ចិន បានបញ្ចេញបេសកកម្មថ្មីមួយទៀត ដោយបាន បាញ់បង្ហោះយានអវកាស ទៅពិភពស្ថានព្រះចន្ទដើម្បីប្រមូលយកដុំថ្ម និងសំណាកគំរូនានា ពីផ្ទៃដីលើពិភពនោះ មកផែនដី កាលពីថ្ងៃទី24 ខែវិច្ឆិកា ឆ្នាំ2020 កន្លងទៅ។ បើបានសម្រេចនោះ ចិន នឹងក្លាយជាប្រទេសទី3 បន្ទាប់ពីអាមេរិក និងអតីតសហភាពសូវៀត ដែលបានយកដុំថ្ម ពីស្ថានព្រះចន្ទ មកកាន់ផែនដីបានសម្រេច។
យានអវកាសនេះមានឈ្មោះ Chang’e 5(ឆាងអ៊ើ៥) ត្រូវបានបាញ់បង្ហោះតាមរយៈគ្រាប់រ៉ុក្កែត Long March-5Y ចេញពីទីតាំង Wenchang ក្នុងខេត្តហៃណាន់។
ចិន នឹងដាក់យានអវកាសនេះ ឱ្យចុះចតលើផ្ទៃដីភពព្រះចន្ទ ត្រង់ចំណុចមួយ ហៅថា Oceanus Procellarum ដោយប្រមូលវត្ថុធាតុពីភពស្ថានព្រះចន្ទ តាមរយៈការខួងដីជម្រៅ 7ហ្វីត ពោលគឺ នឹងយកថ្ម និងស្រទាប់ដី ប្រហែល 2គីឡូក្រាម មកកាន់ផែនដី។ គំរូដែលយកពីភពស្ថានព្រះចន្ទនេះ នឹងជួយឱ្យអ្នកវិទ្យាសាស្ត្រ យល់ដឹងកាន់តែស៊ីជម្រៅ អំពីប្រភពកកើតដំបូងនៃភពស្ថានព្រះចន្ទ និងប្រព័ន្ធព្រះអាទិត្យ៕