Kirk Kerkorian គឺជាអ្នកជំនួញ ជាអ្នកវិនិយោគ ជាសប្បុរសជនម្នាក់ដ៏លេចធ្លោ និងជាជនជាតិអាមេរិកាំងដើមកំណើតអាមេនី។ លោកគឹជាប្រធានក្រុមហ៊ុន Tracinda Corporation ដែលមានការិយាល័យកណ្ដាលនៅតំបន់ Beverly Hills រដ្ឋ California សហរដ្ឋអាមេរិក។
Kirk Kerkorian កើតឆ្នាំ1917 នៅក្នុងគ្រួសារជនជាតិអាមេនីដ៏ក្រីក្រមួយ។ គ្រួសាររបស់គាត់ស្ថិតក្នុងចំណោមគ្រួសារក្រីក្របំផុតដែលត្រូវរស់នៅក្នុងតំបន់សម្បុកកណ្ដុរ បន្ទាប់ពីបានទៅរស់នៅលើទឹកដីអាមេរិកកាលពីនៅតូច។ Kirk Kerkorian ត្រូវឈប់រៀនតាំងតែពីនៅក្មេងដើម្បីជួយរកប្រាក់ចិញ្ចឹមគ្រួសារ។
Kirk Kerkorian គឺជាកុមារដែលឧស្សាហ៍ និងព្យាយាមប្រឹងប្រែងធ្វើការ ដោយធ្លាប់ជាក្មេងដើរលក់កាសែត រត់តុ ជំនួយការក្នុងផ្ទះបាយ និងធ្លាប់ធ្វើកិច្ចការប្រើកម្លាំងជាច្រើនផ្សេងទៀត។ Kirk Kerkorian គឺជាក្លាយជាក្មេងដែលវាងវៃ និងមានមហិច្ឆតាក្នុងការរកប្រាក់។ Kirk Kerkorian ជាមនុស្សចូលចិត្តហក់លោតក្នុងការស្វែងរកការងារ ក៏ដូចជាការរកប្រាក់។ គាត់ត្រៀមខ្លួនជានិច្ចក្នុងការបោះបង់ការងារបច្ចុប្បន្នដើម្បីឈោងចាប់ការងារ ឬមុខរបរផ្សេង បើសិនជាដឹកថាអាចរកប្រាក់បានច្រើនជាង។
ទន្ទឹមនឹងភាពវាងវៃ រហ័សរហួន និងក្លាហានរបស់ក្មេងនៅតាមចិញ្ចើមផ្លូវ Kirk Kerkorian ថែមទាំងមានសុខភាពល្អផងដែរ។ អាយុ14ឆ្នាំ Kirk Kerkorian បានស៊ីឈ្នួលធ្វើកិច្ចការធ្ងន់ៗដើម្បីរកប្រាក់ មានដូចជាការធ្វើចំការ ប្រមូលផលបន្លែផ្លែឈើជាដើម។ Kirk Kerkorian ក៏ចូលចិត្តរៀនក្បាច់គុនប្រដាល់ ដែលក្រោយមក ក៏បានដាក់ពាក្យប្រកួតជាមួយអ្នកប្រដាល់ទៀតផង ដោយសារតែប្រាក់។ ឈាមជាអ្នកប្រថុយជីវិតប្រកបដោយភាពក្លាហានរបស់ Kirk Kerkorian បាននៅជាមួយគាត់ជាប់ជានិច្ច។
នៅពេលលែងត្រូវបារម្ភអំពីបញ្ហា “បានព្រឹក ខ្វះល្ងាច” Kirk Kerkorian ក៏ស្រមៃភ្លាមដល់រឿងរកស៊ីមានបាន ដោយប្រើប្រាស់យុទ្ធសាស្ត្រ “ឆ្អិនក្បាលស៊ីក្បាល ឆ្អិនកន្ទុយស៊ីកន្ទុយ”។
នៅក្នុងប៉ុន្មានទសវត្សរ៍កន្លងទៅនេះ បើទោះជាវិស័យឧស្សាហកម្ម និងស្ថានភាពសេដ្ឋកិច្ចផ្លាស់ប្ដូរយ៉ាងណាក៏ដោយ Kirk Kerkorian បានប្រើប្រាស់យុទ្ធសាស្ត្រខាងលើប្រកបដោយជោគជ័យ។ គាត់ចូលចិត្តរថយន្តខ្លាំងណាស់ ហើយក៏បានចាប់ផ្ដើមរកស៊ីជាមួយនឹងមុខរបរជួញរថយន្តចាស់ៗ។
នៅក្នុងការរកស៊ី Kirk Kerkorian តែងតែទិញនិងលក់ស្ទើរគ្រប់យ៉ាង។ ហើយការ “ទិញចូល លក់ចេញ” របស់គាត់ កម្រនឹងមានអ្នកណាអាចធ្វើបាន ព្រោះវាជារឿងរហ័សរហួនប្រកបដោយភាពប្រថុយប្រថាន និងក្លាហាន។
ការជួញដូរប្រកបដោយភាពប្រថុយប្រថានរបស់ Kirk Kerkorian ៖
Kirk Kerkorian បានចាប់ផ្ដើមរកស៊ីធំជាលើកដំបូងដោយការវិនិយោគទៅលើក្រុមហ៊ុនផលិតរថយន្ត Chrysler កាលពីឆ្នាំ1990 នៅពេលដែលមូលបត្ររបស់ក្រុមហ៊ុនបានធ្លាក់មកនៅ9ដុល្លារ/ហ៊ុន ដោយសារឱនភាពសេដ្ឋកិច្ចអាមេរិក និងការដឹកនាំមិនបានល្អរបស់ក្រុមហ៊ុន។ លោក Kirk Kerkorian យល់ថា តម្លៃមូលបត្ររបស់ Chrysler បានបង្ហាញអំពីបញ្ហាសេដ្ឋកិច្ច ប៉ុន្តែវាមិនបានបង្ហាញអំពីលទ្ធភាពនៃការងើបឡើងវិញនៃសេដ្ឋកិច្ចនោះឡើយ។
ដូច្នេះ Kirk Kerkorian ក៏សម្រេចចិត្តទិញមូលបត្រចំនួន36លានហ៊ុនពី Chrysler ក្នុងតម្លៃ10/ហ៊ុន ប្រហាក់ប្រហែលនឹង10%នៃតម្លៃសរុបរបស់ក្រុមហ៊ុននេះ ហើយលោកក៏បានក្លាយជាភាគហ៊ុនិកធំបំផុតរបស់ Chrysler។ មកដល់ដើមឆ្នាំ1994 តម្លៃមូលបត្រដែល Kirk Kerkorian កំពុងកាន់កាប់ បានកើនឡើង60ដុល្លារ/ហ៊ុន។ ក្រោយមក ក្នុងឆ្នាំ1995 តម្លៃមូលបត្ររបស់ Chrysler បានកើនឡើងខ្ពស់បំផុត ដែលជួយឱ្យ Kerkorian រកប្រាក់ចំណេញជាង500%។ Kerkorian ក៏បានសម្រេចចិត្តវិនិយោគ23ពាន់លានដុល្លារដើម្បីទិញក្រុមហ៊ុននេះទាំងមូលតែម្ដង។
ថ្វីបើត្រូវ Chrysler បដិសេធ ប៉ុន្តែ Kerkorian នៅតែបន្តទិញមូលបត្ររបស់ក្រុមហ៊ុននេះ។ ក្រោយមក ក្រុមហ៊ុនផលិតរថយន្ត Daimler-Benz បានទិញ Chrysler ក្នុងតម្លៃ36ពាន់លានដុល្លារ និងបង្កើតបានជាក្រុមហ៊ុន DaimlerChrysler។
ពេលនោះ Kerkorian សម្រុកទិញមូលបត្ររបស់ Daimler-Benz។ ក្រោយពីបញ្ចប់កិច្ចព្រមព្រៀង Kerkorian រកបាន 2.7ពាន់លានដុល្លារ។
Kirk Kerkorian ក៏ធ្លាប់បានទិញនិងលក់ក្រុមហ៊ុន MGM ដែលជាផលិតកម្មភាពយន្តល្បីល្បាញបំផុតនៅ Hollywood ដល់ទៅ4លើក។ ពេលមានគេសួររកទិញក្នុងតម្លៃខ្ពស់ លោកក៏លក់ ហើយពេលមានគេលក់ក្នុងតម្លៃទាប លោកក៏ទិញ។
Kerkorian ក៏ធ្លាប់រៀនបើកយន្តហោះ និងបានបើកក្រុមហ៊ុនអាកាសចរណ៍តូចមួយដែលមានយន្តហោះកីឡាចំនួន2គ្រឿងផងដែរ ក្រោយសង្គ្រាមលោកលើកទីពីរ។ ក្នុងទសវត្សរ៍ 1960 លោក Kerkorian បានទិញអចលនទ្រព្យជាច្រើនក្នុងតម្លៃទាប រួចក៏បង្កើតកាស៊ីណូយ៉ាងទាក់ទាញ ហើយដាក់លក់ក្នុងតម្លៃខ្ពស់។Kirk Kerkorian ក៏តែងតែមានសណ្ឋាគារ និងកាស៊ីណូជាច្រើនកន្លែងនៅក្នុងដៃ ដែលគាត់អាចលក់បាននៅពេលមានគេចង់ទិញ។
មនុស្សជាច្រើនមិនទាន់យល់អំពីមូលហេតុដែលនាំឱ្យលោក Kirk Kerkorian ទទួលបានជោគជ័យច្រើនក្នុងការជំនួញរបស់ខ្លួននៅឡើយ ដោយសារថា លោកមិនមែនជាមនុស្សមានការសិក្សាជ្រៅជ្រះ ពូកែខាងវិភាគផ្នែកហិរញ្ញវត្ថុ ឬវិភាគគម្រោងអ្វីឡើយ ហើយលោកក៏ទំនងជាមិនពូកែខាងគ្រប់គ្រងនោះដែរ។
ពេលបានក្លាយជាម្ចាស់ក្រុមហ៊ុន MGM-Studio ដែលជាទីលានថតកុនសំខាន់បំផុតនាបច្ចុប្បន្នរបស់វិស័យឧស្សាហកម្មភាពយន្ត Hollywood លោក Kerkorian ក៏មិនបានចាត់ចែង ឬគ្រប់គ្រងក្រុមហ៊ុននេះទេ ហើយសូម្បីតែមុខតំណែងជាអ្នកតាមដានក៏លោកមិនកាន់កាប់ដែរ។ មកដល់ពេលនេះ អ្នកជំនួញជាច្រើន រួមនឹងគូប្រជែងរបស់លោក ក៏នៅតែមិនអាចរកឃើញចម្លើយគ្រប់ជ្រុងជ្រោយ និងត្រឹមត្រូវសម្រាប់សំនួរដែលសួរថា “ហេតុអ្វី”។ ពួកគេបានត្រឹមតែកោតសរសើរទៅលើយុទ្ធសាស្ត្រជំនួញដ៏អាថ៌កំបាំងរបស់គាត់។
មហាសេដ្ឋី Kirk Kerkorian បានទទួលមរណភាពកាលពីថ្ងៃទី15 ខែមិថុនា ឆ្នាំ2015 នៅឯទីក្រុង Beverly Hills រដ្ឋ California សហរដ្ឋអាមេរិក ដែលកាលនោះលោកមានទ្រព្យសរុបជាង 4ពាន់លានដុល្លារអាមេរិក៕
ប្រភព៖ NY times