ម្ចាស់ក្រុមហ៊ុន Amazon ត្រូវបានគេស្គាល់ថា ជាមនុស្សមានការយកចិត្តទុកដាក់ខ្ពស់ចំពោះសកម្មភាពកែលម្អថ្មីទៅលើផលិតផល និងសេវាកម្មរបស់ខ្លួន ទៅតាមសំណើ និងបំណងប្រាថ្នារបស់អតិថិជន។ល។
នៅក្នុងកិច្ចសម្ភាសមួយជាមួយសារព័ត៌មាន CNBC កាលពីពេលថ្មីៗនេះ លោក Jeff Bezos ដែលជាស្ថាបនិក និងជា CEO របស់ក្រុមហ៊ុនពាណិជ្ជកម្មអនឡាញ Amazon បានឱ្យដឹងថា លោកប្រកាសបង្ហាញជាសាធារណៈអំពីអាសយដ្ឋានអ៊ីម៉ែល [email protected] គឺដើម្បីទទួលមតិប្រតិកម្ម និងការត្អូញត្អែរពីអតិថិជនរបស់ខ្លួន។
“បច្ចុប្បន្ន ខ្ញុំនៅតែទទួលបានអ៊ីម៉ែលជាច្រើនពីអតិថិជន” ម្ចាស់ផ្សារ Amazon បានឱ្យដឹងនៅពេលនិយាយអំពីសំបុត្រដែលបានផ្ញើមកកាន់អ៊ីម៉ែលខាងលើ។
នៅក្នុងសៀវភៅថ្មី “Invent & Wander: The Collected Writings of Jeff Bezos” លោក Bezos បានប្រាប់ថា [email protected] គឺជាអាសយដ្ឋានអ៊ីម៉ែលផ្លូវការរបស់លោក ហើយលោកចាត់ទុកបញ្ហាគ្រប់យ៉ាងដែលទទួលបានពីអតិថិជនគឺជាឱកាសដើម្បីកែលម្អសេវាកម្មរបស់ក្រុមហ៊ុន Amazon។
ភាគច្រើននៃសំបុត្រដែលបានផ្ញើមកកាន់អ៊ីម៉ែលរបស់លោក Bezos គឺមានខ្លឹមសារត្អូញត្អែរអំពីសេវាកម្មរបស់ក្រុមហ៊ុន Amazon។ លោក Bezos ឱ្យដឹងថា “នោះគឺជាមូលហេតុដែលអតិថិជនតែងតែសរសេរសំបុត្រផ្ញើមកយើងខ្ញុំ។ ដោយវិធីណាមួយនោះ យើងធ្លាប់បានធ្វើឱ្យការបញ្ជាទិញរបស់ពួកគេត្រូវច្របូកច្របល់”។
មហាសេដ្ឋីលំដាប់ទីមួយក្នុងពិភពលោករូបនេះ បានអះអាងថា លោកតែងតែពិនិត្យមើលខ្លឹមសារអ៊ីម៉ែលយ៉ាងយកចិត្តទុកដាក់។ ឧទាហរណ៍ នៅពេលទទួលបានការត្អូញត្អែរអំពីបញ្ហាផលិតផល ភ្លាមនោះលោកនឹងស្នើឱ្យបុគ្គលិកស្រាវជ្រាវស្វែងរកមូលហេតុដើមនៃបញ្ហា និងដោះស្រាយជាបន្ទាន់។
“នៅពេលដោះស្រាយទៅតាមវិធីនោះ យើងមិនត្រឹមតែអាចដោះស្រាយបញ្ហាជាក់ស្ដែងមួយជាមួយនឹងអតិថិជនម្នាក់នោះឡើយ ប៉ុន្តែគឺសម្រាប់អតិថិជនគ្រប់រូបផងដែរ។ នេះគឺជាផ្នែកមួយដ៏សំខាន់នៅក្នុងដំណើរការជំនួញរបស់យើង” Bezos បកស្រាយនៅក្នុងសៀវភៅខាងលើ។
ដើម្បីជាការសាកល្បង ទំព័រ CNBC Make It បានផ្ញើសំបុត្រទៅកាន់អ៊ីម៉ែលរបស់ Jeff Bezos នៅវេលាម៉ោង10និង20នាទីព្រឹក។ ពួកគេទទួលបានការឆ្លើយតប ក្រោយការផ្ញើចេញត្រឹមតែ10នាទីប៉ុណ្ណោះ។
ម្ចាស់ក្រុមហ៊ុន Amazon ត្រូវបានគេស្គាល់ថា ជាមនុស្សដែលមានការយកចិត្តទុកដាក់ខ្ពស់ចំពោះសកម្មភាពកែលម្អថ្មីទៅលើផលិតផលរបស់ខ្លួនទៅតាមសំណើ និងបំណងប្រាថ្នារបស់អតិថិជន។ល។ លោកជឿជាក់ថា ត្រូវតែផ្ដោតការយកចិត្តទុកដាក់ទៅលើអតិថិជនជាសំខាន់ មិនមែនយកចិត្តទុកដាក់ទៅលើគូប្រជែងនោះឡើយ។
នៅក្នុងលិខិតមួយច្បាប់ដែលបានផ្ញើទៅកាន់ភាគហ៊ុនិករបស់ Amazon កាលពីឆ្នាំ2017 លោក Bezos ឱ្យដឹងថា៖ “ប្រការមួយរបស់អតិថិជនដែលខ្ញុំចូលចិត្ត នោះគឺថា ពួកគេតែងតែមិនពេញចិត្ត។ ការរំពឹងទុករបស់ពួកគេមិនដែលគ្រប់គ្រាន់ឡើយ គឺតែងតែកើនឡើង។ នោះគឺជាធម្មជាតិរបស់មនុស្សលោក។ល។ យើងមិនអាចដេកលក់ជាមួយនឹងកម្រងផ្កានៅលើពិភពលោកនេះទេ”។
យោងតាមលោក Bezos អ្នកជំនួញត្រូវតែយល់ច្បាស់អំពីទីផ្សាររបស់ខ្លួន និងយល់ច្បាស់ថា អតិថិជនកំពុងស្វែងរកអ្វីខ្លះ។ បើសិនជាបាននាំមកនូវអ្វីៗដែលអតិថិជនចង់បាន នោះពួកគេនឹងវិលត្រលប់មកជាថ្មីម្ដងទៀត។ លោកយល់ថា នេះគឺជាវិធីតែមួយគត់ដើម្បីអាចរក្សាវត្តមាន និងរីកចម្រើននៅលើទីផ្សារដែលមានការប្ដូរផ្លាស់ជាប្រចាំនេះបាន ហើយក៏ជាគោលការណ៍មូលដ្ឋានដ៏សំខាន់បំផុត នៅពីក្រោយការវិនិយោគនានារបស់ក្រុមហ៊ុន Amazon៕
ប្រភព៖ CNBC