ក្រោយរូបភាព និងវីដេអូច្រៀងរបស់ប្អូនស្រី យ៉ង ស្រីនីត ត្រូវបានអ្នកលេងបណ្ដាញសង្គមជាច្រើនយករូបនាងចែកចាយបន្តគ្នារួចមក ស្រាប់តែនៅពេលថ្មីនេះ តារាកំប្លែងដ៏ល្បីឈ្មោះ លោក ពាក់មី បានប្រកាសរកលេងទូរស័ព្ទនាង ដើម្បីបានទាក់ទង និងហៅមកថតជាមួយ។ ម្យ៉ាងវិញទៀត អាចនិយាយថា នេះជាដំណឹងមួយដ៏ល្អសម្រាប់ប្អូនស្រីម្នាក់នេះ ដែលទទួលបានឱកាសពិសេសមួយសម្រាប់នាង ដើម្បីបានថតនិងបង្ហាញសមត្ថភាពយ៉ាងដូច្នេះ។
បើយោងទៅតាមគណនីហ្វេសប៊ុកផេកមួយដែលមានឈ្មោះថា « ចៅមាណព Chavmeanup » បានធ្វើការបង្ហោះរូបថតរបស់ក្មេងស្រីម្នាក់នេះនិងភ្ជាប់មកជាមួយសាររៀបរាប់ពីប្រវត្តិក្មេងស្រីនេះថា ៖ « ស្នាមញញឹមនៃសេចក្ដីសង្ឃឹម របស់កុមារីម្នាក់នៅខេត្តមណ្ឌល គីរី ដែលចង់សិក្សាហើយចង់ប្រែក្លាយអនាគតគ្រួសារ នឹងសំរេចបំណងប្រាថ្នាជា អ្នកគ្រូបង្រៀននឹងជាសិល្បការិនី ។ បន្ទាប់ពីលក់របស់របរបន្តិចបន្តួចអោយភ្ញៀវអស់ នាងបានច្រៀងបទចំរៀងដែលនាងច្រៀងពិរោះឱ្យយើងទាំងអស់គ្នាស្តាប់ បន្ទាប់ពីទស្សនា យ៉ាងណាមិញ កុមារីរូបនេះមានឈ្មោះ យ៉ង់ ស្រីនីត បច្ចុប្បន្ននាងមានអាយុ ១១ឆ្នាំ និងកំពុងសិក្សានៅក្នុងថ្នាក់ទី៥។
ដោយឡែកថ្មីៗ ក្រោយឃើញតារាកំប្លែងរូបនេះ បង្ហោះសារស្វែងរកកុមារីរូបនេះរួច មានទស្សនិកជន និងហ្វេនជាច្រើន បានសម្ដែងនូវក្ដីរំភើបជំនួសក្មេងស្រីរូបនេះគ្រប់គ្នាតែម្ដង។ សព្វថ្ងៃ កុមារីរូបនេះ ទទួលបានការងារសិល្បៈជាច្រើន តាមរយៈការសម្ដែង ការបង្ហាញមុខក្នុង Show ការថតសម្អាងការជាដើម។ គួរជម្រាបផងដែរថា កុមារី យ៉ង់ ស្រីនីត កំពុងរស់នៅក្នុងខេត្តមណ្ឌលគីរីជាមួយឪពុកម្ដាយ ដែលមានជីវភាពខ្វះខាត ក្រៅពីរៀននាងបានដើរលក់ចេកឆាប ដើម្បីផ្គត់ផ្អង់ជីវភាពផងដែរ៕