បើតាមការចុះផ្សាយរបស់ Strategy Analytics បានឱ្យដឹងថា ក្រុមហ៊ុនកូរ៉េខាងត្បូង Samsungអាចយកឈ្នះលើចំនួនលក់របស់ Apple នៅអាមេរិក និងថែមទាំង អាចផ្ដួល Xiaomi ដណ្ដើមយកតំណែងកំពូលនៅក្នុងទីផ្សារនៃប្រទេសឥណ្ឌា បានទៀតផង។
Samsung អាចទទួលបានប្រាក់ចំណេញ ពីការលក់ស្មាតហ្វូនលើសកលលោក ក្នុងកម្រិតមួយខ្ពស់បំផុត ដែលមិនធ្លាប់មាន ជាច្រើនឆ្នាំមកហើយ។ Samsung អាចប្រមូលបានប្រាក់ចំណេញ ពីទីផ្សារស្មាតហ្វូនដល់ទៅ 32.6% នៅត្រីមាសទី3 នៃឆ្នាំ2020 កើនឡើងពីតួលេខ 18.8% កាលពីត្រីមាសដូចគ្នា ក្នុងឆ្នាំ2019។ វាជាចំណែកប្រាក់ចំណេញខ្ពស់បំផុតមួយ ដែលមិនធ្លាប់មាន ក្នុងរយៈពេល 6ឆ្នាំ ដែលកាលពីត្រីមាសទី2 ឆ្នាំ2014 ក្រុមហ៊ុនធ្លាប់ប្រមូលប្រាក់ចំណេញ បានខ្ពស់ដល់ទៅ 37.9% ពីទីផ្សារស្មាតហ្វូនទាំងមូល៕