឃឹមថា វានឹងមិនប្រើប្រាស់ CPU របស់ Huawei ទេ តែផ្ទុយទៅវិញ វាបានបំពាក់ CPU 2ជម្រើស ដូចជា Ryzen 5 និង Ryzen 7 របស់ក្រុមហ៊ុន AMD ទៅវិញ។ សម្រាប់តម្លៃរបស់វា មានលក់តែនៅក្នុងប្រទេសចិនប៉ុណ្ណោះឥឡូវនេះ គឺតម្លៃ 4,999យន់ និង 8,999យន់ ឬប្រមាណ 760ដុល្លារ ដល់ 1,370ដុល្លារ។
អ្វីដែលពិសេសនោះ គឺថា Huawei បានដាក់លក់វា ជាកញ្ចប់តែម្ដង ពោលគឺមានទាំងម៉ូនីទ័រ, ក្តារចុច ក៏ដូចជា Mouse ផងដែរ។ សម្រាប់កុំព្យូទ័រ MateStation B515 នេះ មានប្រើប្រាស់ CPU ចំនួន 2ជម្រើស ដូចបានបញ្ជាក់នៅខាងលើស្រាប់ ដោយ 1ជាជម្រើស Ryzen 5 4600G និង 1ទៀតគឺ Ryzen 7 4700G ចំណែកឯជម្រើស RAM វិញ វាក៏មាន 2 ជម្រើសដែរ ដូចជា 8GB និង 16GB ជាមួយអង្គផ្ទុក ទំហំ 256GB ឬ 512GB ប្រភេទ SSD និងមាន 1TB ទៀត ជាប្រភេទ SATA HDD ទៀតផង។
សម្រាប់ផត ដែលមានបំពាក់មកជាមួយ ក៏មានច្រើនដែរ ជាក់ស្ដែងមាន USB-C, USB-A, រន្ធដោតកាស, រន្ធ HDMI, រន្ធ VGA ក៏ដូចជាមានរន្ធ Ethernet ជាដើម។សម្រាប់ម៉ូនីទ័ររបស់វាវិញ គឺមានទំហំ 23.8 អ៊ីញ ជាប្រភេទ IPS Panel ដែលមានកម្រិតបង្ហាញ 1,920 X 1,080 ភិចសែល, កម្រិតសមាមាត្រអេក្រង់ 16:9 និងមានកម្រិត Contrast Ratio 1,000:1។
Huawei អះអាងថា ម៉ូនីទ័ររបស់ខ្លួន មានអេក្រង់លាតពេញផ្ទៃមុខ ដល់ទៅ 90%ឯណោះ ខណៈពេលដែលជាក់ស្ដែងវិញ យើងឃើញថា វាលាតកប់ពីលើគែម តែខាងលើ និងខាងកៀនប៉ុណ្ណោះ ចំណែកឯខាងក្រោមវិញ គឺមាននៅសល់គែមធំគ្រាន់បើដែរ។
ចំពោះក្តារចុចរបស់វាវិញ គឺជាប្រភេទក្តារចុចឥតខ្សែ ដែលមានភ្ជាប់មកជាមួយ នូវសេនស័រស្គែនស្នាមម្រាមដៃទៀតផង និងកាន់តែពិសេសទៀតនោះ គឺក្តារចុចនោះ ក៏មានបំពាក់ NFC មកស្រាប់ដែរ ដើម្បីឱ្យអ្នកប្រើប្រាស់ អាចធ្វើការភ្ជាប់កុំព្យូទ័រនោះ ទៅកាន់ទូរស័ព្ទឆ្លាត ក៏ដូចជាថេប្លេត របស់ Huawei បាន ដូចដែលធ្លាប់មានលើ Laptop របស់គេដែរ។
MateStation B515 ក៏មានដំណើរការជាមួយនឹង Window 10 Pro មកស្រាប់តែម្ដង ប៉ុន្តែសម្រាប់ព័ត៌មានទាក់ទងនឹងការដាក់លក់វិញ ប្រភពព័ត៌មានបានបញ្ជាក់ប្រាប់ថា Huawei នឹងដាក់លក់កុំព្យូទ័រលើតុនេះ សម្រាប់តែផ្នែកខាងជំនួញ នៅក្នុងប្រទេសចិនប៉ុណ្ណោះ ហើយគេមិនបានបញ្ជាក់ឡើយថា តើវានឹងមានលក់សម្រាប់អតិថិជនទូទៅ ឬមួយក៏អត់ទេនោះឡើយ៕