រាត្រីមួយ ខណៈដែលនាងខ្ញុំស្ថិតនៅជាយក្រុង ប៉ូល ស្វាមីរបស់នាងខ្ញុំបានចូលទៅក្នុងព្រះវិហារដែលកូនប្រុសពៅរបស់យើងធ្វើជាអ្នកបួសនៅទីនោះ។ គាត់មានសេចក្ដីសុខខ្លាំងណាស់ ពេលបាននៅជាមួយ អេវ៉ា និងណូលែនដែលជាចៅតូចៗរបស់យើង។ នៅពេលចប់ការងារ ប៉ូលក៏ពោលពាក្យលាអ្នកទាំងអស់ ហើយគាត់ដើរតម្រង់ទៅទ្វារចេញ តែមួយភ្លែតនោះក៏បានឮស្នូរជើងតូចៗរបស់ណូលែនតាមពីក្រោយខ្នងគាត់ ព្រមទាំងស្រែកហៅថា “លោកតា! លោកតា! កុំអាលទៅអី! ខ្ញុំចង់ឱ្យលោកតាឱបខ្ញុំម្ដងទៀតបានទេលោកតា មុនបែកគ្នា…”។ ត្រូវហើយ នោះគឺជាអំឡុងពេលដ៏សែនរំភើបចិត្ត និងធ្វើឱ្យនាងខ្ញុំនឹកទៅដល់រង្វាន់នៃការឱប…៖
1 . ការឱបធ្វើឱ្យមានអារម្មណ៍ធូរស្រាល
ក្រោយពីឪពុករបស់នាងខ្ញុំធ្វើអត្តឃាត ស្រ្តីប្លែកមុខម្នាក់បានឈានជើងចូលមករកនាងខ្ញុំ និងពោលតិចៗឡើងថា “ឪពុករបស់ខ្ញុំ ក៏ធ្វើដូចគ្នាហ្នឹងដែរ…” បន្ទាប់មក គាត់ក៏ឱបខ្ញុំដើម្បីលួងលោម។
2 . ការឱប នឹងជួយបញ្ជាក់ពីអត្ថន័យនូវអ្វីដែលយើងមិនអាចនិយាយចេញមកបាន
កាលពីមិនយូរប៉ុន្មានមកនេះ នាងខ្ញុំទើបនឹងទៅចូលរួមក្នុងពិធីបុណ្យសពបុរសម្នាក់ដែលមានភាពសំខាន់ខ្លាំងណាស់ជាមួយគ្រួសាររបស់យើង។ មានរឿងរ៉ាវច្រើនណាស់ដែលនាងខ្ញុំចង់និយាយជាមួយក្រុមគ្រួសាររបស់គាត់ តែនាងខ្ញុំបែរជាមិនអាចពោលពាក្យទាំងនោះចេញមកបានឡើយ ក្រៅតែពីការឱបភរិយា និងកូនៗរបស់គាត់…។
3 . ការឱប គឺការបង្ហាញពីសេចក្ដីស្រឡាញ់
តើមានអ្វីដែលផ្ដល់នូវអារម្មណ៍បានល្អប្រសើរជាងរង្វង់ដៃឱបរបស់កូនៗ ឬរង្វង់ដៃឱបរបស់ក្រុមគ្រួសារដែរទេ? ក្រោយពីរូបអ្នកត្រឡប់មកពីការធ្វើការងារដ៏សែនធ្ងន់ធ្ងរមួយ?…ការឱប មានភាពសំខាន់មិនចាញ់ពាក្យសម្ដីឡើយ។
4 . ការឱប នឹងជួយបង្កើនភាពជឿជាក់ក្នុងចិត្ត
លោកអ្នកគួរតែឱបរឹតកូន មុនពេលគេទៅសាលារៀន និងនិយាយថា “ម៉ាក់ស្រឡាញ់កូនណា៎ និងមិនថាថ្ងៃនេះនឹងមានអ្វីកើតឡើងនៅឯសាលារៀននោះទេ តែសូមឱ្យកូនដឹងក្នុងចិត្តជាប់ជានិច្ចថា អ្នកនៅឯផ្ទះបារម្ភពីកូនជានិច្ច”។
រាល់ថ្ងៃនេះ ការព្យាយាមរបស់នាងខ្ញុំ គឺការរកមនុស្សមកឱបរឹត មិនថាតែមនុស្សចាស់ដែលរស់នៅយ៉ាងឯកា ស្រ្តីជាម្ដាយមេម៉ាយដែលរងបន្ទុកដ៏ធ្ងន់តែម្នាក់ឯង មិត្តសម្លាញ់ដែលបាត់បង់គូស្នេហ៍ ក្មេងៗដែលមិនបានទទួលសេចក្ដីស្រឡាញ់ពីក្រុមគ្រួសារ ក្មេងៗកំព្រា និងអ្នកដទៃទៀតជាច្រើន…ងាយៗ គ្រាន់តែយើងចាប់ផ្ដើមធ្វើវាប៉ុណ្ណោះ ព្រោះការឱប គឺជារង្វាន់ដែលចេញពីបេះដូង និងតែងតែក្លាយជារង្វាន់ដ៏ល្អបំផុតមួយសម្រាប់អ្នកដែលត្រូវការវា៕