គេអាចនិយាយបានថា អ្វីៗគ្រប់យ៉ាងទំនងជាអាចលក់បាន បើទោះវាហាក់ដូចជារឿងឆ្កួតឡប់យ៉ាងណាក៏ដោយ។ នៅក្នុងករណីជាច្រើន លទ្ធផលដែលអាចលក់បាន មិនអាស្រ័យទាំងស្រុងទៅលើផលិតផលនោះទេ ប៉ុន្តែវាអាស្រ័យទៅលើយុទ្ធសាស្ត្រទីផ្សារ។
ពិភពលោកបានប្ដូរផ្លាស់យ៉ាងច្រើន និងយ៉ាងលឿននៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយអ៊ីនធើណិតបានបើកផ្លូវឱ្យមនុស្សធ្វើជំនួញបែបថ្មី ជាមួយនឹងការទំនាក់ទំនងបែបថ្មី ពីគ្រប់ទីកន្លែងក្នុងសកលលោក។
មនុស្សជាច្រើនបានប្រើប្រាស់បច្ចេកវិទ្យាដើម្បីប្រែក្លាយគំនិតរបស់ខ្លួនឱ្យទៅជាសកម្មភាពជំនួញដែលនាំមកនូវចំណូលយ៉ាងច្រើនសន្ធឹក ក្នុងនោះក៏មានកំលោះជនជាតិកាណាដាពីរូប គឺ Moses Lam និង Troy Paquette ផងដែរ។
ល្បែងលេងបានក្លាយជាគំនិតរកប្រាក់យ៉ាងងាយស្រួល
Moses Lam និង Troy Paquette បាននាំគ្នាដាក់លក់ខ្យល់ដែលបានបូមចូលទៅក្នុងថង់ជាលើកដំបូងរបស់ពួកគេនៅលើផ្សារអនឡាញ eBay ក្នុងតម្លៃ 0.99ដុល្លារ/ថង់ ដោយចាត់ទុកវាជាអំណោចសម្រាប់លេងសើចជាមួយនឹងអ្នកទិញ។ ប៉ុន្តែ ក្រោយមក ផលិតផលនេះត្រូវបានគេទិញអស់ដោយមិនដឹងខ្លួន ហើយជាងនេះ វាក៏បានក្លាយជា “សង្គ្រាម” ប្រកួតប្រជែងលើតម្លៃយ៉ាងអស្ចារ្យទៀតផង។ មានកន្លែងខ្លះដាក់លក់ថង់ខ្យល់នេះក្នុងតម្លៃឡើងដល់168ដុល្លារឯណោះ។
Moses Lam និង Troy Paquette បានដាក់លក់ខ្យល់បរិសុទ្ធច្រកបំពង់ដំបូងគេនៅក្នុងខែមិថុនា2015 ដែលជាគំនិតទីផ្សារដ៏កំពូល ដោយសារតែខ្យល់គឺជារបស់ដែល “ជូនគេមិនយក លក់គេមិនទិញ” ព្រោះតែវាមានស្រាប់ និងប្រើមិនអស់លុយ។
Moses Lam និយាយថា ផលិតផល Vitality Air ថ្មីរបស់ពួកគេ មិនមែនជាល្បែងលេងសើចដូចមុនទៀតឡើយ។ ខ្យល់ត្រូវបានយកពីតំបន់ជួរភ្នំ Rocky ក្នុងខេត្ត Alberta ប្រទេសកាណាដា។ វាត្រូវបានបូមយកដោយប្រើប្រាស់បំពង់ដ៏ធំ និងរក្សាទុកក្នុងម៉ាស៊ីនបង្ហាប់ខ្យល់ស្វ័យប្រវត្ត។
Moses និង Troy ធ្វើការត្រួតពិនិត្យគុណភាពខ្យល់មុនពេលត្រូវបានបញ្ចូលទៅក្នុងបំពង់រក្សាខ្យល់ និងផ្ញើទៅកាន់កន្លែងបញ្ជាទិញនៅពាសពេញពិភពលោក។ យុទ្ធសាស្ត្រទីផ្សាររបស់ពួកគេ ក៏នៅមានការបែងចែកប្រភេទនៃខ្យល់ទៀតផង ក្នុងនោះមានដូចជា ខ្យល់បរិសុទ្ធដែលយកពីភ្នំ ខ្យល់ដែលយកពីទន្លេទឹកកក បឹង Louise ឬខ្យល់ដែលមានក្លឹន “ស្វាយទុំ” និងក្លឹន “ស្ត្រូបូរី” ជាដើម។ល។
យោងតាមហាងអនឡាញរបស់ក្រុមហ៊ុនខាងលើ ខ្យល់អុកស៊ីសែនលំដាប់គុណភាពខ្ពស់ប្រភេទធំរបស់ពួកគេ អាចឱ្យអ្នកប្រើប្រាស់ស្រូបបាន200ដងឯណោះ។ ប្រសិទ្ធភាពរបស់ខ្យល់បរិសុទ្ធនេះ គឺជួយឱ្យមានអារម្មណ៍ធូរស្បើយ ឬទប់ស្កាត់អាការរកកលក្អួត ក៏ដូចជាជួយឱ្យមានកម្លាំង និងសុខភាពល្អឡើងវិញ ពិសេសគឺសម្រាប់អ្នកដែលទើបតែបានបំពេញការងារនឿយហត់ ឬផឹកស៊ីជ្រុល។
តម្រូវការនៃផលិតផលខ្យល់នេះ បានមកពីណា?
ដំបូង សូមពិចារណាទៅលើទឹកដែលគេច្រកដប។ នោះគឺជាធនធានធម្មជាតិដែលមាននៅស្ទើរគ្រប់កន្លែងក្នុងពិភពលោក។ ដើមឡើយ ពុំមានអ្នកណាម្នាក់គិតថា នឹងច្រកទឹកក្នុងដបដើម្បីយកទៅលក់នោះទេ ប៉ុន្តែពេលនេះវាបានក្លាយជាផលិតផលពេញនិយមទៅហើយ។ ប្រការនេះក៏នឹងកើតឡើងចំពោះខ្យល់បរិសុទ្ធដែលត្រូវគេច្រកក្នុងបំពង់ដូច្នេះដែរ។
Moses និង Troy បានរកឃើញតម្រូវការនៃការប្រើប្រាស់ខ្យល់បរិសុទ្ធនៅក្នុងតំបន់ ឬទីក្រុងដែលមានបរិយាកាសសម្បូរដោយធូលី និងផ្សែងពុល ដូចជា ទីក្រុងមួយចំនួននៅប្រទេសចិន កូរ៉េខាងត្បូង ឥណ្ឌា និងប្រទេសជាច្រើនទៀត ដែលនេះបាននាំឱ្យមានវត្តមានរបស់ផលិតផលខ្យល់បរិសុទ្ធ Vitality Air។
Moses បានឱ្យដឹងថា៖ “ទីផ្សារគោលដៅរបស់យើង គឺជាតំបន់ទាំងឡាយណាដែលមានខ្យល់មិនល្អ។ មនុស្សជាច្រើនពិតជាបានស្លាប់មុនអាយុ ដោយសារតែបានស្រូបខ្យល់មិនល្អជារៀងរាល់ថ្ងៃ”។
បណ្ឌិត Maria Neira ប្រធានផ្នែកសុខាភិបាលសាធារណៈរបស់អង្គការសុខភាពពិភពលោក (WHO) ធ្លាប់បាននិយាយថា៖ “បញ្ហាធំបំផុតនោះគឺ នៅពេលអ្នករស់នៅមួយកន្លែងនៅតំបន់ណាមួយ ហើយអ្នកមិនអាចជ្រើសរើសខ្យល់បរិយាកាសដែលខ្លួនត្រូវស្រូបចូលក្នុងរាងកាយ”។
ប៉ុន្តែ អ្នកវិទ្យាសាស្ត្រមួយចំនួនមកពីស្ថាប័នស្រាវជ្រាវផ្នែកប្រព័ន្ធដង្ហើមនៅប្រទេសកាណាដាបានអះអាងថា មិនទាន់មានភ័ស្ដុតាងជាក់លាក់ណាមួយបង្ហាញអំពីផលប្រយោជន៍របស់ខ្យល់ដែលគេដាក់ចូលក្នុងបំពង់នៅឡើយ ហើយនោះគ្រាន់តែជាផលិតផលមួយប្រភេទដែលធ្វើឱ្យខាត់បង់ប្រាក់កាស និងពេលវេលាតែប៉ុណ្ណោះ។ យ៉ាងនេះក្ដី Moses និង Troy បានបង្ហើបឱ្យដឹងថា ពួកគេនៅតែរកចំណួលបានច្រើនជាង300,000ដុល្លារអាមេរិក/ឆ្នាំ ពីផលិតផលខាងលើ៕
ប្រភព៖ CNBC