លោក Antonio Conte អ្នកចាត់ការទូទៅរបស់ក្លិប Chelsea បានទទួលស្គាល់ថា អាចនឹងមានរយៈពេលជាច្រើនឆ្នាំទៀតមុនពេលក្រុមរបស់លោកមានសមត្ថភាពក្នុងការគ្រប់គ្រងទាំងការប្រកួតក្នុងផ្ទះខ្លួនឯង និងយុទ្ធនាការក្រៅប្រទេស។
បើទោះបីលោក Conte បានឈ្នះពានក្របខ័ណ្ឌ Premier League ក្នុងរដូវកាលជាលើកទី1របស់គាត់ជាមួយនឹង Chelsea ក៏ដោយ ប៉ុន្តែគ្រូបង្វឹកនៃក្រុមតោខៀវរូបនេះបានអះអាងថា ក្រុមម្ចាស់ជើងឯកមួយនេះនៅតែខ្វះនូវមូលដ្ឋានផ្សេងៗដែលត្រូវការជាចាំបាច់ដើម្បីប្រជែងដណ្តើមពានធំៗជារៀងរាល់ឆ្នាំ។
ជាមួយនឹងការស្ថិតក្រោមសម្ពាធក្រោយពីក្រុម Chelsea បានចាប់ផ្តើមទាំងការខកចិត្តនៅរដូវកាលនេះ លោក Conte បានផ្ញើសារដ៏ជាក់លាក់មួយទៅកាន់លោក Roman Abramovich ដែលជាម្ចាស់កម្មសិទ្ធិរបស់ក្លិប Chelsea ខណៈដែលគ្រូបង្វឹករូបនេះបានបង្ហាញពីរបៀបដែលលោក Mauricio Pochettino ត្រូវបានផ្តល់ពេលវេលាឲ្យក្នុងការផ្លាស់ប្តូរក្រុម Tottenham ឲ្យទៅជាគូប្រជែងដណ្តើមពានអស់រយៈពេលជាច្រើនរដូវកាលកន្លងមកនេះ។ លោក Conte ដែលក្រុមរបស់លោកនឹងត្រូវធ្វើដំណើរទៅប្រកួតជាមួយនឹងក្រុម Tottenham នាកីឡដ្ឋាន Wembley កាលពីថ្ងៃអាទិត្យនោះជឿជាក់ថា លោកត្រូវការពេលវេលាដូចគ្នានេះមុនពេលក្រុម Chelsea មានសមត្ថភាពគ្រប់គ្រងទាំងក្នុងក្របខ័ណ្ឌ Premier League និង Champions League។ លោក Conte បានឲ្យដឹងថា៖ «ក្រុម Tottenham បានចាប់ផ្តើមធ្វើការជាមួយនឹងលោក Pochettino កាលពី3ឆ្នាំមុន។ គ្រូបង្វឹករូបនេះមានពេលវេលាគ្រប់គ្រាន់ក្នុងការធ្វើការជាមួយនឹងកីឡាករដដែលៗ និងដើម្បីព្យាយាមបង្កើនស្ថានភាពនេះ»។
គ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះបានបន្ថែមទៀតថា៖ «សម្រាប់រាល់គ្រូបង្វឹកទាំងអស់ វាពិតជាសំខាន់ណាស់ក្នុងការមាននិរន្តរភាពនេះ។ នៅពេលដែលអ្នកមកដល់ក្លិបមួយ អ្នកមិនដឹងពីអ្វីដែលអ្នកនឹងរកឃើញឡើយ»។ ការប្រកួតនៅរាត្រីថ្ងៃអាទិត្យនេះ នឹងចាប់ផ្តើមនៅម៉ោង10យប់៕
ការជួបគ្នា3លើកចុងក្រោយរវាងក្រុមទាំងពីរ
23.04.17 Chelsea 4-2 Tottenham
05.01.17 Tottenham 2-0 Chelsea
27.11.16 Chelsea 2-1 Tottenham
ប្រភពពី៖ Sport24