មូលបត្រ Tesla ទើបតែបានបញ្ចប់សប្ដាហ៍ដែលបានឡើងថ្លៃខ្ពស់បំផុតនៅក្នុងរយៈពេល3ខែមកនេះ ក្រោយពីមានដំណឹងថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីមួយនេះ ជិតបានក្លាយជាសមាជិកមួយរបស់ S&P 500 នៅខែក្រោយ។
សារព័ត៌មាន Bloomberg បានឱ្យដឹងថា ការឡើងថ្លៃខ្ពស់របស់មូលបត្រ Tesla បណ្ដាលមកពីក្រុមអ្នកវិនិយោគនាំគ្នាសម្រុកចូលទិញមូលបត្រ បន្ទាប់ពីក្រុមហ៊ុននេះត្រៀមខ្លួនចូលជា “សមាជិកក្លឹប” នៃក្រុមហ៊ុនទាំង500 ដែលមានតម្លៃបំផុតក្នុងពិភពលោក។
ក្រៅពីនេះ ការឡើងថ្លៃរបស់មូលបត្រ Tesla ក៏បានបន្ថែមទ្រព្យចំនួន19ពាន់លានដុល្លារ ទៅក្នុងសម្បត្តិរបស់ស្ថាបនិក និងជា CEO របស់ Tesla លោក Elon Musk ផងដែរ។
នៅក្នុងការជួញដូរមូលបត្រកាលពីថ្ងៃព្រហស្បតិ៍ តម្លៃមូលបត្រ Tesla មានពេលខ្លះបានឡើងដល់ 508.61ដុល្លារក្នុង1ហ៊ុន ដែលនេះបាននាំឱ្យវាក្លាយជាមូលបត្រដែលឡើងថ្លៃខ្ពស់ជាងគេនៅលើសន្ទស្សន៍ Nasdag ក្នុងសប្ដាហ៍នេះ។
សម្រាប់ថ្ងៃសុក្រសប្ដាហ៍នេះ ដោយសារតែមានអ្នកវិនិយោគមួយចំនួនបាននាំគ្នាលក់ចេញដើម្បីយកចំណេញ ធ្វើឱ្យតម្លៃមូលបត្រ Tesla ធ្លាក់ចុះជាង1.9% ដោយបិទការជួញដូរក្នុងតម្លៃ 489.61ដុល្លារក្នុង1ហ៊ុន។
គិតជារួម ក្នុងសប្ដាហ៍នេះ មូលបត្រ Tesla បានកើនប្រមាណ 20% ដែលជាកំណើនខ្ពស់បំផុតរាប់ចាប់ពីថ្ងៃទី21សីហា2020។ ដោយសារកត្តានេះហើយ បាននាំឱ្យតម្លៃទុនរបស់ Tesla ឡើងដល់ 464ពាន់លានដុល្លារអាមេរិក។
យោងតាម Bloomberg បច្ចុប្បន្នលោក Elon Musk មានទ្រព្យសរុប ជាង 121ពាន់លានដុល្លារ កើន19ពាន់លានដុល្លារបើធៀបនឹងដើមសប្ដាហ៍នេះ។ ក្នុងឆ្នាំនេះ មហាសេដ្ឋីជនជាតិអាមរិកាំងដើមកំណើតអាហ្វ្រិកខាងត្បូងនេះ រកបានជាង 93ពាន់លានដុល្លារអាមេរិក ដោយសារតម្លៃមូលបត្រ Tesla កើនជិត 470%។
ទ្រព្យរបស់លោក Musk នៅទាបជាង 7ពាន់លានដុល្លារប៉ុណ្ណោះ បើធៀបជាមួយនឹងទ្រព្យរបស់លោក Bill Gates ដែលជាស្ថាបនិករបស់ Microsoft និងជាអ្នកមានជាងគេលំដាប់ទីពីរក្នុងពិភពលោក នៅក្នុងបញ្ជីចំណាត់ថ្នាក់របស់ Bloomberg Billionaires Index។ កាលពីប៉ុន្មានថ្ងៃកន្លងទៅ លោក Elon Musk ក៏ដណ្ដើមបានចំណាត់ថ្នាក់អ្នកមានជាងគេលំដាប់ទីបីក្នុងពិភពលោក ពីម្ចាស់ Facebook លោក Mark Zuckerberg ផងដែរ៕
ប្រភព៖ Bloomberg