Norwegian Air (ន័រវែស) ទើបតែក្លាយជាជនរងគ្រោះធំជាងគេបង្អស់់ក្នុងវិស័យអាកាសចរណ៍ ដោយសារតែវិបត្តិសុខភាពពិភពលោក។
ក្រុមហ៊ុនអាកាសចរណ៍ន័រវែស Norwegian Air កាលពីថ្ងៃទី18វិច្ឆិកា បានសម្រេចចិត្តដាក់ពាក្យសុំការការពារលើការក្ស័យធនរបស់ខ្លួននៅប្រទេសអៀរឡង់ ជាមូលដ្ឋានរបស់យន្តហោះភាគច្រើននៃក្រុមហ៊ុននេះ។ យោងតាមច្បាប់ប្រទេសអៀរឡង់ ក្រុមហ៊ុននេះនឹងទទួលបានការការពារនៅចំពោះមុខម្ចាស់បំណុលក្នុងរយៈពេល100ថ្ងៃ។
Norwegian Air បានឱ្យដឹងថា៖ “គោលបំណងនៃដំណើរការនេះគឺដើម្បីកាត់បន្ថយបំណុល កែសម្រួលទំហំនៃក្រុមហោះហើរ និងប្រមូលទុនថ្មី”។ ដំណើរការនេះនឹងអូសបន្លាយពេលចំនួន5ខែ។ គិតមកដល់ពេលនេះ Norwegian Air គឺជាជនរងគ្រោះធំបំផុតនៅក្នុងវិស័យអាកាសចរណ៍ ដោយសារតែមហារោគរាតត្បាត Covid-19 នេះបើតាមសារព័ត៌មាន Financial Times។
Norwegian Air ត្រូវបានបង្កើតឡើងកាលពីឆ្នាំ1993 និងបានស្គាល់ការរីកចម្រើនយ៉ាងឆាប់រហ័សក្នុងអំឡុង1ទសវត្សរ៍កន្លងទៅ។ ពួកគេប្រើប្រាស់រូបមន្តជំនួញរបស់ Ryanair នៅអឺរ៉ុប និង Southwest Airlines នៅសហរដ្ឋអាមេរិក ជាមួយនឹងជើងហោះហើរឆ្លងមហាសមុទ្រអាត្លង់ទិក។ ក៏ប៉ុន្តែ មហិច្ឆតានេះបាននាំឱ្យពួកគេត្រូវជំពាក់បំណុលវ័ណ្ឌក។
កាលពីថ្ងៃទី18វិច្ឆិកា Norwegian បានឱ្យដឹងថា ពួកគេនឹងបន្តដំណើរការជើងហោះហើរដែលមាននាបច្ចុប្បន្ន។ មូលបត្ររបស់ក្រុមហ៊ុននេះដែលដាក់ឱ្យជួញដូរនៅលើផ្សារហ៊ុនន័រវែស បានបាត់បង់តម្លៃជាង98% នៅក្នុងឆ្នាំ2020។ មុននេះ Norwegian ក៏ជួបបញ្ហាធំផងដែរ ដោយសារយន្តហោះ 737 Max ត្រូវបានហាមការហោះហើរពេញ20ខែ ក្រោយពីជួបគ្រោះថ្នាក់ដែលបានបណ្ដាលឱ្យមានមនុស្សស្លាប់។
កាលពីសប្ដាហ៍មុន Norwegian ក៏បានព្រមានថា ពួកគេត្រូវការសាច់ប្រាក់សុទ្ធបន្ថែមទៀតដើម្បីបន្តដំណើរការរហូតដល់ត្រីមាសដំបូងនៃឆ្នាំ2021 និងយូរជាងនេះ។ កាលពីខែឧសភា ក្រុមហ៊ុននេះក៏ទទួលបានប្រាក់កម្ចីជិត299លានដុល្លារពីរដ្ឋាភិបាល។ ប៉ុន្តែ រដ្ឋាភិបាលន័រវែសឱ្យដឹងថា នឹងមិនផ្ដល់ជំនួយបន្ថែមទៀតឡើយ។ គិតមកដល់ដំណាច់ខែកញ្ញា2020 ក្រុមហ៊ុន Norwegian ជំពាក់បំណុលដល់ទៅ 48ពាន់លានក្រោន (ជាង 5.31ពាន់លានដុល្លារអាមេរិក)៕
ប្រភព៖ CNN, FT