បើលោកអ្នកជាមនុស្សម្នាក់ក្នុងចំណោមមនុស្សដែលរស់នៅក្នុងផ្ទះល្វែងជាន់លើដែលមានទីធ្លាតូច តែចិត្តធំ ចង់បែងចែកទីកន្លែងដ៏មានកំណត់នៅក្នុងផ្ទះ(ល្វែង)របស់ខ្លួនឱ្យមានពណ៌ខៀវខ្ចី ស្រស់ស្រាយរបស់រុក្ខជាតិ ឬចង់ទាញយកធម្មជាតិចូលមកធ្វើជាផ្នែកមួយរបស់ជីវិត តែទាស់ត្រង់ទីធ្លា(មុខ)ផ្ទះវាមានតូចពេក គិតចង់ធ្វើអីថែម(សួនច្បារ) ក៏វាមិនបានដូចចិត្តប្រាថ្នានោះ…សូមប្រាប់ថា ពេលនេះមិនចាំបាច់បារម្ភទៀតទេ ព្រោះយើងមានអៃឌៀល្អៗមកជម្រាបជូនអ្នកដែលមាន “ទីធ្លាតូច” តែចិត្តធំទាំងឡាយឱ្យបានសប្បាយចិត្តដូចតទៅ៖
សួនច្បារក្នុងផើង ជម្រើសរបស់អ្នកដែលផ្ទះមានទីធ្លាតូច ឬអ្នករស់នៅក្នុងផ្ទះល្វែងជាន់លើ
សួនច្បារក្នុងផើង គឺជាចម្លើយដ៏ត្រឹមត្រូវមួយសម្រាប់អ្នកដែលស្នាក់អាស្រ័យនៅក្នុងទីកន្លែងដែលមានកំណត់ ដូចជា នៅក្នុងខុនដូ ឬផ្ទះល្វែងក្នុងទីក្រុងជាដើម ព្រោះ…៖
- ផើងផ្កាងាយស្រួលទុកដាក់ រៀបចំ និងក្នុងទីធ្លាតូចចង្អៀតក៏អាចនៅបាន។
- ផើងផ្កា មិនប្រកាន់ទីកន្លែង អាចលើកទៅនេះទៅនោះបាន មិនចេះខឹង និងសុខចិត្តទៅតាមចិត្តយើងជានិច្ច។
- ផើងផ្កា អាចរៀបចំតុបតែងឱ្យស្អាតបានច្រើនបែប ច្រើនយ៉ាង និងយ៉ាងសមសួន គ្រាន់តែតុបតែងផើង ទីកន្លែងបន្តិចបន្តួចប៉ុណ្ណោះ និងមិនចាំបាច់ចំណាយដើមទុន និងកម្លាំងកំហែងច្រើនទៀតផង។
ការរៀបចំសួនច្បារក្នុងផើងអាចធ្វើបានយ៉ាងងាយ ដោយគ្រាន់តែលោកអ្នកជ្រើសរើសដើមផ្កាណាដែលលោកអ្នកស្រឡាញ់ចូលចិត្ត ដាក់ដាំនៅក្នុងផើងដែលមានរូបរាង និងក្បាច់ក្បូរស្អាតៗ ដាក់តម្រៀបគ្នាយ៉ាងមានស្ទីល តែប៉ុណ្ណឹងលោកអ្នកនឹងបានសួនច្បារដ៏តូចស្អាតមួយនៅក្នុងផ្ទះដូចក្តីប្រាថ្នាបាត់ទៅហើយ។
ចំណុចដែលគួរដឹង សម្រាប់ការរៀបចំសួនច្បារក្នុងផើង
អ្នកដែលអាចរស់នៅជាមួយនឹងដើមផ្កានៅក្នុងផើងបានគួរតែដឹងបន្តិចដែរថា ដើមផ្កាដែលដាំនៅក្នុងផើង ត្រូវតែឧស្សាហ៍មើលថែទាំឱ្យបានញឹកញាប់ជាងដើមផ្កាដែលដាំនៅលើដី ជាពិសេសរឿងទឹក ដី និងពន្លឺថ្ងៃ ត្រូវតែយកចិត្តទុកដាក់ជាពិសេស ដោយសារតែដើមផ្កាដែលដាំនៅក្នុងផើងមានដីតិចជាង និងអាចខ្វះខាតសារធាតុចិញ្ចឹម ងាយខ្វះសំណើមជាងដើមផ្កាដែលដាំនៅលើដីហ្នឹងឯង៕