សារព័ត៌មាន Bloomberg បានស្រាវជ្រាវឃើញថា ទ្រព្យសរុបរបស់បណ្ដាមហាសេដ្ឋីក្នុងវិស័យរថយន្តអគ្គិសនី បានកើនឡើងជាង 140ពាន់លានដុល្លារអាមេរិក ក្នុងនោះ ម្ចាស់ក្រុមហ៊ុន Tesla រកបានចំណូល 111ពាន់លានដុល្លារនៅក្នុងឆ្នាំ 2020។
2020 គឺជាឆ្នាំដែលមហាសេដ្ឋី Elon Musk ទទួលបានដំណឹងល្អជាបន្តបន្ទាប់។ ប៉ុន្មានថ្ងៃបន្ទាប់ពីបានក្លាយជាអ្នកមានជាងគេលំដាប់ទីពីរក្នុងពិភពលោក ជាមួយនឹងទ្រព្យសរុប 139ពាន់លានដុល្លារអាមរិក លោក Musk ក៏បានក្លាយជាម្ចាស់ក្រុមហ៊ុនមួយដែលស្ថិតក្នុងសន្ទស្សន៍ S&P 500 (សន្ទស្សន៍ដែលស្ដីអំពីក្រុមហ៊ុនដែលមានតម្លៃទុនច្រើនជាងគេទាំង 500 នៅក្នុងពិភពលោក) នៅពេលដែល Tesla ត្រូវបានបញ្ចូលឈ្មោះទៅក្នុងសន្ទស្សន៍នេះ។
ប៉ុន្តែ CEO របស់ Tesla មិនមែនជាអ្នកជំនួញតែម្នាក់គត់ក្នុងវិស័យផលិតរថយន្តអគ្គិសនីដែលទទួលបានជោគជ័យត្រចះត្រចង់ក្នុងឆ្នាំ 2020នេះទេ។ យោងតាមស្ថិតិរបស់ Bloomberg មានគូប្រជែងមួយចំនួនរបស់ Tesla ថែមទាំងរកបានចំណូលលឿនជាងលោក Elon Musk ទៀតផង។
William Li ស្ថាបនិករបស់ក្រុមហ៊ុន Nio រកបានទ្រព្យច្រើនជាងមុន 12ដង ដោយសារតម្លៃមូលបត្រដែលលោកកំពុងកាន់កាប់នៅក្នុងក្រុមហ៊ុនផលិតរថយន្តអគ្គិសនីនេះ (កំពុងបោះផ្សាយមូលបត្រនៅសហរដ្ឋអាមេរិក) កំពុងបន្តកើនឡើងយ៉ាងឆាប់រហ័ស។ នេះគឺជាមហាសេដ្ឋីដែលមានទ្រព្យកើនឡើងលឿនជាងគេបង្អស់នៅក្នុងចំណោមក្រុមអ្នកមានជាងគេទាំង 500នាក់ក្នុងពិភពលោក។
ទ្រព្យសុទ្ធរបស់ He Xiaopeng ដែលជាប្រធានក្រុមហ៊ុន Xpeng Inc ក៏កើនឡើងជាង 600% ផងដែរ។ ទ្រព្យសម្បត្តិសរុបរបស់បណ្ដាមហាសេដ្ឋីផ្នែកផលិតរថយន្តអគ្គិសនី ត្រូវបាន Bloomberg រកឃើញថា បានកើនឡើងជាង 140ពាន់លានដុល្លារអាមេរិក ក្នុងនោះ ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីជនជាតិអាមេរិកាំងដើមកំណើតអាហ្វ្រិកខាងត្បូង លោក Elon Musk បានកើនឡើង 111ពាន់លានដុល្លារ។
General Motors គឺជាក្រុមហ៊ុនផលិតរថយន្តដែលមានផែនការបញ្ចេញរថយន្តអគ្គិសនីថ្មីចំនួន 30ម៉ូដែល នៅក្នុងឆ្នាំ 2025 ហើយប្រការនេះក៏បានជួយឱ្យមូលបត្ររបស់ក្រុមហ៊ុននេះ លោតឡើងដល់ចំណុចកំពូលបំផុតក្នុងអំឡុង 3ឆ្នាំកន្លងមកនេះ។
បណ្ដាគូប្រជែងរបស់លោក Musk រកបានប្រាក់ចំណេញកើនឡើងលឿនជាង ប៉ុន្តែ លោក Musk នៅតែជាអ្នកដែលរកបានប្រាក់ច្រើនជាងគេបង្អស់ក្នុងឆ្នាំនេះ ដោយសារអត្រាកើនឡើង 580% នៃមូលបត្រ Tesla រាប់ចាប់ពីដើមឆ្នាំរហូតមកដល់បច្ចុប្បន្ន។ តាមពីក្រោយ Elon Musk គឺជាអ្នកមានជាងគេលំដាប់ទីពីរក្នុងវិស័យផលិតរថយន្តអគ្គិសនី នោះគឺ Wang Chuan-Fu ដែលជាស្ថាបនិករបស់ BYD។ ទ្រព្យរបស់លោក Wang បានកើនឡើងច្រើនជាងមុនបីដង ដែលនាំឱ្យទ្រព្យសរុបរបស់លោក បានឡើងដល់ 14ពាន់លានដុល្លារអាមេរិក៕
ប្រភព៖ Bloomberg