ដោយសារតែមូលដ្ឋានគ្រឹះរបស់ក្រុមគ្រួសារ ចិត្តគំនិត និស្ស័យ រួមទាំងការរស់នៅដែលអាចមានភាពខុសប្លែកពីគ្នាមកតាំងពីដើមទីនោះ ទើបយើង(គូស្វាមី-ភរិយា)ត្រូវអាស្រ័យលើ “ការយល់ចិត្តគ្នា” ធ្វើជាឫសគល់សំខាន់ក្នុងរឿង “ស្នេហា” ហើយ “ការយល់ចិត្ត” នៅក្នុងទីនេះ ត្រូវតែធ្វើរួមគ្នាទាំង 2នាក់ បើមានតែនរណាម្នាក់ខំប្រឹងព្យាយាមធ្វើតែម្នាក់ឯង ក៏គ្មានថ្ងៃបានយល់ចិត្តគ្នា ដែលនឹងនាំឱ្យមានសុភមង្គលបានដែរ។
ម្នាក់ៗត្រូវខំព្យាយាមសិក្សា និងយល់ចិត្តគ្នាទៅវិញទៅមក ដូចជា ម្នាក់ចង់ទៅដើរលេងទិញអីវ៉ាន់តែម្នាក់ឯង ខណ:ដែលម្នាក់ទៀតចង់តែទៅជាមួយដែរជាប់រហូត ឬក៏ម្នាក់ចង់ទៅរួមកម្សាន្តសប្បាយជាមួយពួកម៉ាកមិត្តភក្តិម្តងម្កាលតាមតែមានឱកាស តែម្នាក់ទៀតបែរជាមិនសូវចូលចិត្ត ព្រោះគិតថា ខ្លួននឹងត្រូវគេទុកចោលឱ្យនៅផ្ទះម្នាក់ឯងជាដើម។ អ៊ឺម៍! គ្រាន់តែប៉ុណ្ណឹង បញ្ហាដែលមិនគួរនឹងកើតឡើង វានឹងកើតឡើងមិនខាន។ ការពិតទៅ រឿងបែបនេះ គ្រាន់តែយើងបែរមុខមកនិយាយគ្នា ប្រាប់គ្នាឱ្យដឹង និងយល់ពីតម្រូវការរបស់ម្នាក់ៗ និងយល់ព្រមបើកចិត្តទទួលយករវាងគ្នាទៅវិញទៅមក តែប៉ុណ្ណឹង សូមជឿចុះថា បញ្ហារអើសចិត្តគ្នាផ្សេងៗទាំងនោះ នឹងធូរស្រាលអស់ជាមិនខាន។
ចូរកុំភ្លេចថា “សេចក្តីស្នេហា” គឺជារឿងដ៏ល្អស្រស់បំព្រងមួយដែលត្រូវអាស្រ័យលើការរៀនយល់ដឹង ការសម្របខ្លួន ការស្វែងយល់ និងព្រមទទួលយកពីគ្នាទៅវិញទៅមក។ យើងក៏ជាយើង គេក៏ជាគេ បើសិនជាត្រូវបង្ខំចិត្តផ្លាស់ប្តូរ និងសម្របខ្លួនដើម្បីឱ្យមនុស្សម្នាក់ស្រឡាញ់នោះ ប្រហែលមិនមែនជារឿងល្អឡើយ ហើយអ្នកដែលបង្ខំចិត្តធ្វើនោះ ក៏ប្រហែលជាគ្មានសេចក្តីសុខដែរ (មែនទេ?) ដូច្នេះ តើហេតុអីមិនសាកល្បងងាកមក “យល់ចិត្តគ្នា” និង “ទទួលយក” ពីគ្នាទៅវិញទៅមក?។ យល់ថា គាត់ ឬនាង គឺជាមនុស្សបែបហ្នឹង និងព្រមទទួលយកនូវអ្វីដែលជាខ្លួនគាត់ ឬនាងវិញ វាមិនប្រសើរជាងឬ?។
សាកល្បងគិតលេងៗទៅមើលថា នៅពេលណាក៏ដោយដែលសេចក្តីស្នេហារបស់អ្នកខ្វះភាពយល់ចិត្តគ្នា តើវានឹងមានបញ្ហាអ្វីកើតឡើងខ្លះ?…ការឈ្លោះទាស់ទែងគ្នា ការប្រកែកតវ៉ាគ្នា ការខឹងសម្បា ការងង៉ក់ ប្រចែប្រចណ្ឌ-ល- អូយ! គ្រាន់តែគិត ក៏ហត់បាត់ទៅហើយ មែនទេ? ដូច្នេះហើយ អ្នកគ្រូ ឆវី ចង់ប្រាប់ថា ចូរព្យាយាមសិក្សាស្វែងយល់អំពីគ្នាទៅវិញទៅមកឱ្យបានច្រើនបំផុត ហើយនៅទីបំផុត សម្រាប់ “សេចក្តីស្នេហា” ដែលមិនអាចអធិប្បាយបានដោយពាក្យសំដីនោះ ក៏អាច “យល់បាន” ដោយបេះដូង និងរស់នៅជាមួយគ្នាប្រកបដោយសុភមង្គលមិនខាន៕