Ross Bernards ដែលជាជាងថតរូបម្នាក់ បានឱ្យដឹងថា គាត់បានឃើញបង្គោលលោហធាតុអាថ៌កំបាំងនៅកណ្ដាលសមុទ្រខ្សាច់នៃរដ្ឋ Utah ត្រូវបានមនុស្ស 4 នាក់ គាស់យកពីកន្លែងដើម។
Bernards និយាយថា កាលពីថ្ងៃទី 27 វិច្ឆិកា គាត់រួមនឹងមិត្តចំនួន 3 នាក់ បានបើករថយន្តរយៈពេល 6 ម៉ោង ពីរដ្ឋ Colorado ទៅកាន់រដ្ឋ Utah ដើម្បីពិនិត្យមើលបង្គោលលោហធាតុនេះ។ ក្រោយពីទៅដល់ទីតាំងនៅវេលាម៉ោងជិត 21 យប់ និងបានថតរូបរួចរាល់ ក៏ស្រាប់តែមានបុរសមួយក្រុមបង្ហាញខ្លួន។
មនុស្សម្នាក់ក្នុងក្រុមនោះ បានស្នើឱ្យថតរូប មុននឹងពួកគេចាប់ផ្ដើមរុញច្រានបង្គោលទៅមកដើម្បីលើកវាចេញពីដី។ ក្រោយរយៈពេលប្រហែល 10-15នាទី បង្គោលនេះក៏រលំ បង្កើតបានជាសំឡេងមួយយ៉ាងធំ។ ក្រុមមនុស្សនេះ បន្ទាប់មកក៏បានដោះបំបែកបង្គោលនេះជាបំណែក និងដាក់វាឡើងរទេះមួយ រួចបរចេញទៅ។
«នៅពេលក្រុមមនុស្សនេះបាននាំយកបង្គោលនេះចេញទៅ សមាជិកខ្លះរបស់ពួកគេបានរំឭកថា មិនត្រូវទុកដានអ្វីនៅទីនេះទេ» Bernards រៀបរាប់ដូច្នេះ។
Bernards មិនហ៊ានប្រើប្រាស់កាមេរ៉ាធំដើម្បីថតរូបពួកនេះទេ ដោយសារខ្លាចពួកនេះមានអាវុធ។ ប៉ុន្តែ មិត្តម្នាក់របស់ Berbards គឺ Michael James Newlands ថតបានរូបភាពមួយចំនួនដោយប្រើទូរស័ព្ទដៃ។
Bernards ជឿថា ក្រុមមនុស្ស 4 នាក់ខាងលើនេះ មិនមែនជាអ្នកដែលបានកប់បង្គោលអាថ៌កំបាំងនេះទេ ហើយពួកគេលួចយកវាទៅក៏ព្រោះតែមើលឃើញថា វា «ទើសភ្នែក និងប៉ះពាល់ដល់សោភ័ណភាព» នៅទីនេះ។ ព្រោះថា ចាប់តាំងពីបានប្រទះឃើញបង្គោលនេះ មានរថយន្តរាប់សិបគ្រឿង និងមនុស្សជាច្រើនមកកាន់ទីនេះ។
«នោះគឺជាមូលហេតុដែលមិនគួរទុកសំរាមនៅលើសមុទ្រខ្សាច់» Bernards រៀបរាប់អំពីសម្ដីរបស់សមាជិកម្នាក់នៃក្រុមមនុស្សខាងលើ។
Bernards និយាយថា គាត់និងមិត្តរបស់គាត់ ក៏មិនបានព្យាបាលរារាំងសកម្មភាពរបស់ក្រុមមនុស្សនេះដែរ ព្រោះពួកនេះបានប្ដេជ្ញាយកបង្គោលនេះឱ្យខាងតែបាន។ «យើងមិនដឹងថា ពួកគេជាអ្នកណាទេ ហើយយើងក៏មិនបានធ្វើអ្វីដើម្បីរារាំងពួកគេដែរ។ ពួកគេទៅទីនោះគឺគ្រាន់តែដើម្បីទម្លាក់បង្កោលនេះតែប៉ុណ្ណោះ ហើយវាហាក់ដូចជាភារកិច្ចរបស់ពួកគេអីចឹង»។
គួររំឭកថា ក្រុមបុគ្គលិកនៅអង្គភាពសុវត្ថិភាពសាធារណៈនៃរដ្ឋ Utah (DPS) សហរដ្ឋអាមេរិក កាលពីថ្ងៃទី18វិច្ឆិកា បានប្រើប្រាស់ឧទ្ធម្ភាគចក្រជួយដល់នាយកដ្ឋានការពារធនធានសត្វព្រៃ ដើម្បីរាប់សត្វចៀមស្នែងធំនៅលើសមុទ្រខ្សាច់ភាគអាគ្នេយ៍របស់រដ្ឋនេះ។ ពួកគេស្រាប់តែបានប្រទះឃើញវត្ថុមួយដែលដូចទៅនឹងដុំថ្មអាថ៌កំបាំងដែលមាននៅក្នុងខ្សែភាពយន្តរឿង “2001: A Space Odyssey” ផលិតឆ្នាំ 1968។
កាលពីថ្ងៃទី 27 វិច្ឆិកា នាយកដ្ឋានគ្រប់គ្រងដីធ្លីនៃរដ្ឋ Utah បានប្រកាសថា បង្គោលនេះបានបាត់ខ្លួន និងសង្ស័យថា មានមនុស្សលួចគាស់យកទៅនៅពេលយប់៕
ប្រភព៖ Guardian