ជនជាតិចិនម្នាក់បានចំណាយប្រាក់ 1.9លានដុល្លារអាមេរិកដើម្បីទិញសត្វព្រាប1ក្បាលដែលធ្លាប់ដណ្ដើមបានពានរង្វាន់ និងបំបែកឯតទគ្គកម្មកន្លងមក។
សត្វព្រាបញី1ក្បាលឈ្មោះ New Kim ធ្លាប់ដណ្ដើមបានពានរង្វាន់បក្សីតូចល្អបំផុតប្រចាំប្រទេសបែលហ្ស៊ិកកាលពីឆ្នាំ2018 ដែលជាការវាយតម្លៃខ្ពស់មួយនៅក្នុងប្រទេសដែលមានឈ្មោះល្បីល្បាញក្នុងការចិញ្ចឹមសត្វព្រាប។ New Kim អាយុ2ឆ្នាំ ត្រូវបានលក់កាលពីថ្ងៃទី15វិច្ឆិកា បន្ទាប់ពីមានការប្រជែងគ្នាទិញរវាងជនជាតិចិន2រូប ដែលម្នាក់ឈ្មោះ Hitman និងម្នាក់ទៀតឈ្មោះ Super Duper។ Super Duper បានឱ្យថ្លៃ 1.9លានដុល្លារអាមេរិក ដែលនេះបានបំបែកឯតទគ្គកម្មកាលពីឆ្នាំទៅរបស់សត្វព្រាប1ក្បាលឈ្មោះ Armando ដែលជាព្រាបកូនកាត់របស់បែលហ្ស៊ិក ត្រូវបានលក់ក្នុងតម្លៃ 1.42លានដុល្លារអាមេរិក។
សត្វព្រាបឈ្មោលតែងតែមានតម្លៃខ្ពស់ជាងព្រាបញី ព្រោះវាងាយស្រួលក្នុងការបង្កាត់ពូជ នេះបើតាម Nikolaas Gyselbrecht ជា CEO និងជាស្ថាបនិកក្រុមហ៊ុនដេញថ្លៃ Pipa ដែលបានរៀបចំពិធីដេញថ្លៃលក់សត្វព្រាបកាលពីថ្ងៃអាទិត្យកន្លងទៅ។
Gyselbrecht និយាយថា៖ “ការបំបែកឯតទគ្គកម្មនេះពិតជាមិនគួរឱ្យជឿ ព្រោះថា លើកនេះវាជាសត្វព្រាបញី ចំណែក Armando គឺជាព្រាបឈ្មោល”។
Kurt Van de Wouwer ដែលជាអ្នកចិញ្ចឹម New Kim និយាយថា៖ “យើងគ្រប់គ្នាពិតជាភ្ញាក់ផ្អើលខ្លាំងណាស់”។
ឪពុករបស់ Kurt Van de លោក Gaston Van de Wouwer គឺជាអ្នកបង្កាត់ពូជសត្វដ៏ល្បីឈ្មោះនៅក្នុងពិភពអ្នកប្រណាំងព្រាប។ គ្រួសារនេះលក់ព្រាបបានចំនួន445ក្បាល រកចំណូលបាន11លានដុល្លារអាមេរិក។ អតិថិជនជាជនជាតិចិន បានទិញចំនួន2/3នៃហ្វូងព្រាប រួមមាន9ក្បាលជាព្រាបមានតម្លៃថ្លៃបំផុត ក្នុងនោះមានមួយចំនួនជាកូនរបស់ New Kim ផងដែរ។
New Kim នឹងក្លាយជា “ព្រាបពងមាស” របស់ម្ចាស់ថ្មី ដែលពួកគេមានគម្រោងយកព្រាបដែលទិញបានទៅបង្កាត់ពូជ និងធ្វើអាជីវកម្ម។ អ្នកដែលបានទិញ New Kim ទំនងជាមនុស្សម្នាក់ដែលបានទិញ Armando។ មានន័យថា អតិថិជនម្នាក់នេះ អាចនឹងបង្កាត់ពូជចេញពីសត្វព្រាប2ក្បាលដែលខ្លួនបានទិញក្នុងតម្លៃរាប់លានដុល្លារអាមេរិកនោះ។
សត្វព្រាបអាចបន្តពូជរហូតដល់វាមានអាយុ10ឆ្នាំ ដូច្នេះ New Kim នៅមានពេលច្រើនទៀតដើម្បីបន្តពូជ ក៏ដូចជារកប្រាក់ឱ្យម្ចាស់ថ្មី។
បែលហ្ស៊ិកគឺជា “មជ្ឈមណ្ឌល” នៃការចិញ្ចឹមព្រាប ដោយសារតែមានប្រវត្តិយូរអង្វែងជាមួយនឹងល្បែងកីឡាប្រកួតសត្វបក្សីជាច្រើនប្រភេទ ពិសេសគឺសត្វព្រាប ដែលត្រូវបានធ្វើឡើងជាបន្តបន្ទាប់។ ដើមឡើយ កីឡាប្រណាំងប្រជែង ឬប្រកួតសមត្ថភាពរបស់សត្វព្រាបនេះគឺជាកីឡាសម្រាប់ស្រទាប់វណ្ណពលករប៉ុណ្ណោះ ប៉ុន្តែ បច្ចុប្បន្នវាបានក្លាយជាកីឡារបស់វណ្ណអភិជនទៅវិញ នៅពេលក្រុមអ្នកវិនិយោគចិនបានលោតពាក់ព័ន្ធនឹងល្បែងនេះចាប់ពីទសវត្សរ៍មុន។ ក្រុមអ្នកលេងទាំងនេះ មិនខ្លាចនឹងចំណាយប្រាក់ច្រើនដើម្បីទិញព្រាបបែលហ្ស៊ិកណាដែលល្អបំផុត៕
ប្រភព៖ Global News