មហាសេដ្ឋីដែលមានវ័យទើបតែ49ឆ្នាំរូបនេះ បច្ចុប្បន្នមានទ្រព្យជិត128ពាន់លានដុល្លារអាមេរិក ដោយសារមូលបត្ររបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla កើនឡើងយ៉ាងឆាប់រហ័សកាលពីម្សិលមិញ (23វិច្ឆិកា)។
យោងតាម Bloomberg Billionaires Index ប្រធានប្រតិបត្តិរបស់ក្រុមហ៊ុន Tesla លោក Elon Musk រកប្រាក់បាន7.2ពាន់លានដុល្លារបន្ថែមទៀតកាលពីថ្ងៃទី23វិច្ឆិកា បន្ទាប់ពីមូលបត្ររបស់ Tesla បានកើនឡើង6.6%។ បច្ចុប្បន្ន មហាសេដ្ឋី Elon Musk មានទ្រព្យ127.9ពាន់លានដុល្លារ ច្រើនជាងបន្តិចបើធៀបនឹង 127.7ពាន់លានដុល្លាររបស់សហស្ថាបនិកនៃក្រុមហ៊ុន Microsoft លោក Bill Gates។ ដូច្នេះ លោក Musk បានក្លាយជាមហាសេដ្ឋីដែលមានទ្រព្យច្រើនជាងគេលំដាប់ទីពីរក្នុងពិភពលោក ដោយនៅពីក្រោយម្ចាស់ផ្សារអនឡាញ Amazon លោក Jeff Bezos ដែលបច្ចុប្បន្ន មានទ្រព្យសរុប 182ពាន់លានដុល្លារអាមេរិក។
ឆ្នាំនេះ ដោយសារតែមូលបត្រ Tesla កើនឡើងខ្លាំង លោក Musk ក៏រកបានជាង100ពាន់លានដុល្លារបន្ថែមទៀត។ នេះគឺជាការកើនឡើងខ្ពស់បំផុតនៅក្នុងតារាងចំណាត់ថ្នាក់ Bloomberg Billionaires Index។ កាលពីខែមករា2020 លោក Musk ទើបតែជាប់ចំណាត់ថ្នាក់ទី35ប៉ុណ្ណោះ។
3ភាគ4នៃទ្រព្យរបស់លោក Musk បានមកពីមូលបត្រ Tesla ជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដែលបច្ចុប្បន្នមានតម្លៃទុនឡើងដល់500ពាន់លានដុល្លារអាមេរិក។ មូលបត្ររបស់លោក Musk នៅក្នុងក្រុមហ៊ុន Tesla មានតម្លៃខ្ពស់ជាងមូលបត្រនៅក្នុងក្រុមហ៊ុនអវកាស SpaceX ដល់ទៅ4ដងឯណោះ។
ដោយឡែក បើនិយាយអំពីទ្រព្យដែលលោក Bill Gates មាន នោះលោកនឹងនៅតែជាប់ចំណាត់ថ្នាក់លេខពីរក្នុងពិភពលោក បើសិនលោកមិនបានចំណាយរាប់សិបពាន់លានដុល្លារដើម្បីធ្វើសកម្មភាពមនុស្សធម៌។ គិតចាប់ពីឆ្នាំ2006 លោក Gates បានបរិចាគប្រាក់ជាង27ពាន់លានដុល្លារអាមេរិក តាមរយៈមូលនិធិមនុស្សធម៌ដែលមានដាក់ឈ្មោះលោក និងភរិយា៕
ប្រភព៖ Bloomberg