ភ្នំពេញៈ បញ្ហាសុវត្ថិភាពនៅតាមបណ្តាទូ ATM នានាអាចជាកង្វល់មួយរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុដែលមានដាក់សេវាកម្មមួយនេះ ប៉ុន្តែអ្នកជំនាញក្នុងវិស័យនេះអះអាងថា ទូ ATM នីមួយៗមានប្រព័ន្ធសុវត្ថិភាពខ្ពស់ណាស់លើករណីលួចលុយ ប៉ុន្តែការចុចបំផ្ទុះដោយប្រការណាមួយជារឿងដែលគេគិតមិនដល់។
លោក អ៉ីន ចាន់នី នាយកប្រតិបត្តិធនាគារអេស៊ីលីដា ភីអឹលស៊ីបានថ្លែងថា ប្រព័ន្ធសុវត្ថិភាពនៅតាមទូATMនីមួយៗដែលបានដាក់នៅតាមទីសាធារណៈ សុទ្ធតែមានភ្ជាប់បណ្តាញអគ្គិសនី កាមេរ៉ាសុវត្ថិភាព និងភ្ជាប់បណ្តាញមកការិយាល័យកណ្តាល24ម៉ោងដែលមិនអាចឲ្យអ្នកណាម្នាក់លួចលុយបានងាយស្រួលឡើយ។ លោកបន្តថា ករណីបំផ្ទុះ ឬលួចលុយពីទូATM មិនមែនកើតមានតែនៅកម្ពុជាទេ តែក៏មានកើតឡើងនៅតាមបណ្តាប្រទេសនានាដែរ ប៉ុន្តែដើម្បីបង្កើនសុវត្ថិភាពរបស់វា យើងគួរតែចូលរួមការពារទាំងអស់គ្នា។
លោកបន្តថា “ទូ ATM ជាទ្រព្យរបស់ឯកជនមែន តែវាបម្រើផលប្រយោជន៍សាធារណៈដែលគួរតែមានការចូលរួមការពារទាំងអស់គ្នា។ លោកបន្តថា “ទោះជាយ៉ាងណាក៏យើងមានការព្រួយបារម្ភផងដែរទាក់ទងនឹងបញ្ហាសុវត្ថិភាពទូ ATM នៅកម្ពុជាយើង។
កាលពីពេលថ្មីៗនេះមានករណីយកគ្រាប់បែកដាក់នៅទូ ATM ស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី និងកាលពីសប្តាហ៍មុនមានករណីជនល្មើសបានយកថ្នាំបាញ់ទៅលើកាមេរ៉ាទូ ATM របស់ធនាគារ ABA ស្ថិតនៅក្នុងទីក្រុងកែប ដែលបានបណ្តាលឲ្យផ្ទុះ និងខូចខាតប្រាក់អស់ជាង1ម៉ឺនដុល្លារផងដែរ។
ប្រធានស្តីទីសមាគមធនាគារកម្ពុជាលោក ឆារស៍ វ៉ាន់ បានថ្លែងថា តាមធម្មតាទូATMមានការបំពាក់កាមេរ៉ា និងមានប្រព័ន្ធការពារ 24ម៉ោងរួចទៅហើយនៅតាមធនាគារនីមួយៗ ប៉ុន្តែករណីបំផ្ទុះទូ ATM នេះវាហួសពីសមត្ថភាពកាមេរ៉ាឬ សមត្ថកិច្ចអាចគ្រប់គ្រងបាន ព្រោះករណីនេះធ្លាប់កើតមាននៅប្រទេសម៉ាឡេស៊ី និងប្រទេសថៃរួចមកហើយមុនកើតមាននៅកម្ពុជា។
លោកបន្តថា “យើងតែងតែធ្វើការជាមួយអាជ្ញាធរ ប៉ុន្តែការដាក់គ្រាប់បែកឬគ្រឿងបំផ្ទុះជារឿងលំបាក ព្រោះពេលយើងដើរចេញគេអាចដាក់នៅពេលយើងមិននៅ ហើយយើងក៏មិនអាចដាក់សន្តិសុខឱ្យយាម 24ម៉ោងប្រចាំការនៅតាមទូនីមួយៗបានដែរ”៕