តារាសម្ដែង កញ្ញា អឿន រូហ្សា ដែលទស្សនិកជនភាគច្រើនស្គាល់ថាជាតួអង្គទេពធីតាព្កុលមាសនោះ បច្ចុប្បន្ននេះហាក់មានប្រជាប្រិយភាពជាខ្លាំង តាមរយៈបង្ហាញវត្តមានជាលើកដំបូងក្នុងរឿងភាគខ្មែររបស់ស្ថានីយទូរទស្សន៍ CTN សម្តែងជាតួឯកស្រី «ទេពធីតាព្កុលមាស»។ តារាសម្តែងពន្លកថ្មីដួងនេះ មានទេពកោសល្យសិល្បៈមិនធម្មតានោះទេ ព្រោះនាងធ្វើឱ្យទស្សនិកជនកោតសរសើរគ្រប់គ្នា តាមរយៈសម្តែងក្នុងរឿងភាគខ្មែរបែបបុរាណខាងលើ ត្បិតនេះជាបទពិសោធន៍លើកទី១ ក្នុងវិស័យភាពយន្តក្តី។
បន្ទាប់ពីក្តោបបានប្រជាប្រិយភាពពីតំណែងតួឯកស្រីហើយនោះ តារាសម្តែងរូបនេះ កំពុងមានរាសី ដោយបន្តក្តោបបានតំណែងតួឯកស្រីក្នុងភាពយន្តភាគខ្នាតធំថ្មីមួយទៀតរបស់អ្នកនិពន្ធ និងដឹកនាំជើងចាស់ អ្នកស្រី ពាន់ ភួងបុផ្ផា។ អឿន រ៉ូហ្សា ទទួលតំណែងតួឯកស្រី «រាម» ដែលជាភាពយន្តល្បីល្បាញខ្លាំងកាលពីជាង១០ឆ្នាំ។ រឿងនេះ ពន្លកថ្មីដូច រ៉ហ្សា នឹងត្រូវប៉ះជាមួយតារាសម្តែង និងជាពិធីករម្នាក់កំពុងមានប្រជាប្រិយភាព ពៅ ពិសិដ្ឋ។ ដោយជឿជាក់លើសាច់រឿង និងស្នាដៃផលិតភាពយន្តរបស់អ្នកនិពន្ធជើងចាស់ ពាន់ ភួងបុផ្ផា រួមទាំងសម្តែងប៉ះសិល្បកររៀមច្បងដូចកម្លោះសង្ហា ពៅ ពិសិដ្ឋ ធ្វើឱ្យតារាសម្តែងពន្លកថ្មីរូបនេះ រំពឹង និងជឿជាក់ថារឿងនេះនឹងធ្វើឲ្យប្រជាប្រិយភាពកញ្ញាមានការកើនឡើងនៅពេលចាក់បញ្ចាំងនាពេលខាងមុខ។
កញ្ញា អឿន រ៉ូហ្សា ជាតារាសម្តែងចំនូលថ្មីម្នាក់ដ៏មានទេពកោសល្យ។ ប្រឡូកសិល្បៈប្រមាណ២ឆ្នាំ រ៉ូហ្សា សម្តែងបានភាពយន្តភាគទូរទស្សន៍១ប៉ុណ្ណោះ ទើបរឿងនេះជាស្នាដៃទី២របស់កញ្ញាក្នុងវិស័យភាពយន្ត។ ក្រៅពីភាពយន្តភាគខ្នាតធំនេះ តារាសម្តែងរូបស្រស់នេះ ក៏កំពុងមមាញឹកការងារផ្សេងៗទៀតដែរ មានទាំងភាពយន្តដែលកំពុងចចារ និងការថតស្ពត ជាដើម។ ដោយឡែក ទីផ្សារថតវីដេអូចម្រៀង MV វិញនោះ រ៉ូហ្សា មិនមានច្រើនឡើយ ហើយទៅថ្ងៃមុខ តួឯកស្រីរូបនេះ ចង់ចាប់អាជីពពិធីការនី និងតារាចម្រៀងបន្ថែមពីលើអាជីពតារាសម្តែងដែលកំពុងមានស្រាប់នៅពេលនេះ។