សារព័ត៌មានក្នុងស្រុកបានឱ្យដឹងថា បង្គោលលោហធាតុមិនមានម្ចាស់កម្មសិទ្ធិដែលត្រូវបានគេប្រទះឃើញនៅលើចង្កេះភ្នំមួយនៃប្រទេសរូម៉ានី បានបាត់ខ្លួនយ៉ាងអាថ៌កំបាំងជាទីបំផុតកាលពីថ្ងៃទី 30វិច្ឆិកា។
បង្គោលលោហធាតុដែលមានរាងត្រីកោណ ភ្លឺរលោងនេះ ត្រូវបានប្រទះឃើញកាលពីថ្ងៃទី 26 វិច្ឆិកា នៅក្បែរបន្ទាយ Petrodava Dacian ជាទីតាំងបុរាណមួយនៅក្នុងទីក្រុង Piatra Neamt នៃប្រទេសរូម៉ានី។ យោងតាមស្ថានីយវិទ្យុ Juranl FM មានសាក្សីជាច្រើនបានឃើញ «ពន្លឺដ៏ចម្លែក» ដែលកើតមាននៅតំបន់ដែលគេរកឃើញបង្គោលអាថ៌កំបាំងនោះ។
បង្គោលលោហធាតុដែលមានកម្ពស់ជិត 4 ម៉ែត្រ និងបែរមុខទៅរកភ្នំ Ceahlau ដែលជាអច្ឆរិយវត្ថុធម្មជាតិ 1 ក្នុងចំណោម 7 របស់ប្រទេសរូម៉ានី និងត្រូវបានប្រជាជនហៅថា «ភ្នំទេព»។ អាជ្ញាធររបស់ប្រទេសនេះ មិនទាន់ដឹងថា បង្គោលនេះមានប្រភពពីណានៅឡើយ ធ្វើឱ្យមានពាក្យចចាមអារ៉ាមជាច្រើននិយាយអំពីវា ដោយអ្នកខ្លះបានដាក់សំណួរថា «តើវាជាអ្វីឱ្យពិតប្រាកដ? ហេតុអ្វីបានជាវាអាចបង្ហាញខ្លួននៅទីនោះ?» ឬថា «ហេតុអ្វីបានជាបាត់ខ្លួនភ្លាមៗ បន្ទាប់ពីត្រូវបានប្រទះឃើញ?»។
ទាក់ទងនឹងរឿងចម្លែកនេះដែរ កាលពីថ្ងៃទី 18 វិច្ឆិកា បង្គោលលោហធាតុអាថ៌កំបាំងមួយដែលមានកម្ពស់ប្រហែល 3.6 ម៉ែត្រ ក៏ត្រូវបានប្រទះឃើញនៅក្នុងតំបន់សមុទ្រខ្សាច់នៃរដ្ឋ Utah សហរដ្ឋអាមេរិក ប៉ុន្តែ វាបានបាត់ខ្លួនពីកន្លែងកើតហេតុទៅហើយ។ នាយកដ្ឋានគ្រប់គ្រងដីធ្លីរបស់រដ្ឋ Utah ឱ្យដឹងថា បង្គោលនេះត្រូវបានមនុស្សមួយក្រុមដែលគេមិនទាន់ស្គាល់អត្តសញ្ញាណ បានលួចយកបង្គោលនេះកាលពីយប់ថ្ងៃទី 27 វិច្ឆិការ។
មកដល់បច្ចុប្បន្ន មិនទាន់មានអ្នកណាម្នាក់ចេញមុខមកអះអាងថា ជាម្ចាស់កម្មសិទ្ធិនៃបង្គោលលោហធាតុដ៏អាថ៌កំបាំងនេះនៅឡើយ៕
ប្រភព៖ Fox News