កម្ពុជាកំពុងត្រៀមខ្លួនបំបែកកំណត់ត្រាពិភពលោកតាមរយៈការបង្កើនចំនួនសហគ្រិនក្នុងយុទ្ធនាការរៀនធ្វើជំនួញ ឬ #GoBusiness17 ដែលរៀបចំឡើងដោយក្រសួងអប់រំ យុវជន និងកីឡា។
កម្មវីធីរៀនធ្វើជំនួញនេះ ជាយុទ្ធនាការលើកកម្ពស់ការយល់ដឹងរបស់យុវជនដែលមានអាយុចាប់ពី 15ឆ្នាំ ដល់ 29ឆ្នាំ ចំនួន 3000នាក់ ឱ្យចូលរួមវគ្គបណ្តុះបណ្តាលសហគ្រិនភាព ជំរុញកិច្ចសហការ និងការសម្របសម្រួលរវាងវិស័យនានាដើម្បីគាំទ្រដល់សហគ្រិនវ័យក្មេង និងដើម្បីត្រៀមជាផ្លូវការដើម្បីបំបែកកំណត់ត្រាពិភពលោក Guinness។
សកម្មភាពដែលនឹងធ្វើនៅក្នុងយុទ្ធនាការរៀនធ្វើជំនួញ ឬ#GoBusiness17 នេះមាន 4ចំណុចសំខាន់ៗដូចជា សកម្មភាពទី1 គឺការប៉ុនប៉ងជាផ្លូវការដើម្បីបំបែកកំណត់ត្រាពិភពលោក Guinness ស្តីពីសិក្ខាសាលាធុរកិច្ចជាក់ស្តែងដ៏ធំបំផុត។ ទី2 គឺកិច្ចប្រជុំតុមូលស្តីពីភាពជាសហគ្រិន ដែលមានការចូលរួមពីមន្ត្រីរដ្ឋាភិបាល អង្គការជាតិ អន្តរជាតិ អង្គការដែលជាដៃគូ អ្នកផ្តល់សេវាអប់រំ សហគ្រិនជោគជ័យ និងភាគីពាក់ព័ន្ធដទៃទៀត។ ទី3 គឺវីដេអូប្រកាសពីសេវាកម្មសាធារណៈដើម្បីលើកកម្ពស់ឱកាសសម្រាប់យុវជនក្នុងការទទួលបាននូវការបណ្តុះបណ្តាល និងការគាំទ្រអំពីសហគ្រិនភាព និងទី4 គឺការផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយសង្គមដល់យុវជន និងការលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់យុវជន ត្រូវបានរៀបចំឡើងដើម្បីបង្ហាត់យុវជនអភិវឌ្ឍសមត្ថភាព និងការយល់ដឹងពីសហគ្រិនភាព។
រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ហង់ ជួនណារ៉ុន បានលើកឡើងថា យុទ្ធនាការនេះ អាចនឹងបង្កើតបទពិសោធរៀនសូត្ររបស់យុវជនកម្ពុជាដោយអភិវឌ្ឍគំនិត និងជំនាញដែលចាំបាច់ក្នុងការប្រែក្លាយគំនិតអាជីវកម្មទៅជាការវិនិយោគផ្នែកពាណិជ្ជកម្មមួយពិតប្រាកដសម្រាប់ការបង្កើតការងារដោយ ខ្លួនឯង។
ឯកឧត្តម ហង់ ជួនណារ៉ុន មានប្រសាសន៍ថា៖ «តាមរយៈការបណ្តុះបណ្តាលសហគ្រិនភាពនេះ យុវជនអាចបង្កើនជំនាញទន់ ហើយជួយពួកគេឱ្យត្រៀមខ្លួនសម្រាប់ទីផ្សារការងារ ឬការបង្កើតការងារដោយខ្លួនឯងបន្ទាប់ពីបញ្ចប់ការសិក្សា។ ជារឿងសំខាន់ដែលយុវជនមានស្មារតីយល់ដឹងពីសហគ្រិនភាព និងភាពជាអ្នកដឹកនាំក្នុងការអភិវឌ្ឍប្រទេសជាតិ»។
គម្រោងមួយនេះមានការគាំទ្រពីអង្គការអន្តរជាតិផ្នែកការងារ (ILO) រួមជាមួយនឹងដៃគូសហការនានាជាច្រើនទៀត៕