ទ្រព្យសម្បត្តិរបស់ CEO នៃក្រុមហ៊ុន Tesla បច្ចុប្បន្នបានឡើងដល់136ពាន់លានដុល្លារអាមេរិក ដែលនេះបានជួយអះអាងបន្ថែមអំពីចំណាត់ថ្នាក់អ្នកមានជាងគេលំដាប់ទីពីរក្នុងពិភពលោករបស់មហាសេដ្ឋីនេះ។
បញ្ចប់ការជួញដូរក្នុងថ្ងៃទី24វិច្ឆិកា មូលបត្ររបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla បានកើនថែម 6.43%។ ប្រការនេះបានជួយឱ្យទ្រព្យសម្បត្តិរបស់លោក Elon Musk កើនឡើង7.7ពាន់លានដុល្លារបន្ថែមទៀត នាំឱ្យទ្រព្យសរុបរបស់មហាសេដ្ឋីជនជាតិអាមេរិកាំងដើមកំណើតអាហ្វ្រិកខាងត្បូងរូបនេះ ឡើងដល់136ពាន់លានដុល្លារ នេះបើតាម Bloomberg Billionaires Index។
តួលេខនៃទ្រព្យថ្មីរបស់់លោក កំពុងតែគាំទ្រ និងការពារតំណែងជាអ្នកមានជាងគេលំដាប់ទីពីរក្នុងពិភពលោកដែលទើបតែដណ្ដើមបានពីមហាសេដ្ឋី Bill Gates កាលពីថ្ងៃទី23វិច្ឆិកា។ បច្ចុប្បន្ន សហស្ថាបនិករបស់ក្រុមហ៊ុន Microsoft មានទ្រព្យសរុប 129ពាន់លានដុល្លារអាមេរិក កើន1.26ពាន់លានដុល្លារបន្ទាប់ពីបញ្ចប់ការជួញដូរមូលបត្រកាលពីម្សិលមិញ។
រាប់ចាប់ពីដើមឆ្នាំ2020 លោក Musk រកបានប្រាក់108ពាន់លានដុល្លារ ដោយសារមូលបត្រ Tesla កើនឡើងជាបន្តបន្ទាប់។ មូលបត្រនេះបានកើន550% នៅក្នុងឆ្នាំនេះ។
តម្លៃទុនរបស់ក្រុមហ៊ុនផលិតរថយន្ត Tesla កាលពីថ្ងៃទី24វិច្ឆិកាក៏បានកើនលើសពី500ពាន់លានដុល្លារជាលើកដំបូងផងដែរ។ តម្លៃទុនរបស់ក្រុមហ៊ុននេះ បច្ចុប្បន្ន ធំជាងទុនសរុបរបស់បណ្ដាក្រុមហ៊ុនផលិតរថយន្តធំៗក្នុងពិភពលោកបូកចូលគ្នាទៀតផង ក្នុងនោះរួមមាន Toyota, Volkswagen, GM, Ford, Fiat Chrysler និង PSA Group។
កាលពីខែមុន Tesla បានចេញរបាយការណ៍អំពីប្រាក់ចំណេញរបស់ខ្លួននៅក្នុងត្រីមាសទីបី ក្នុងនោះ ប្រាក់ចំណេញមានចំនួន874លានដុល្លារ កើន156% បើធៀបនឹងដំណាក់កាលដូចគ្នាកាលពីឆ្នាំទៅ (2019)។ Tesla ត្រូវបានគេរំពឹងថា នឹងលក់រថយន្តបានកន្លះលានគ្រឿងនៅក្នុងឆ្នាំនេះ។
កាលពីសប្ដាហ៍មុន S&P Global ក៏បានប្រកាសថា នឹងបញ្ចូលក្រុមហ៊ុន Tesla ទៅក្នុងសន្ទស្សន៍ S&P 500 ចាប់ពីចុងខែធ្នូនេះ។ ក្រុមអ្នកវិនិយោគចាត់ទុកថា នេះគឺជាសញ្ញាវិជ្ជមានសម្រាប់ក្ដីសង្ឃឹមនាពេលអនាគតរបស់ក្រុមហ៊ុន Tesla៕
Bloomberg, CNN