ក្រុមមន្ត្រីនៃរដ្ឋ Utah បានឱ្យដឹងថា បង្គោលលោហធាតុដ៏អាថ៌កំបាំងដែលត្រូវបានគេប្រទះឃើញនៅកណ្ដាលសមុទ្រខ្សាច់ បានបាត់ខ្លួនហើយ ដែលនេះត្រូវបានសង្ស័យថា ប្រហែលជាមានក្រុមមនុស្សណាមួយ លួចគាស់យកទៅកន្លែងផ្សេង។
នាយកដ្ឋានគ្រប់គ្រងដីធ្លីរបស់រដ្ឋ Utah សហរដ្ឋអាមេរិក កាលពីថ្ងៃទី 28 វិច្ឆិកា បានឱ្យដឹងថា ពួកគេទទួលបានសេចក្ដីរាយការណ៍ដ៏គួរឱ្យទុកចិត្តមួយ និយាយថា បង្គោលលោហធាតុនេះ ត្រូវបាន “ក្រុមជនណាមួយ” លួចគាស់យកទៅកន្លែងផ្សេងកាលពីយប់មុននោះ។ ប៉ុន្តែ នាយកដ្ឋាននេះប្រកាសថា ខ្លួនមិនធ្វើការស៊ើបអង្កេតលើបទល្មើសទាក់ទងនឹងទ្រព្យឯកជននេះទេ ដោយកិច្ចការនេះជាភារកិច្ចរបស់ស្នងការដ្ឋាននគរបាលក្នុងតំបន់។ នាយកដ្ឋាននេះ ជឿថា បង្គោលលោហធាតុនេះគឺជាទ្រព្យឯកជន។
សូមរំលឹកថា មុនពេលបាត់ខ្លួនពីកន្លែងកើតហេតុ បង្គោលលោហធាតុដែលមានរាងត្រីកោណ កម្ពស់ប្រហែល 3.6 ម៉ែត្រ និងត្រូវបានផ្គុំពីបន្ទះដែកដែកអ៊ីណុកចំនួន 3 ផ្ទាំង នៅកណ្ដាលថ្មពណ៌ក្រហមនៅលើសមុទ្រខ្សាច់ភាគខាងត្បូងរដ្ឋ Utah ត្រូវបានក្រុមមន្ត្រីក្នុងតំបន់ប្រទះឃើញកាលពីថ្ងៃទី 18 វិច្ឆិកា នៅពេលពួកគេកំពុងហោះហើរដើម្បីរាប់ចំនួនសត្វចៀមស្នែងធំនៅក្នុងតំបន់។
ក្រុមមន្ត្រីខាងលើ មិនបានបង្ហើបឱ្យដឹងអំពីទីតាំងរបស់បង្គោលខាងលើទេ ប៉ុន្តែ វានៅតែត្រូវបានរកឃើញដោយក្រុមអ្នកចង់ដឹងចង់ឮ ហើយមនុស្សជាច្រើនបានទៅដល់កន្លែងកើតហេតុ។ អ្នកខ្លះបានចាត់ទុកថា វាគឺជាវត្ថុរបស់មនុស្សមកពីពិភពខាងក្រៅ ខណៈអ្នកខ្លះថា វាគឺជាស្នាដៃរបស់មនុស្សនៅលើផែនដី។
មកដល់បច្ចុប្បន្ន មិនទាន់មានអ្នកណាម្នាក់ចេញមុខអះអាងថា ជាម្ចាស់កម្មសិទ្ធិលើបង្គោលលោហធាតុនេះនៅឡើយ។
>ទីតាំងនៃបង្គោលលោហធាតុដ៏អាថ៌កំបាំងនៅកណ្ដាលសមុទ្រខ្សាច់ ត្រូវបានគេរកឃើញហើយ!
ប្រភព៖ AFP