ភ្នំពេញ៖ ថ្លែងក្នុងសិក្ខាសាលាពិគ្រោះយោបល់រវាងអ្នកផលិត និងអ្នកផ្គត់ផ្គង់ផលិតផលខ្មែរ ជាមួយអ្នកប្រើប្រាស់ និងអ្នកចែកចាយបន្តដែលបានប្រារព្ធធ្វើរួមគ្នារវាងក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងទេសចរណ៍ ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្មបានមានប្រសាសន៍ថា ដើម្បីឱ្យផលិតផលរបស់ខ្មែរទទួលបានការគាំទ្រនៅលើទីផ្សារជាតិ និងអន្តរជាតិនោះគឺត្រូវពង្រឹងៈ
1.គុណភាព
2.ការវេចខ្ចប់ប្រកបដោយសោភ័ណភាព
3.មានស្តង់ដារ
និង 4.កត្តាតម្លៃសមរម្យ។
ឯកឧត្តមទេសរដ្ឋមន្ត្រីបានលើកឡើងថា បច្ចុប្បន្ននិន្នាការនៃការរីកចម្រើននៃសេដ្ឋកិច្ចសកលលោកកំពុងមានភាពប្រកួតប្រជែងដ៏ស្រួចស្រាល់ ហើយក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ានដែលមានប្រទេសក្នុងអាស៊ាន10ជាសមាជិកវិញ ការប្រកួតក្នុងតំបន់មួយនេះក៏មានលក្ខណៈស្រួចស្រាល់ខ្លាំងណាស់ដែរ ដោយសារវាមានលំហូរដោយសេរីនូវទំនិញ សេវាមូលធន និងកម្លាំងពលកម្មជាដើម ដូច្នេះសហគ្រាសក៏ដូចជាឧស្សាហកម្មក្នុងស្រុកត្រូវតែង្រឹង និងកែច្នៃចង្វាក់ផលិតរបស់ខ្លួនធ្វើយ៉ាងណាឱ្យផលិតផលឬទំនិញរបស់យើងផលិតចេញមកមាន«1.គុណភាព 2.ការវេចខ្ចប់ប្រកបដោយសោភ័ណភាព 3.មានស្តង់ដារ និង4.តម្លៃសមរម្យផងដែរ»។
កន្លងមកកម្ពុជាក្នុងនាមជាប្រទេសអភិវឌ្ឍន៍តិចតួច បានខិតខំក្នុងការធ្វើសមាហរណកម្មរបស់ខ្លួនក្នុងតំបន់ និងពិភពលោក ដោយកម្ពុជាមានសក្តានុពលខ្លាំងតាមរយៈការទទួលបានការអនុគ្រោះពាណិជ្ជកម្ម ដែលអាចនាំទំនិញទៅក្រៅប្រទេសជាច្រើនដោយមិនជាប់ពន្ធ និងកូតានាំចេញ «កត្តានេះយើងគ្រាន់តែបានឆ្លងកាត់ដំណាក់កាលរបាំងពន្ធប៉ុណ្ណោះ ក្នុងនោះដើម្បីមានឧត្តមភាពប្រកួតប្រជែង យើងត្រូវជម្នះរបាំងមួយទៀតឱ្យបានគឺរបាំងមិនមែនពន្ធគយឬហៅថា របាំងបច្ចេកទេស ដែលទាក់ទងជាសំខាន់ទៅលើកត្តាអនាម័យនិងភូតគ្រាមអនាម័យ (SPS) និងបទដ្ឋានស្តង់ដារជាដើម» ។
ការខិតខំរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្មក្នុងនាមដែលឯកឧត្តមចម ប្រសិទ្ធ ជាប្រធានក្រុមប្រឹក្សាស្តង់ដារជាតិបានជំរុញឱ្យមានការខិតខំយកស្តង់ដារម្ហូបអាហារ និងស្តង់ដារផលិតផលអន្តរជាតិក៏ដូចជាស្តង់ដារអាស៊ានមកធ្វើជាស្តង់ដារជាតិបានចំនួន 804 ស្តង់ដាររួចហើយ ដើម្បីឱ្យការផលិតទំនិញនៅកម្ពុជាអាចនាំចេញបានដោយមិនជាប់របាំងបច្ចេកទេស។ ចំណែកការបន្លំឈ្មោះប្រទេសអ្នកផលិតវិញបើផលិតករ សិប្បករឬឧស្សាហករចង់រក្សាផលិតផលរបស់ខ្លួនថា ពិតជាផលិតនៅកម្ពុជាពិតប្រាកដត្រូវបំពេញលក្ខខណ្ឌតម្រូវមួយចំនួនដូចជា៖ ក្រុមហ៊ុន រោងចក្រ ឬសហគ្រាសត្រូវចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម ឬក្រសួងឧស្សាហកម្ម និងសិប្បកម្មដើម្បីសុំវិញ្ញាបនបត្រដំណើរការ និងបន្ទាប់មកត្រូវចុះបញ្ជីផលិតផលនៅវិទ្យាស្ថានស្តង់ដារកម្ពុជា ឬបិទ Bar Code ដើម្បីបញ្ជាក់ថា ផលិតផលនោះបានផលិតនៅកម្ពុជាពិតប្រាកដមែន៕