ស្ថាប័នអន្តរជាតិ OpenSignal ដែលមានជំនាញលើការធ្វើតេស្តល្បឿនអ៊ីនធើណេតមានមូលដ្ឋាននៅចក្រភពអង់គ្លេសបានចេញរបាយការណ៍មួយថា ល្បឿនអ៊ីនធើណេត 4G LTE របស់ក្រុមហ៊ុន Cellcard មានល្បឿនលឿនជាងអ៊ីនធើណេត 4G LTE ដែលកំពុងប្រើលើពិភពលោកទៅទៀត ក្រោយពីស្ថាប័នមួយនេះបានធ្វើការសិក្សាអស់រយៈពេល 3 ខែនៅកម្ពុជា។
តាមរបាយការណ៍ដែលបានចុះផ្សាយកាលពីពេលថ្មីៗនេះបានបង្ហាញថា Cellcard បានជាប់លេខមួយក្នុងចំណោមក្រុមហ៊ុនបណ្ដាញទូរស័ព្ទចល័តធំៗក្នុងប្រទេសជាមួយនឹងល្បឿនដោនឡូត 4G LTE របស់ខ្លួនមានល្បឿនជាមធ្យមដល់ទៅ 19.7 Mbps លឿនជាងគេ 2ដងបើប្រៀបធៀបជាមួយលទ្ធផលនៃការធ្វើតេស្ដដូចគ្នារបស់ក្រុមហ៊ុន Smart Axiata។ លើសពីនេះទៅទៀត OpenSignal បានបន្ថែមថា ល្បឿននៃការដោនឡូតរបស់ Cellcard មានល្បឿនលឿនជាងល្បឿនដោនឡូត 4G LTE របស់ពិភពលោកទៅទៀត ដែលជាមធ្យមមានល្បឿនត្រឹមតែ16.2 Mbps ប៉ុណ្ណោះ។
របាយការណ៍ខាងលើនេះ ត្រូវបានឱ្យដឹងក្រោយពីស្ថាប័នអន្តរជាតិមួយនេះធ្វើការសិក្សាចាប់ពីថ្ងៃទី1 ខែមេសា ដល់ថ្ងៃទី30 ខែមិថុនា ឆ្នាំ2017កន្លងទៅ លើក្រុមហ៊ុនចំនួន 3 គឺ Cellcard, Metfone និង Smart Axiata។ ក្នុងនោះ ក្រៅពីល្បឿនអ៊ីនធើណេត4G LTE ហើយ សេវាគ្របដណ្តប់ 4GLTE របស់ Cellcard ក៏មានភាពទូលំទូលាយផងដែរ ដោយទទួលបានពិន្ទុខ្ពស់ជាង 70% ធ្វើឱ្យអតិថិជនខ្លួនអាចភ្ជាប់ទៅសេវា 4G បានញឹកញាប់ និងលឿនជាងមុន។ ការវាស់ស្ទង់លើវិសាលភាពនៃបណ្តាញសេវារបស់ OpenSignal នេះធ្វើឡើងដោយវាស់ស្ទង់លើចំនួនដងនៃការចូលទៅប្រើបណ្តាញសេវា។ តាមរយៈការធ្វើតេស្តនេះ អ្នកប្រើប្រាស់អាចចូលប្រើសេវា 4G បានរហូតដល់ 7ដង ក្នុងចំណោម10ដង៕
ប្រភព៖ https://goo.gl/uR22rY