ស្ថាប័នប្រដាល់ធំបំផុតក្នុងពិភពលោក ONE Championship បានផ្គូផ្គងឱ្យជើងខ្លាំងក្បាច់គុនចម្រុះរបស់កម្ពុជា ចាន់ រតនា ត្រូវជួបនឹងជើងខ្លាំងក្បាច់គុនចម្រុះចិន Xie Wei សម្រាប់ការប្រកួត ក្នុងប្រភេទទម្ងន់ flyweight នៅក្នុងព្រឹត្តិការណ៍ប្រកួត ONE: COLLISION COURSE នៅថ្ងៃសុក្រ ទី18 ខែធ្នូ ខាងមុខនេះ នៅកីឡដ្ឋាន Singapore Indoor Stadium ប្រទេសសិង្ហបុរី ។
នេះគឺជាការឡើងសង្វៀន ONE លើកដំបូង របស់រតនា គិតចាប់តាំងពីប្រកួតលើកចុងក្រោយ នៅខែសីហា ឆ្នាំ2019 មក។ 3ប្រកួតចុងក្រោយរបស់រតនា លើសង្វៀនធំជាងគេ ក្នុងអាស៊ីមួយនេះ រូបគេបានឈ្នះទាំងអស់ ដោយចុងក្រោយ ផ្ដួលកីឡាករគុយបា Gustavo Balart ។
ចំណែកគូប្រកួតសញ្ជាតិចិនរបស់ ចាន់ រតនា វិញនោះ ត្រូវបានគេស្គាល់ថា ជាជើងជើងខ្លាំងមួយរូប ដែលឆ្លងកាត់ការប្រកួតក្បាច់គុនចម្រុះកន្លងមកបាន 6ប្រកួត ឈ្នះ5 និងចាញ់1 ដែលមានឈ្មោះថា Wei Xie និងមានវ័យត្រឹមតែ 24ឆ្នាំប៉ុណ្ណោះ៕