និយតករទូរគមនាគមន៍កម្ពុជាបានកោះអញ្ជើញប្រតិបត្តករទូរស័ព្ទចល័តទាំង 7 រួមមានក្រុមហ៊ុនស្មាត សែលកាត មិត្តហ្វូន CADCOMMS, Seatel, EMAXX និង CooTel មករំឭកឡើងវិញនូវសារាចរណែនាំអន្តរក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងមហាផ្ទៃ និងច្បាប់ស្តីពីទូរគមនាគមន៍ ដោយទុកឱសានវាទត្រឹមថ្ងៃទី1 ខែកញ្ញាត្រូវបញ្ឈប់ឱ្យអស់នូវការលក់ ឬចែកចាយស៊ីមកាតទូរស័ព្ទចល័តដោយមិនយកអត្តសញ្ញាណបណ្ណ ឬឯកសារសម្គាល់អត្តសញ្ញាណពីអ្នកទិញ ឬជួលជាវស៊ីមកាតទូរស័ព្ទចល័ត។
កិច្ចប្រជុំនេះ ដឹកនាំដោយនិយតករទូរគមនាគមន៍កម្ពុជា អគ្គស្នងការនគរបាលជាតិនៃក្រសួងមហាផ្ទៃ និងអគ្គាធិការដ្ឋាននៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រោមអធិបតីភាពឯ.ឧ ម៉ូវ ចរិយា ប្រធាន ន.ទ.ក។ ការលក់ស៊ឹមកាត់ដោយគ្មានឯកសារទាំងនោះគឺជាបុព្វហេតុនាំឱ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ និង សន្តិសុខជាតិ និងមិនអាចរកមុខជនប្រព្រឹត្តឃើញ។
និយតករទូរគមនាគមន៍កម្ពុជា កំណត់ឱ្យក្រុមហ៊ុនទាំងនោះត្រូវបញ្ឈប់ទាំងស្រុងនូវការបើកឱ្យដំណើរមុនរាល់ស៊ឹមកាតមិនទាន់លក់ឬចែកចាយ (Pre-Active) និងហាមបើកឱ្យដំណើរការនៅពេលអ្នកទិញ ឬអ្នកចែកចាយបន្តមិនមានអត្តសញ្ញាណបណ្ណ ឬឯកសារសម្គាល់អត្តសញ្ញាណត្រឹមត្រូវត្រឹមថ្ងៃទី1 ខែកញ្ញាឆ្នាំ 2017។ ក្រុមហ៊ុនទាំងទូរស័ព្ទទាំងអស់ត្រូវធ្វើលិខិតជាលាយលក្ខណ៍អក្សរធានាថា ខ្លួនពិតជាអនុវត្តបាន100% តាមការកំណត់នេះ។ ចាប់ពីថ្ងៃទី1 ខែកញ្ញាឆ្នាំ 2017 និយតករទូរគមនាគមន៍កម្ពុជានឹងអនុវត្តតាមច្បាប់ដោយមិនយោគយល់ឡើយ៕