បង្គោលលោហធាតុដែលមិនមានម្ចាស់មួយផ្សេងទៀត ត្រូវបានគេប្រទះឃើញនៅប្រទេសរូម៉ានី មុនការបាត់ខ្លួនរបស់បង្គោលលោហធាតុនៅសមុទ្រខ្សាច់អាមេរិកមួយថ្ងៃ។
កាលពីថ្ងៃទី 26វិច្ឆិកា បង្គោលលោហធាតុដែលមានរាងត្រីកោណ និងរលើបរលោងថ្មីមួយ ត្រូវបានប្រទះឃើញស្ថិតនៅមិនឆ្ងាយប៉ុន្មានពីបន្ទាយ Petrodava Dacian ដែលជាទីតាំងបុរាណមួយនៅទីក្រុង Piatra Neamt ប្រទេសរូម៉ានី។
បង្គោលនេះមានកម្ពស់ជិត 4ម៉ែត្រ និងមានជ្រុងមួយបែរទៅរកភ្នំ Ceahlau ដែលជាអច្ឆរិយវត្ថុធម្មជាតិមួយក្នុងចំណោម 7 របស់ប្រទេសរូម៉ានី ដែលត្រូវបានប្រជាជនក្នុងតំបន់ប្រសិទ្ធនាមថាជាភ្នំទេព។ អាជ្ញាធររបស់ប្រទេសនេះ មិនទាន់ដឹងច្បាស់អំពីប្រភពរបស់បង្គោលនេះនៅឡើយ។
ការប្រទះឃើញបង្គោលលោហធាតុនៅរូម៉ានីនេះ បានកើតឡើងនៅក្នុងគ្រាដែលបង្គោលលោហធាតុអាថ៌កំបាំងនៅក្នុងរដ្ឋ Utah នៃសហរដ្ឋអាមេរិក បានបាត់ខ្លួន ដោយពុំទាន់ដឹងអំពីមូលហេតុ។ បង្គោលដែលមានកម្ពស់ប្រហែល 3.6ម៉ែត្រនេះ ត្រូវបានក្រុមមន្ត្រីនៅ Utah ប្រទះឃើញកាលពីថ្ងៃទី 18វិច្ឆិកា ពេលកំពុងហោះហើរដើម្បីរាប់សត្វចៀមស្នែងធំនៅក្នុងតំបន់។
ក្រោយមក នៅថ្ងៃទី 27វិច្ឆិកា បង្គោលនេះក៏ស្រាប់តែបានបាត់ខ្លួនពីទីតាំងដើម។ គេសង្ស័យថា វាអាចត្រូវបានជនណាម្នាក់លួចគាស់យកទៅនៅពេលយប់។
មកដល់ពេលនេះ ពុំទាន់មានអ្នកណាម្នាក់ចេញមុខមកអះអាងថាជាទ្រព្យរបស់ខ្លួននៅឡើយ៕
ប្រភព៖ New York Post