រោងចក្រតូចមួយដែលជាកម្មសិទ្ធិរបស់គ្រួសារអ្នកផលិតសាប៊ូតាំងតែពីសតវត្សរ៍ទី15 បានពពាយនាយលក់សាប៊ូពិសេសមួយដុំដែលមានតម្លៃ2,800ដុល្លារអាមេរិក ដែលនេះគឺជាតម្លៃថ្លៃជាងគេបង្អស់ក្នុងពិភពលោក។
យីហោសាប៊ូ Khan Al Saboun ត្រូវបានបង្កើតឡើងដោយ Bader Hassen & Sons ដែលជាសិប្បកម្មផលិតសាប៊ូមួយនៅតំបន់ Tripoli នៃប្រទេសលីបង់។ សិប្បកម្មនេះផលិតសាប៊ូ និងផលិតផលថែរក្សាស្បែកដ៏ប្រណិតជាច្រើនទៀតដែលមានផ្ទុកសារជាតិប្រេង និងទឹកដមផ្កាធម្មជាតិ។ វាត្រូវបានដាក់លក់នៅក្នុងហាងផ្ដាច់មុខបំផុតមួយចំនួននៅទីក្រុង Dubai និងអារ៉ាប់រួម ប៉ុន្តែផលិតផលដែលមានតម្លៃថ្លៃបំផុតរបស់ក្រុមហ៊ុននេះ ត្រូវបានផ្គត់ផ្គង់ដល់អតិថិជនពិសេសៗ និងបុគ្គលល្បីៗតែប៉ុណ្ណោះ។
ដោយត្រូវបានផលិតឡើងជាលើកដំបូងកាលពីឆ្នាំ2013 ដែលទុកដូចជាជំនូនពិសេសបំផុតគ្មានពីរសម្រាប់ជំទាវទីមួយនៅប្រទេសកាតា ដុំសាប៊ូដែលមានតម្លៃថ្លៃជាងគេលើពិភពលោកនេះ មានផ្ទុកម្សៅមាស និងម្សៅត្បូងពេជ្រ ដែលវាមានតម្លៃរហូតដល់2,800ដុល្លារអាមេរិក។
ដុំសាប៊ូនេះ ដំបូងឡើយវាមានរូបរាងដូចទៅនឹងដុំឈីសដែលមានតម្លៃថ្លៃ តែបច្ចុប្បន្នត្រូវបាន Bader Hassen & Sons កែច្នៃឡើងវិញ។ នៅក្នុងវីដេអូមួយដែលត្រូវបានចែករំលែកតៗគ្នានៅលើអ៊ីនធើណិត បង្ហាញថា នាយកប្រតិបត្តិនៃក្រុមហ៊ុន Amir Hasen បានជូនសាប៊ូមួយដុំដែលមានតម្លៃថ្លៃបំផុតក្នុងលោក ដល់តារាសម្ដែងស្រីនៃប្រទេសបារ៉ែន និងកំពូលតារា Instagram ឈ្មោះ Shaila Sabt។ ក្នុងវីដេអូនេះដែរ គេឃើញថា វាត្រូវបានធ្វើឡើងដោយដៃ និងត្រូវបានស្រោបដោយមាសសុទ្ធ។
កាលពីឆ្នាំ2015 ពេលដែល BBC បានចុះផ្សាយព័ត៌មានអំពីដុំសាប៊ូដែលមានតម្លៃថ្លៃបំផុតក្នុងលោក មានដំណឹងថា ផលិតផលប្រណិតនេះទំនងជាមានសភាពគ្រើម ដោយសារតែមាស និងពេជ្រ។ ក៏ប៉ុន្តែ Amir Hasen និយាយថា វាមិនធ្វើឱ្យខូចស្បែកនោះទេ ហើយសភាពគ្រើមនេះ តាមពិតវាជួយធ្វើឱ្យមានអារម្មណ៍ស្រស់ស្រាយ និងស្រើបស្រាល។ ជាងនេះ វាក៏ជួយឱ្យទម្លាប់ងូតទឹករៀងរាល់ថ្ងៃ ក្លាយទៅជារឿងមួយដែលគួរជាទីរំភើបទៀតផង៕
ប្រភព៖ BBC