ការប្រឡងមធ្យមសិក្សានាប៉ុន្មានឆ្នាំចុងក្រោយនេះ ជាព្រឹត្តិការណ៍មួយដែលធ្វើឱ្យមនុស្សគ្រប់គ្នានៅកម្ពុជាយកចិត្តទុកដាក់ និងចាប់អារម្មណ៍។ ក្នុងនោះក៏មានអភិបាលខេត្តជាច្រើនខេត្តចាប់ផ្តើមរៀបចំពិធីផ្តល់បទពិសោធ និងលើកទឹកចិត្តឱ្យសិស្សនៅក្នុងខេត្តដែលលោកគ្រប់គ្រងខិតខំប្រឡងឱ្យបានជាប់និទ្ទេសល្អៗច្រើនជាងខេត្តដទៃនៅកម្ពុជា។
ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាលបានលើកឡើងនៅក្នុងកម្មវិធីសំណេះសំណាលជាមួយនឹងសិស្សានុសិស្សត្រៀមប្រឡងបាក់ឌុបនៅក្រុងតាខ្មៅថា សិស្សានុសិស្សជាផ្នែកមួយយ៉ាងសំខាន់ក្នុងរបស់សង្គម ដែលពួកគេជាអ្នកបន្តវេន និងជាធនធានដែលសង្គមត្រូវការដើម្បីដឹកនាំនាវាសង្គមនាថ្ងៃអនាគតឱ្យឆ្ពោះទៅរកវឌ្ឍភាព។ នៅប៉ុន្មានថ្ងៃទៀតនេះសិស្សថ្នាក់ទី 12 នឹងត្រូវប្រឡងមធ្យមសិក្សាទុតិយភូមិ ហេតុនេះសិស្សានុសិស្សត្រូវត្រៀមខ្លួន និងខិតខំឱ្យអស់ពីលទ្ធភាពដើម្បីឆ្លងកាត់ដំណាក់កាលដ៏មានតម្លៃមួយនេះ។
ឯកឧត្តម ម៉ៅ ភិរុណ បានមានប្រសាសន៍ថា៖ «បេក្ខជនដែលប្រឡងប្រកបដោយភាពជោគជ័យ គឺអាស្រ័យលើការចូលរួមយ៉ាងពីកត្តាសំខាន់ៗចំនួន4 គឺ កត្តាគ្រូ កត្តាសិស្ស កត្តាសង្គម និងកត្តាប្រព័ន្ធអប់រំ»។
ឯកឧត្តម ម៉ៅ ភិរុណ បានលើកឡើងផងដែរថា កត្តាសំខាន់ទាំង4 នេះមានតួនាទីសំខាន់ក្នុងការបណ្តុះបណ្តាលដល់យុវជន ដើម្បីស្ថាបនាប្រទេសឱ្យរីកចម្រើនដូចបណ្តាប្រទេសនានាក្នុងសកលលោក។ ក្នុងនោះ លោកគ្រូអ្នកគ្រូក៏មានតួនាទីសំខាន់ណាស់ក្នុងការបណ្តុះបណ្តាលសិស្សឱ្យមានសមត្ថភាពខ្ពស់ និងប្រកបដោយការទទួលខុសត្រូវខ្ពស់។
ចំពោះសិស្សខ្លួនឯងវិញក៏ត្រូវខិតខំរៀនសូត្រ និងរំលឹកមេរៀនឱ្យបានល្អដើម្បីត្រៀមប្រឡងយកសញ្ញាបត្រដែលនឹងចូលមកដល់នាថ្ងៃទី21 ខែសីហា ឆ្នាំ2017 ដោយប្រកាន់យកទិសស្លោកថា «អ្នកចេះគឺជាប់» និងចងចាំផងដែរថា «ផ្លូវទៅកាន់ភាពជោគជ័យគឺគ្មានដានជើងមនុស្សខ្ជិលនោះទេ»៕