ភ្នំពេញ – ដោយថ្មីៗនេះនៅទីក្រុងភ្នំពេញទទួលបានបទពិសោធនៃការបាក់ដីនៅត្រង់ចំណុចការដ្ឋានសាងសង់គម្រោងដ៏ធំមួយមកពីប្រទេសកូរ៉េឈ្មោះថា ប៊ូយ៉ុង ដែលស្ទើរតែបង្កឱ្យមានបញ្ហាដល់វិថីសហព័ន្ធរុស្សីប្រសិនគ្មានការទប់ស្កាត់ទាន់ពេលវេលាទេនោះ។ អភិបាលរាជធានីភ្នំពេញបានអំពាវនាវដល់អ្នកវិនិយោគ និងក្រុមហ៊ុនម៉ៅការសាងសង់ទាំងអស់ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងសិក្សាឱ្យបានច្បាស់លាស់ដើម្បីបញ្ចៀសនូវហានិភ័យដែលអាចនឹងប៉ះពាល់ដល់ប្រជាពលរដ្ឋរស់នៅជុំវិញសំណង់អគារ និងម្ចាស់គម្រោងផ្ទាល់។
ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានី បានបញ្ជាក់ពីបទពិសោធដែលលោកធ្លាប់ជួបប្រទះកន្លងមកថា នៅពេលខ្ញុំនៅជាអភិបាលរងតែងជួបប្រទះជារឿយៗនូវបញ្ហា និងទទួលបានពាក្យបណ្ដឹងពីប្រជាពលរដ្ឋរស់នៅជិតខាងនៃខុនដូ និងសំណង់អគារខ្ពស់ៗនៅក្នុងរាជធានីភ្នំពេញ។ ពិសេសក្នុងខណ្ឌទាំង4ក្នុងទីក្រុងគ្រាដែលពួកគាត់រស់នៅជិតនោះជួបនឹងបញ្ហាប៉ះពាល់ និងខូចខាតដល់ទ្រព្យសម្បិត្ដដោយសារតែក្រុមហ៊ុនមិនបានសិក្សាឱ្យបានច្បាស់លាស់ពីសណ្ឋានដី ព្រោះភាគច្រើនទីតាំងនៅក្នុងខណ្ឌទាំង4នោះជាអតីតដីបឹងដែលត្រូវបានចាក់បំពេញដោយដីខ្សាច់។ ឯកឧត្ដមឃួង ស្រេង បានបញ្ជាក់ថា៖«ខ្ញុំសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងម្ចាស់គម្រោងវិនិយោគសូមសិក្សាឱ្យបានច្បាស់លាស់នឹងបង្កើនការប្រុងប្រយ័ត្នឱ្យបានហ្មត់ចត់មុននឹងធ្វើការជីកដីសាងសង់សំណង់របស់ខ្លួន។ ភាគច្រើនអគារខ្ពស់ៗ ឬខុនដូទាំងនោះត្រូវជីកដីចុះទៅក្រោមធ្វើចំណតរថយន្តក្រោមដី ដូច្នេះមុននឹងធ្វើចំណតទាំងនោះត្រូវតែមានបច្ចេកទេសទប់ស្កាត់កុំឱ្យមានការហូរច្រោះបាក់ដី ធ្វើយ៉ាងណាកុំឱ្យបង្កគ្រោះថា្នក់ដល់ប្រជាពលរដ្ឋជិតខាងដែលអាចនឹងកើតជាទំនាស់ ព្រោះនៅពេលមានទំនាស់វានឹងធ្វើឱ្យពួកគាត់ខាតពេលវេលា ខាតថវិកាព្រោះសំណង់នោះនឹងត្រូវផ្អាកជាបណ្តោះអាសន្ន»។
ជាងនេះទៅទៀតឯកឧត្ដមក៏បានសង្កត់ធ្ងន់ដល់ក្រុមហ៊ុនដែលទទួលម៉ៅការសាងសង់ត្រូវសិក្សាពីសណ្ឋានដីឱ្យបានច្បាស់លាស់ថា នៅក្នុងរាជធានីដីមួយផ្នែកធំជាដីបូមខ្សាច់ចាក់បំពេញមិនមែនជាដីឥដ្ឋ ឬដីគោកមានតាំងយូរយារមកនោះទេ។
ពាក់ព័ន្ធនឹងការស្រុតបាក់ដីនេះ ឯកឧត្ដមអភិបាលរាជធានីភ្នំពេញបានលើកឡើងថា យើងនឹងសិក្សាមើលនៅពេលក្រោយទៅលើគម្រោងអគារប៊ូយ៉ុងនោះថា តើបានអនុវត្ដទៅតាមបទដ្ឋានដែលក្រសួងបានដាក់ឱ្យអនុវត្ដដែរឬទេ? ប៉ុន្ដែបញ្ហាចំពោះមុខ រដ្ឋបាលសាលារាជធានីភ្នំពេញនឹងចុះពិនិត្យផ្ទាល់ដើម្បីទប់ស្កាត់នូវការបាក់ដីបន្ដទៀតដែលវាអាចនឹងបង្កឱ្យកាន់តែធ្ងន់ធ្ងរឡើង រហូតដល់អាចបណ្ដាលឱ្យបាក់ដាច់ដល់ផ្លូវសហព័ន្ធរុស្សីជាវិថីស្នូល និងសំខាន់បំផុតសម្រាប់ភ្ញៀវជាតិ និងអន្ដរជាតិតែងធ្វើដំណើរទៅមកជាប្រចាំ។
ឯកឧត្ដមបន្ដថា៖ «ដោយសារតែគិតគូរលើបញ្ហាបាក់ដីនេះហើយ ទើបយើងខ្ញុំចុះមកដល់ការដ្ឋានដើម្បីឱ្យគាត់បន្ថែមគ្រឿងចក្រ និងបង្កើនការចាក់ដីទប់ជើងទេរ ព្រោះបើយើងធ្វើកិច្ចការនេះមិនទាន់ពេលវេលាទេនោះ បញ្ហាធំនឹងអាចកើតមានឡើង ព្រោះផ្លូវនេះជាផ្លូវដ៏សំខាន់ និងជាផ្លូវអន្តរជាតិមួយសម្រាប់រាជធានីភ្នំពេញ»៕