គ្រាន់តែនិយាយពាក្យមួយម៉ាត់សោះ បានបណ្ដាលឱ្យនាយិកាប្រតិបត្តិនៃក្រុមហ៊ុនបច្ចេកវិទ្យាចិន Xiaomi នាង Wang Mei ត្រូវសុំលាលែងពីតំណែង ដោយខ្លួនឯង ដោយសារតែមានការខឹងសម្បាខ្លាំងពីក្រុមអ្នកលេងបណ្ដាញសង្គម។
ហេតុការណ៍ខាងលើបានចាប់ផ្ដើមឡើងនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំស្ដីអំពីការគ្រប់គ្រងប្រភពធនធានមនុស្សនៅប្រទេសចិន ដែលត្រូវបានធ្វើឡើងកាលពីថ្ងៃទី21វិច្ឆិកា។ នៅទីនោះ Wang Mei ដែលជានាយិកាប្រតិបត្តិ និងជាអនុប្រធាននៃសាកលវិទ្យាល័យ Qinghe របស់ក្រុមហ៊ុនបច្ចេកវិទ្យាចិន Xiaomi នៅក្នុងសុន្ទរកថាមួយ បាននិយាយថា៖ “Xiaomi ជឿជាក់ថា អនាគត អ្នកដែលក្ដាប់បាន Diaosi នឹងជាអ្នកឈ្នះលើសាធារណជន ចូរធ្វើជាយុវវ័យ និងលាតសន្ធឹងទៅកាន់ពិភពលោក”។
ក៏ប៉ុន្តែ ពាក្យថា “Diaosi” ដែលនាយិការូបនេះបានប្រើប្រាស់ គឺជាគ្រាមភាសាមួយនៅប្រទេសចិន ដែលតែងត្រូវបានប្រើជាលក្ខណកំប្លុកកំប្លែង សំដៅលើក្រុមយុវវ័យដែលត្រូវបានគេចាត់ទុកថាជាអ្នកបរាជ័យ (ឬហៅថា loser) មានរូបរាងមិនគួរឱ្យចាប់អារម្មណ៍ និងមិនមាន “ទឹកមាត់ប្រៃ” នៅក្នុងសង្គម។ ពាក្យ “Diaosi” នេះ ក៏តែងត្រូវបានអ្នកលេងបណ្ដាញសង្គមប្រើប្រាស់ដើម្បីបង្អាប់គ្នា ហើយវាក៏តែងត្រូវគេចាត់ទុកថា ជាពាក្យបង្ហាញអំពីការប្រកាន់ឋានៈ និងខ្វះការគោរព ឬជាការមើលងាយជាដើម។
ក៏ប៉ុន្តែ គំនិតរបស់អនុប្រធានសាកលវិទ្យាល័យរូបនេះ មិនមែនមានន័យថា មើលងាយអ្នកណាឡើយ។ គំនិតរបស់នាងគឺថា យុវវ័យគឺជាអ្នកប្រើប្រាស់ដ៏សំខាន់ ហើយក្រុមហ៊ុនរបស់ខ្លួននឹងផលិតចេញនូវផលិតផលដែលឆ្លើយតបតាមតម្រូវការរបស់ក្រុមយុវវ័យនេះ។
យ៉ាងណាក៏ដោយ អ្នកលេងបណ្ដាញសង្គមចិន មិនបានគិតដូចនាយិកាប្រតិបត្តិរបស់ Xiaomi នេះឡើយ។ បន្ទាប់ពីសុន្ទរកថាត្រូវបានគេបង្ហោះលើបណ្ដាញសង្គមភ្លាម វាបានធ្វើឱ្យមានរលកនៃការខឹងសម្បាជាបន្តបន្ទាប់ ក្នុងនោះក៏មានអ្នកគាំទ្ររបស់ Xiaomi ផងដែរ។
មានអ្នកបណ្ដាញសង្គមម្នាក់ បានប្រតិកម្មថា៖ “គំនិតរបស់នាងគឺថា អ្នកប្រើប្រាស់ផលិតផលរបស់ Xiaomi គឺសុទ្ធតែជាក្រុមមនុស្សធុនអន់មែនទេ?”។
ម្នាក់ទៀតសរសេរថា៖ “កាន់ Redmi ក្នុងដៃ ហើយឮពាក្យនេះ ចង់តែគ្រវាត់វាចោលទេ”។
មនុស្សមួយចំនួនទៀតយល់ថា ក្រៅពីការខ្វះការគោរពដល់អ្នកប្រើប្រាស់ និងអ្នកគាំទ្រ សម្ដីរបស់ Wang Mei ក៏ដើរបញ្ច្រាសនឹងស្ថានការណ៍បច្ចុប្បន្ន នៅពេលដែល Xiaomi កំពុងប្រឹងប្រែងដើម្បី “រើបម្រាស” ខ្លួនចេញពីយីហោ “តម្លៃធូរថ្លៃ” ដោយងាកទៅផលិតស្មាតហ្វូនលំដាប់ខ្ពស់។
ហេតុការណ៍ខាងលើ មិនមែនធម្មតាឡើយ តែវាធ្ងន់ធ្ងររហូតដល់ថ្នាក់ ក្រុមហ៊ុន Xiaomi កាលពីថ្ងៃទី25វិច្ឆិកា ត្រូវធ្វើសេចក្ដីប្រកាសព័ត៌មានមួយ ឱ្យដឹងថា នាយិកាប្រតិបត្តិ Wang Mei របស់ក្រុមហ៊ុននេះ មានការស្ដាយក្រោយជាខ្លាំងចំពោះផលវិបាកដែលបង្កើតឡើងដោយសម្ដីរបស់ខ្លួន ដែលបានធ្វើឱ្យប៉ះពាល់ដល់អ្នកគាំទ្រ និងអ្នកប្រើប្រាស់ ដោយសារតែការយល់ឃើញមិនប្រកបដោយវិន័យ និងជាកំហុសឆ្គងមួយរបស់ខ្លួន។ នាងបានសុំលាលែងពីតំណែង ហើយក្រុមហ៊ុនក៏បានយល់ព្រមតាមសំណើរបស់នាងហើយដែរ។
ចំណែក Wang Mei ក៏បានធ្វើការសុំអភ័យទោសជាសាធារណៈនៅក្នុងការប្រតិកម្មមួយរបស់ខ្លួន ដោយនិយាយថា ការយល់ឃើញដែលទាក់ទងនឹងបញ្ហានេះ គ្រាន់តែជាកំហុសបុគ្គលរបស់ខ្លួននាងផ្ទាល់តែប៉ុណ្ណោះ ហើយវាមិនតំណាងឱ្យទស្សនៈ និងយោបល់របស់ក្រុមហ៊ុនឡើយ។
“សង្ឃឹមថា គ្រប់គ្នានឹងមិនយល់ច្រឡំលើក្រុមហ៊ុន Xiaomi” អតីតនាយិកាប្រតិបត្តិ Wang Mei របស់ក្រុមហ៊ុន Xiaomi និយាយដូច្នេះ៕