មហាសេដ្ឋី Elon Musk ដែលជាស្ថាបនិកនៃក្រុមហ៊ុន SpaceX និងជាសហស្ថាបនិករបស់ Tesla កំពុងតែឆ្លងកាត់ដំណាក់កាលអស្ចារ្យបំផុតនៅក្នុងការរកស៊ីរបស់ខ្លួន។
ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ មានព្រឹត្តិការណ៍ដ៏សំខាន់ជាច្រើនបានកើតឡើងចំពោះមហាសេដ្ឋីដើមកំណើតអាហ្វ្រិកខាងត្បូង លោក Elon Musk។
កំពូលអ្នកមានរូបនេះ ទទួលបានលទ្ធផលវិជ្ជមានជាមួយនឹងវីរុសCovid-19 ដល់ទៅ2លើក ខណៈដែលក្រុមហ៊ុន SpaceX របស់លោក បាននាំអវកាសយានិកចំនួន4រូបឡើងទៅកាន់អវកាស និងក្នុងគ្រាដែលក្រុមហ៊ុន Tesla ត្រូវបានដាក់បញ្ចូលទៅក្នុង S&P500 ដែលជាសន្ទស្សន៍ផ្សារហ៊ុនមួយសម្រាប់វាស់ស្ទង់លទ្ធភាពរបស់ក្រុមហ៊ុនធំជាងគេចំនួន500នៅសហរដ្ឋអាមេរិក។
ដំណឹងល្អចុងក្រោយ បានជួយឱ្យទ្រព្យរបស់ Elon Musk កើនឡើងខ្ពស់។ នៅក្នុងវ័យ49ឆ្នាំ ជាផ្លូវការ លោក Musk បានក្លាយជាអ្នកមានជាងគេលំដាប់ទីបីក្នុងពិភពលោក ដោយបានលោតរំលងលោក Mark Zuckerberg ដែលជាម្ចាស់ Facebook បន្ទាប់ពីទ្រព្យសម្បត្តិបានកើន15ពាន់លានដុល្លារបន្ថែមទៀតក្រោយពីការជួញដូរនៅផ្សារហ៊ុនកាលពីថ្ងៃចន្ទ។
មូលបត្រ Tesla បិទទ្វារកាលពីម្សិលម៉្ងៃនៅក្នុងតម្លៃ 408.09ដុល្លារ/ហ៊ុន កើន14% ធ្វើឱ្យទ្រព្យសរុបរបស់លោក Musk កើនឡើងដល់ជាង117ពាន់លានដុល្លារ នេះបើតាម Bloomberg។ រាប់ចាប់ពីដើមឆ្នាំមកទល់នឹងពេលនេះ ទ្រព្យរបស់ស្ថាបនិក Tesla បានកើន90ពាន់លានដុល្លារអាមេរិក។
បណ្ដាក្រុមហ៊ុនដែលនឹងត្រូវបានគេដាក់ចូលទៅក្នុងសន្ទស្សន៍ផ្សារហ៊ុន S&P500 គឺត្រូវតែទទួលបានការជ្រើសរើសពីគណៈកម្មការសន្ទស្សន៍នៃសហគ្រាស S&P Dow Jones។ ក្រៅពីនេះ បណ្ដាក្រុមហ៊ុនដែលចង់មានឈ្មោះក្នុង S&P500 ក៏ត្រូវតែរកបានចំណេញក្នុងរយៈពេល4ត្រីមាសជាប់ៗគ្នា។
ថ្មីៗនេះ នៅក្នុងរបាយការណ៍របស់ Tesla បានបង្ហាញថា ក្រុមហ៊ុននេះរកបានចំណេញនៅក្នុងត្រីមាសទី5របស់ខ្លួន ជាមួយនឹងប្រាក់ចំណូលក្នុងត្រីមាសទី3 មានចំនួន 8.77ពាន់លានដុល្លារ។ ក្រៅពីនេះ Tesla ក៏ឱ្យដឹងថា ពួកគេបានលក់រថយន្តចំនួន 139,300គ្រឿងក្នុងត្រីមាសទី3ផងដែរ ដែលនេះគឺជាតួលេខខ្ពស់បំផុតមិនធ្លាប់មានពីមុនមក។
កាលពីចុងសប្ដាហ៍កន្លងទៅ លោក Musk បាននិយាយថា លោកបានធ្វើតេស្តCovid-19 ចំនួន4លើក ក្នុងនោះមាន2លើកវិជ្ជមាន។ លោក Musk បានសរសេរនៅលើ Twitter ថា ខ្លួនកំពុងឆ្លងកាត់រោគសញ្ញា “ក្ដៅរងាធម្មតា និងមិនមានអ្វីខុសប្រក្រតីទេ” ហើយលោកក៏ទំនងជាយល់ថា ទាំងនេះគឺជាលទ្ធផលដែលមិនគួរជាទីទុកចិត្ត៕
ប្រភព៖ Bloomberg