បើលោកអ្នកសម្លឹងមើលទៅតុធ្វើការក្នុងផ្ទះរបស់ខ្លួនឯងនៅពេលនេះ ហើយឃើញសុទ្ធតែគំនរឯកសារគរយ៉ាងគ្មានរបៀប ធុងសំរាមដែលពេញទៅដោយកម្ទេចក្រដាស តុដាក់ម៉ាស៊ីនព្រីនធើរ៍សុទ្ធតែធូលីដី និងតង្កៀបកៀបក្រដាសឯកសារនៅរាយប៉ាយពេញលើ់តុ-ល និងល។ ពេលមើលឃើញបែបហ្នឹងហើយ តើអ្នកនឹងមានអារម្មណ៍ចង់ធ្វើការខ្លាំងប៉ុនណាទៅ?។ បែបមិនចង់ សូម្បីតែដាក់គូទអង្គុយផង កុំថាឡើយដល់ទៅធ្វើការ មែនទេ?។
អូខេ!បើដូច្នេះកុំបង្អង់យូរ ចូរប្រញាប់ចាត់ការបន្ទប់ធ្វើការរបស់លោកអ្នកជាថ្មី តាមវិធីរៀបចំបន្ទប់ធ្វើការយ៉ាងក្លាសស៊ិកដូចខាងក្រោមនេះ ៖
-ប្រើប្រាស់ទីកន្លែងឱ្យបានត្រឹមត្រូវ
មិនសំខាន់លើបន្ទប់ធ្វើការក្នុងផ្ទះនោះមានទីធ្លាធំ ឬក៏តូចឡើយ តែការចាត់ការរៀបចំបន្ទប់ធ្វើការឱ្យមើលទៅគួរឱ្យចូលអង្គុយនោះ វាសំខាន់លើការចេះប្រើប្រាស់ទីកន្លែងឱ្យបានត្រឹមត្រូវទៅវិញទេ។ បើបន្ទប់ធ្វើការរបស់អ្នកមិនសូវជាធំទូលាយប៉ុន្មានទេនោះ គួរជ្រើសរើសប្រើតុកៅអីដែលមានខ្នាតតូចល្មម រកតុណាដែលមានថតច្រើន ដើម្បីទុកដាក់ឯកសារទៅតាមប្រភេទរបស់វា ឬបើមានទូសម្រាប់ដាក់ឯកសារស្រាប់ហើយនោះ អាចយកម៉ាស៊ីនព្រីនធើរ៍ទៅដាក់លើខ្នងទូឯកសារនោះក៏បានដែរ និងព្យាយាមរៀបចំតុធ្វើការឱ្យមានរបៀបរៀបរយជានិច្ច រួមទាំងព្យាយាមបោសជូតសម្អាតបន្ទប់ធ្វើការឱ្យបានស្អាតបាតរៀងរាល់ថ្ងៃផង។
-រៀបចំទុកដាក់របស់សំខាន់ៗនៅក្បែរដៃ
ក្រោយពីអង្គុយចុះនៅលើកៅអី និងចាប់ផ្តើមធ្វើការហើយនោះ ជឿថា គ្រប់គ្នាច្បាស់ជាមិនចង់ក្រោកដើរទៅយកនេះយកនោះញឹកញាប់ឡើយ ព្រោះវាអាចនឹងធ្វើឱ្យខូចសមាធិក្នុងការធ្វើការ ដូច្នេះរបស់របរដែលចាំបាច់សម្រាប់ការធ្វើការ ដូចជា ក្រដាស់រ៉ាម ទូរស័ព្ទដៃ ទូរស័ព្ទលើតុ – ល – គួរតែដាក់នៅក្បែរខ្លួន ងាយស្រួលឈោងចាប់យកមកធ្វើការ និងបើអាចទៅរួចគួររកនំបារាំង នំប៊ីស្គីត ទឹកតែ ឬទឹកក្រូចមកដាក់ជិតខ្លួនផង ទុកសម្រាប់ពេលនឹកឃ្លាន ឬពេលមានអារម្មណ៍ធុញថប់ អាចញ៉ាំលេងបន្ធូរបន្ថយអារម្មណ៍បាន។
-សម្រួលបរិយាកាសក្នុងបន្ទប់ឱ្យស្រឡះសប្បាយ
បន្ទប់ធ្វើការដែលមើលទៅងងឹត និងហប់ ប្រហែលជាមិនគួរឱ្យចង់ចូលទៅអង្គុយធ្វើការប៉ុន្មានទេ…ដូច្នេះគួរសម្លឹងរកមើលកន្លែងបញ្ចេញខ្យល់អាកាសឱ្យបន្ទប់ធ្វើការផង ដូចជា បើបន្ទប់ធ្វើការរបស់លោកអ្នកមានមាត់បង្អួច ថ្ងៃណាមេឃស្រឡះត្រជាក់ល្អ ក៏បើកបង្អួចឱ្យខ្យល់អាកាសបានចេញ-ចូលត្រជាក់ស្រួលខ្លួនផង ឬបើថ្ងៃណាមេឃក្តៅហប់ ក៏បើកម៉ាស៊ីនត្រជាក់ ឬកង្ហារក៏បាន និងរកផើង ឬថូរផ្កាស្រស់ៗមកដាក់តាំងលម្អ ព្រមទាំងបាញ់ស្រ្បៃយ៍ក្រអូបក្នុងបន្ទប់ធ្វើការ ដើម្បីឱ្យមានបរិយាកាសស្រស់ថ្លា និងខួរក្បាលបានស្រឡះល្អស្រួលខ្លួនផង៕