ក្លិបហង្សក្រហម Liverpool បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនម្តងទៀតដើម្បីរក្សាទុក Philippe Coutinho តាមរយៈការច្រានចោលសំណើមួយដែលមានតម្លៃខ្លួន130លានអឺរ៉ូ (ស្មើនឹង153លានដុល្លារអាមេរិក) ពីក្លិប Barcelona សម្រាប់ខ្សែបម្រើអន្តរជាតិប្រេស៊ីលដ៏មានឥទ្ធិពលរូបនេះ។
ការព្យាយាមជាលើកទី3របស់ក្លិប Barcelona ក្នុងការនាំយក Coutinho ពីកីឡដ្ឋាន Anfield បានផ្តល់តម្លៃខ្លួនជាគោល90លានអឺរ៉ូ និងប្រាក់ឧបត្ថម្ភផ្សេងៗចំនួន40លានអឺរ៉ូផ្សេងទៀត ពោលគឺបង្កើនតម្លៃខ្លួន5លានអឺរ៉ុប និងប្រាក់ឧបត្ថម្ភផ្សេង25លានអឺរ៉ូទៅលើដំណើការកាលពីមុនរបស់ពួកគេ។ ក្លិបរបស់អេស្ប៉ាញមួយនេះ បានដាក់សំណើដេញថ្លៃជាលើកទី3ហើយកាលពីថ្ងៃសុក្រ ក្រោយពីទទួលបានការលើកទឹកចិត្តដោយការដាក់សំណើសុំផ្ទេររបស់ Coutinho វ័យ25ឆ្នាំ ទៅកាន់ប្រធានក្លិបផ្នែកកីឡារបស់ក្លិប Liverpool គឺលោក Michael Edwards កាលពីរយៈពេល1សប្តាហ៍មុន។ ការស្នើសុំផ្ទេររបស់ Coutinho បានកើតឡើង ក្រោយពីមានការប្រកាសមួយពីក្រុមហ៊ុន Fenway Sports Group ដែលជាម្ចាស់ក្លិប Liverpool ថា តារាឆ្នើមរូបនេះនឹងបន្តនៅកីឡដ្ឋាន Anfield និងមិនចាកចេញក្នុងពេលបើកទីផ្សារដោះដូរកីឡាករក្នុងពេលនេះឡើយ។ ប៉ុន្តែ ការព្យាយាមរបស់គេក្នុងការបង្ខំឲ្យមានការផ្ទេរ ក៏ដូចជាការដាក់សំណើកាលពីពេលថ្មីៗនេះរបស់ក្លិបមានមូលដ្ឋាននៅកីឡដ្ឋាន Camp Nou មិនបានផ្លាស់ប្តូរជំហររបស់ក្រុមហ៊ុន Fenway Sports Group ក្នុងការរក្សាទុកខ្សែបម្រើអន្តរជាតិប្រេស៊ីលរូបនេះឡើយ។ បើទោះបី Coutinho បានដាក់សំណើសុំផ្ទេរចេញ និងក្រោយពីក្លិប Barcelona បានដាក់សំណើដេញថ្លៃ2លើកហើយក៏ដោយ ក៏ក្លិប Liverpool បានឆ្លើយចំពោះសំណើកាលពីថ្ងៃសុក្រជាមួយនឹងការច្រានចោលភ្លាមៗមួយផ្សេងទៀតដែរ៕
ប្រភពព័ត៌មាន៖ The Guardian