នៅថ្ងៃទី18 ខែសីហា ឆ្នាំ2017 នេះ ក្រុមហ៊ុនរថយន្ដប្រណីតលំដាប់ពិភពលោកម៉ាក Porsche ដែលមានសាខានៅក្នុងប្រទេសកម្ពុជាបានរៀបចំនូវកម្មវិធីដាក់បង្ហាញរថយន្ដប្រណីតជាច្រើនម៉ូដែល ព្រមទាំងតែងតាំងតារាចម្រៀង Original Song ស្រីមួយរូបដែលជាកូនកាត់ខ្មែរ-កាណាដា គឺកញ្ញា Laura Mamជាទូតសុឆន្ទៈសម្រាប់រថយន្ដប្រណីត Porsche នៅក្នុងបរិវេណហាង Apros Pub & Cafe ខណ្ឌចំការមន រាជធានីភ្នំពេញ។
ក្នុងឱកាសដ៏វិសេសវិសាលមួយនេះ តារាស្រីរូបនេះបានផ្ដល់បទសម្ភាសអមដោយទឹកមុខរំភើបសប្បាយរីករាយ ជាមួយអ្នកសារព័ត៌មាន ឡារ៉ែន ថា ៖ «ក្នុងនាមនាងខ្ញុំជាសិល្បការិនី និងជាតារាចម្រៀងបទនិពន្ធថ្មីឬ Original Song នាងខ្ញុំមានអារម្មណ៍រំភើបសប្បាយចិត្ត និងមានកិត្តយសយ៉ាងខ្លាំងដែលត្រូវបានក្រុមហ៊ុនរថយន្ដប្រណីតម៉ាកល្បីលំដាប់ពិភពលោក Porsche ជ្រើសរើសយកនាងខ្ញុំធ្វើជាទូតសុឆន្ទៈ ហើយពួកយើងមានការងារជាច្រើនទៀតសម្រាប់ប្រទេសកម្ពុជាតាមរយៈ Porsche ដែលនេះជាលើកទី 1 ហើយសម្រាប់នាងខ្ញុំ»។
ក្នុងការចាប់ផ្ដើមជាអ្នកតំណាងឱ្យក្រុមហ៊ុនខាងលើនេះ ម្ចាស់បទ “សុបិនស្នេហ៍” បានបន្ដប្រាប់ទៀតថា៖ «មូលហេតុដែលក្រុមហ៊ុនរថយន្ដលំដាប់ពិភពលោកមួយនេះជ្រើសរើសយកនាងខ្ញុំ គឺដោយសារនាងខ្ញុំជាតារាចម្រៀង Original Song ហើយ Porsche ក៏ជារថយន្ដ Original ដូចគ្នា ទើបនាងខ្ញុំមានឱកាសបានសហការរួមការងារជាមួយគ្នា ហើយក្នុងនោះផងដែរ ក្រុមហ៊ុនរថយន្ដប្រណីតមួយនេះក៏បានប្រគល់រថយន្ដ Porsche មួយគ្រឿងឱ្យនាងខ្ញុំបានសាកល្បងប្រើប្រាស់ផងដែរ ដែលជាម៉ូដែល Macan ពណ៌ខ្មៅ »។
គួរបញ្ជាក់ផងដែរ តារាចម្រៀង Laura Mam នឹងធ្វើជាទូតសុឆន្ទៈរបស់ក្រុមហ៊ុនរថយន្ដប្រណីត Porsche ដែលនាំចូលពីប្រទេស អាល្លឺម៉ង់នេះរយៈពេល 1 ឆ្នាំ ក្នុងការធ្វើការផ្សព្វផ្សាយនៅក្នុងប្រទេសកម្ពុជា។ កញ្ញាក៏បានបញ្ជាក់ផងដែរថា ចំពោះមុខងារនេះ គឺមិនមានផលប៉ះពាល់ដល់ការងារផលិតបទចម្រៀងជាមួយក្រុមហ៊ុនទូរស័ព្ទស្មាតឡើយ៕