ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា (NBC) បានចេញសេចក្តីប្រកាសព័ត៌មានបន្ទាន់មួយ ព្រមានពិន័យ 400លានរៀលឬស្មើនឹង10ម៉ឺនដុល្លារពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងឡាយណា ដែលមិនអនុវត្តតាមសេចក្តីណែនាំក្នុងការផ្តល់កម្ចីកំណត់យកអត្រាការប្រាក់ 18% ក្នុងមួយឆ្នាំ។
សេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយនៅព្រឹកថ្ងៃទី18 ខែសីហានេះបានបញ្ជាក់ថាអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន និងក្នុងគោលដៅពង្រឹងកិច្ចគាំពារអតិថិជន ធនាគារជាតិនៃកម្ពុជាសម្រេច ៖
1.នឹងផាកពិន័យជាទឹកប្រាក់ចំនួន 400លានរៀលចំពោះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយណាដែលមិនអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិ ជាពិសេសប្រកាសស្តីពីតម្លាភាពក្នុងការផ្តល់សេវាឥណទានរបស់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ។
2.ធនាគារជាតិនៃកម្ពុជាបានបង្កើតប្រព័ន្ធទូរស័ព្ទ Hotline ចំនួន 4ខ្សែដើម្បីរង់ចាំទទួលព័ត៌មានអំពីអតិថិជនដែលមានបញ្ហាជាមួយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។
3.បន្តពង្រឹងការចុះត្រួតពិនិត្យដល់ទីកន្លែងចំពោះគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលស្ថិតក្រោមអាណាព្យាបាលរបស់ធនាគារជាតិនៃកម្ពុជា។
ដើម្បីឱ្យការអនុវត្តនេះប្រព្រឹត្តទៅដោយតម្លាភាព និងផ្តល់ជាប្រយោជន៍ទៅដល់អតិថិជន ឬប្រជាពលរដ្ឋ ធនាគារជាតិនៃកម្ពុជានឹងចាត់វិធានការយ៉ាងតឹងរ៉ឹងដូចមានចែងក្នុងជំពូក18, 19 និង20 នៃច្បាប់ស្តីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុចំពោះគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុណាដែលប្រព្រឹត្តល្មើស។
ជាមួយគ្នានេះដែរ ធនាគារជាតិបានក្រើនរំឭកទៅដល់ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ និងប្រតិបត្តិករឥណទានជនបទទាំងអស់ថា ទាំងអស់គឺជាគ្រឹះស្ថានឯកជនរកផលចំណេញ ហើយគ្រឹះស្ថានទាំងនោះមិនមែនជារបស់រដ្ឋទេ ដូច្នេះរាល់ការឃោសនាបោកប្រាស់ណាមួយដែលថា នឹងមានការលុបបំណុលរបស់អតិថិជននោះ មិនមែនជាការពិតទេ ហើយត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។
គួរបញ្ជាក់ថា ចាប់តាំងពីធនាគារជាតិតម្រូវឱ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុយកការប្រាក់ខ្ពស់បំផុតត្រឹម18%ក្នុងមួយឆ្នាំមកគេសង្កេតឃើញថា មានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុខ្លះមិនបានបញ្ចុះអត្រាការប្រាក់របស់ខ្លួនទេសម្រាប់អតិថិជនចាស់ និងថ្មីរបស់ខ្លួន គឺអាចថាគិត 2%ក្នុង 1ខែហើយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុផ្សេងទៀតយកការប្រាក់ 18%ក្នុង1ឆ្នាំ តាមធនាគារជាតិតម្រូវ តែអតិថិជនត្រូវបង់សេវាផ្សេងៗជាច្រើនដូចជាថ្លៃសេវារដ្ឋបាល គឺអតិថិជនត្រូវបង់ 0.5%ជារៀងរាល់ខែ ដូច្នេះសរុបទាំងសេវារដ្ឋបាល និងការប្រាក់អតិថិជនត្រូវបង់អស់ 2%ក្នុង1ខែដដែល ចំណែកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុផ្សេងទៀតយកការប្រាក់18% ក្នុង1ឆ្នាំមែន តែអតិថិជនត្រូវបង់ថ្លៃសេវារដ្ឋបាលផ្សេងៗ (fee) ទម្លាក់កម្ចីម្តង 3%បើខ្ចីរយៈពេល 3-6ខែ ឬ 6%បើខ្ចីរយៈពេល1ឆ្នាំដែលបើសរុបទាំងការប្រាក់ផងគឺនៅតែ24% ក្នុង1ឆ្នាំដដែល។
លោក សេន សុភ័ក្ត្រ ជាអតិថិជនដែលបានខ្ចីប្រាក់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបាននិយាយថា កាលពីអំឡុងពេលខ្ចីដំបូងនៅឆ្នាំ2015 លោកបានខ្ចីប្រាក់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយចំនួន 3,000ដុល្លារ ហើយបានតម្រូវឱ្យបង់ការប្រាក់1.7%ក្នុងមួយខែដោយមិនមានសេវារដ្ឋបាលនោះទេ ប៉ុន្តែក្រោយពីធនាគារជាតិប្រកាសឱ្យទម្លាក់អត្រាការប្រាក់ 18% ក្នុងមួយឆ្នាំមក ស្រាប់តែខាងគ្រឹះស្ថានមីក្រូហិញ្ញវត្ថុនោះតម្រូវឱ្យលោកបង់សេវារដ្ឋបាលផ្សេងៗ សរុបទាំងអស់លោកត្រូវចំណាយដល់ទៅ40ដុល្លារជាងឯណោះ ហើយនៅពេលសួរថា ហេតុអ្វីបានយកសេវារដ្ឋបាលនេះ ខាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាប់ថា ជាគោលការណ៍ថ្មី៕