សម្រាប់អ្នកដែលមិនធ្លាប់មានបទពិសោធក្នុងការរចនាម៉ូដផ្ទះ និងគូសប្លង់ផ្ទះ អាចគិតថាជារឿងមួយដែលលំបាកខ្លាំងណាស់ ព្រោះក្រៅពីត្រូវនឹកដល់ភាពស្រស់ស្អាត និងហ្វាំងស្សិនការប្រើការហើយនោះ នៅត្រូវនឹកដល់តម្លៃការចាយវាយដែលគួរឱ្យឈឺក្បាលវិលមុខទៀតផង ដូច្នេះសម្រាប់អ្នកដែលកំពុងចង់រចនាម៉ូដផ្ទះដោយខ្លួនឯង និងកំពុងសម្លឹងរកមើលកម្លាំងជំរុញចិត្តនោះ លេខនេះឡារ៉ែនសូមរៀបរាប់ជាបន្តនូវគន្លឹះល្អៗពាក់ព័ន្ធនឹងការរចនាម៉ូដផ្ទះយ៉ាងមានប្រសិទ្ធភាពចាប់ពីចំណុចទី5 ដែលបន្តពីលេខមុន មកជម្រាបជូនជាបញ្ចប់ដូចខាងក្រោម៖
5-កំណត់ថវិកាឱ្យច្បាស់លាស់
បញ្ហាមួយទៀតរបស់ការតុបតែងផ្ទះដែលមនុស្សជាច្រើនតែងជួបនោះគឺ ទិញអីវ៉ាន់ចូលផ្ទះជក់ដៃ រហូតដល់លើសថវិកាកំណត់។ ដោយសារតែចង់បានសឹងតែទាំងអស់ រឹតតែដើររក រឹតតែជួបរបស់ដែលត្រូវចិត្ត ដូច្នេះគួរកំណត់ថវិកាដែលនឹងចំណាយឱ្យបានច្បាស់លាស់ និងព្យាយាមគ្រប់គ្រងឱ្យនៅក្នុងរង្វង់ទឹកប្រាក់ដែលបានកំណត់ទុកនោះ។ ការពារកុំឱ្យការចំណាយថវិការីកធំ
ឬអាចចំណាយលើសបាន តែត្រឹមតែបន្តិចបន្តួច មិនច្រើនរហូតជ្រុលពេក។ អ្វីដែលសំខាន់ គឺកុំភ្លេចធ្វើបញ្ជីទុកផង ដើម្បីឱ្យបានដឹងថា បានចំណាយទៅលើអ្វីខ្លះ និងអាចកាត់បន្ថយត្រង់ណា ដើម្បីសន្សំសំចៃបានថែមទៀត។
6-សួរយោបល់ពីអ្នកដឹង
ទាំងអស់នេះ គឺដើម្បីកាត់បន្ថយបញ្ហាដែលនឹងកើតឡើងនៅពេលក្រោយ។ គួរប្រឹក្សា ឬសួរយោបល់ពីអ្នកដែលស្ថិតនៅក្នុងពិភពរចនាម៉ូដផ្ទះ អាចជាមនុស្សដែលធ្លាប់ស្គាល់ដែលមានបទពិសោធ ឬអ្នកជំនាញ ដូចជាស្ថាបត្យករ វិស្វករ ឬអ្នកជំនាញខាងតុបតែងខាងក្នុង ជាដើម ព្រោះពួកគេទាំងនោះ មានចំណេះដឹងបែបស៊ីជម្រៅ អាចផ្ដល់ការប្រឹក្សា និងការណែនាំបានគ្រប់ជ្រុងជ្រោយ រួមទាំងការកែសម្រួល និងកែខៃចំណុចមិនសមប្រកបផ្សេងៗ ដើម្បីឱ្យផ្ទះកាន់តែស័ក្តិសមនឹងក្រុមគ្រួសាររបស់យើង និងកាន់តែគួរឱ្យចង់ស្នាក់នៅទៀតផង។
7-ជឿលើសញ្ជាតិញាណរបស់ខ្លួនឯងខ្លះផង
ដោយសារតែការរចនាម៉ូដផ្ទះ គ្មានការខុស ហើយក៏គ្មានត្រូវដែរនោះ ដូច្នេះហើយទើបអ្វីដែលសំខាន់នោះគឺ ភាពស័ក្តិសម និងតម្រូវការ។ ក្រៅពីវិធីការរចនាម៉ូដដែលបានរៀបរាប់មកហើយនោះ យើងក៏មិនចាំបាច់ត្រូវតែធ្វើតាមឱ្យដូចប៉ាច់ៗគ្រប់ចំណុចនោះដែរ។ រឿងមួយចំនួនអាចនឹងមើលទៅក្រៅតម្រាខ្លះ តែបើបានសាកល្បងពិចារណាមើលហើយថា វាជាអ្វីដែលយើងស្រឡាញ់ចូលចិត្ត និងចូលគ្នានឹងលក្ខណៈការរស់នៅប្រចាំថ្ងៃរបស់ខ្លួននោះ ចូរជឿលើសញ្ជាតិញាណ និងធ្វើតាមតម្រូវការរបស់ខ្លួនឯងចុះ ឬអាចនិយាយបានយ៉ាងងាយស្ដាប់ថា បើមានអារម្មណ៍ថា ត្រូវ ក៏គឺត្រូវហើយ មិនចាំបាច់ត្រូវពឹងផ្អែកទៅតាមអ្នកណា ឬតាមក្បួនតម្រាសាងសង់ផ្ទះតាមចិត្តអ្នកណាម្នាក់ឡើយ។
ការរចនាម៉ូដផ្ទះមានច្រើនបច្ច័យណាស់ដែលពាក់ព័ន្ធ ដូច្នេះក្រៅពីរឿងការតុបតែងដែលស្រស់ស្អាតតាមចំណូលចិត្តហើយនោះ ចូរកុំភ្លេចនឹកដល់ចំនួនសមាជិកក្នុងផ្ទះ លក្ខណៈការរស់នៅប្រចាំថ្ងៃរបស់ម្នាក់ៗ រួមទាំងភាពងាយស្រួលរស់នៅផ្សេងៗផង ដើម្បីឱ្យផ្ទះ ក្លាយជាផ្ទះដែលគួរឱ្យស្នាក់នៅយ៉ាងពិតប្រាកដ និងដើម្បីកុំឱ្យតាមកែកុននៅពេលក្រោយហ្នឹងឯង៕