ភ្នំពេញ – តារាចម្រៀង និងតារាសម្ដែងល្បីៗឈ្មោះប្រចាំនៅប្រទេសកូរ៉េនឹងកាន់តែមានឱកាសបានមកបង្ហាញវត្ដមាននៅក្នុងប្រទេសកម្ពុជាបន្ថែមទៀត! នេះជាការលើកឡើងរបស់អ្នកស្រី យូលីណា ក្នុងឱកាសនៃពិធីការប្រគល់សិទ្ធិពាក់កណ្ដាលទៅឱ្យផលិតករកូរ៉េ និងប្រកាសប្ដូឈ្មោះពីទូរទស្សន៍ NTV ទៅទូរទស្សន៍កូរ៉េ UNS TV។
អ្នកស្រី យូលីណា ត្រូវបានគេស្គាល់ថា ជាម្ចាស់ជំនួញប្រាក់វាល់លានជនជាតិកូរ៉េសញ្ជាតិកម្ពុជា និងជាអ្នករៀបចំព្រឹត្តិការណ៍តន្ត្រីសប្បុរសធម៍ដោយមានតារាចម្រៀងឱក សុគន្ធកញ្ញា ចូលរួមនោះ បានអះអាងថា តារាល្បីៗលំដាប់ពិភពលោករបស់កូរ៉េនឹងត្រូវចូលខ្លួនមកបង្ហាញវត្ដមានដើម្បីកំដរអារម្មណ៍អ្នកគាំទ្រកម្ពុជាដែលនិយមចូលចិត្ដបទចម្រៀង និងភាពយន្ដកូរ៉េ។
អ្នកស្រីបន្ដថា តាមរយៈការវិនិយោគទុនរួមគ្នាជាច្រើនលានដុល្លារនេះបានធ្វើឱ្យកិច្ចព្រមព្រៀងនៃការប្ដូរឈ្មោះទូរទស្សន៍ NTV មកជា UNS TV និងប្រគល់ឱ្យអ្នកស្រីទទួលខុសត្រូវដើម្បីឱ្យ UNS TV មានកម្មវិធីប្រកួតប្រជែងកម្រិតអន្តរជាតិតាមរយៈការចំណាយប្រាក់យកតារាល្បីៗរបស់កូរ៉េមកច្រៀងរាំនៅកម្ពុជា។ អ្នកស្រីបញ្ជាក់ថា ក្រៅពីមានការអញ្ជើញតារាសិល្បៈកូរ៉េមកហើយនោះ ទូរទស្សន៍ក៏មានគម្រោងអញ្ជើញតារាសិល្បៈលំដាប់ពិភពលោកមកចូលរួមក្នុងកម្មវិធីកម្សាន្ដនៅកម្ពុជាផងដែរ។
គួរបញ្ជាក់ថា ទូរទស្សន៍ UNS TVជាការវិនិយោគរួមគ្នារវាងកម្ពុជា-កូរ៉េ ដូច្នេះលោកបណ្ឌិត សំបូរ សាណូ នៅតែជាអគ្គនាយកប្រចាំស្ថានីយទូរទស្សន៍មួយនេះដដែល។ ទុនដែលត្រូវវិនិយោគជាច្រើនលានដុល្លារនេះគឺដើម្បីសាងសង់ស្ទូឌីយោស្ថានីយទូរទស្សន៍ស្ដង់ដារមួយ និងបំពាក់ដោយឩបករណ៍កម្រិតទំនើបដើម្បីបម្រើឱ្យការផលិតកម្មវិធីផ្លូវការ និងកម្មវិធីកម្សាន្ដនានា។
អ្នកស្រីបញ្ជាក់ថា មូលហេតុដែលអ្នកស្រីបោះទុនវិនិយោគនេះ ព្រោះវាជួយឱ្យអ្នកស្រីចំណេញពេលវេលាតិចដោយគ្រាន់តែបន្តសាងសង់ស្ទូឌីយោ និងផលិតកម្មវិធីបណ្ដើរៗជាការស្រេច។ អ្នកស្រីថា ក្នុងពេលដ៍ខ្លី UNS TV នឹងផ្សាយបន្តផ្ទាល់នូវព្រឹត្តិការណ៍តន្ត្រីធំៗដែលមានវត្តមានកំពូលតារាល្បីៗមកពីប្រទេសកូរ៉េ និងតារាសិល្បៈលំដាប់ពិភពលោកផងដែរ ហើយវាក៏ជាចំណែកមួយចូលរួមជំរុញឱ្យពិភពលោកកាន់តែចាប់អារម្មណ៍មកកម្ពុជាតាមរយៈវត្ដមានរបស់តារាល្បីៗទាំងនោះដែរ។
លោក សាម៉ន បណ្ឌិត្យ តំណាងឱ្យ UNS TV ភាគីខាងកម្ពុជាបានអះអាងថា មូលហេតុឈានដល់ការធ្វើកិច្ចព្រមព្រៀងព្រោះក្រៅពីការបោះទុនវិនិយោគហើយ អ្នកស្រី យូលីណា នឹងធ្វើឱ្យទូរទស្សន៍ NTV ដែលប្ដូរមកជា UNS TV មានកម្មវិធីកម្សាន្តប្រកួតប្រជែងច្រើន ពិសេសអ្នកស្រីបានប្រកាសទិញសិទ្ធិពីកម្មវិធីរបស់ប្រទេសកូរ៉េមួយចំនួនយកមកផលិតនៅកម្ពុជាទៀតផង៕