បន្ទាប់ពីមានដំណឹងលេចឮមួយរយៈមកថា សួនកម្សាន្ត តូក្យូ ឌីស្នីលែនដ៍ មានផែនការចង់ជប់និម្មិតទីតាំងថ្មីចេញពីខ្សែភាពយន្តគំនូរជីវចលរឿង “Beauty and the Beast” ឬជាភាសាខ្មែរថា “ទេពអប្សរ និងព្រះអង្គម្ចាស់សត្វកំណាច” រួចមក ថ្ងៃនេះប្រទេសជប៉ុនក៏បានប្រកាសថ្ងៃបើកបម្រើសេវាកម្មសួនកម្សាន្តមួយនេះហើយ ដោយប្រើឈ្មោះថា “New Fantasyland” ដែលត្រៀមរួចរាល់ក្នុងការទទួលភ្ញៀវទេសចរនៅថ្ងៃទី15 ខែមេសា ឆ្នាំ2020 ដែលជាថ្ងៃគម្រប់ខួប 37ឆ្នាំរបស់សួនកម្សាន្ត តូក្យូ ឌីស្នីលែនដ៍ ទៀតផង។
“New Fantasyland” គឺជាផ្នែកតពង្រីកពីទីតាំង Fantasyland ដោយសាងសង់ឡើងតាមរចនាបទរបស់ខ្សែភាពយន្តគំនូរជីវចលដ៏ល្បីល្បាញរឿង“Beauty and the Beast” ដោយទឹកប្រាក់វិនិយោគច្រើនដល់ទៅ 75,000យេន។ នៅក្នុងទីតាំងនោះ នឹងមានភូមិអ្នកស្រុកតូចមួយដែល “ប៊ែលល៍” រស់នៅ ផ្លូវចូលខាងមុខភូមិមានខ្ទមរបស់ “ម៉ូរីស” ដែលជាចំណុចចុចយកសំបុត្រចូលកម្សាន្ត(Fast Pass)។ ខាងក្នុងភូមិមានរង្វង់មូលបាញ់ទឹក “ហ្គេស្តង់” ភោជនីយដ្ឋាន និងហាងលក់ទំនិញផ្សេងៗតាំងនៅជាប់ៗគ្នាជាច្រើន។ ជ្រៅចូលទៅក្នុងព្រៃនឹងឃើញមានប្រាសាទរបស់ព្រះអង្គម្ចាស់សត្វកំណាច ដែលជាគ្រឿងលេង “ទេពអប្សរ និងព្រះអង្គម្ចាស់សត្វកំណាច (រឿងនិទាននៃវេទមន្ត)” ជាគ្រឿងលេងដែលភ្ញៀវទេសចរគ្រប់គ្នាអាចព្រលែងការនឹកស្រមៃ និងហោះហើរទៅតាមឈុតឆាកផ្សេងៗនៃរឿងនិទានបានយ៉ាងសប្បាយរីករាយ។
ក្រៅពីនេះ នៅក្នុងព្រៃថែមទាំងមានរោងល្ខោន “Fantasyland Forest Theater” ដែលអាចហៅបានថា ជារោងល្ខោនដំបូងគេនៅក្នុងសួនកម្សាន្ត តូក្យូ ឌីស្នីលែនដ៍ មួយនេះ។ ភ្ញៀវទេសចរ និងអ្នកនិយមចូលចិត្តនឹងបានសប្បាយជក់ចិត្តជាមួយនឹងការសម្ដែងផ្សេងៗពីតួឯកទាំងអស់របស់ផលិតកម្ម វ៉ល ឌីស្នី ដូចជា មិកគី ម៉ៅស៍ និងមិត្តភក្តិទាំងឡាយរបស់គេផងដែរ។
ក្រៅពីទីតាំងថ្មីដូចជា ទេពអប្សរ និងព្រះអង្គសត្វកំណាច ហើយ នៅក្នុងផ្នែកនៃទីតាំង Tomorrowland នៅបានបន្ថែមឧបករណ៍លេងកម្សាន្ត “Baymax Happy Ride” ថែមទាំងនៅក្នុងផ្នែករបស់ទីតាំង Toontown នៅបានបន្ថែម Minnie Style Studio” ជាស្ទូឌីយោដែលភ្ញៀវទេសចរទាំងអស់អាចចូលទៅស្វាគមន៍ និងថតរូបជាមួយនឹងតួឯកល្បី ដូចជា មីននី បានយ៉ាងជិតស្និទ្ធបំផុតទៀតផង។
ទីកន្លែងមួយចំនួនដែលកសាងហើយនោះ បានបើកឱ្យភ្ញៀវទេសចរដើរឆ្លងកាត់ចូលទៅទស្សនាកម្សាន្តបាន តែក្នុងផ្នែករបស់តួអគារផ្សេងៗទៀត នឹងបើកឱ្យទស្សនាក្នុងអំឡុងពេល Grand Opening ដូចដែលបានរៀបរាប់រួចហើយខាងលើ។
អាចនិយាយបានថា គ្រប់គ្រឿងរឿងទេសចរណ៍កម្សាន្តមែនទែន ហើយរឹតតែប្រកាសបើកទីតាំងថ្មី និងថ្ងៃគម្រប់ខួបកំណើតក្នុងថ្ងៃតែមួយទៀតផងនោះ ប្រហែលជានឹងធ្វើឱ្យសួនកម្សាន្តមួយនេះមើលទៅរឹតតែអ៊ឹកធឹកគគ្រឹកគគ្រេងខ្លាំងឡើងមិនខាន៕