ផលិតករ និងជាអ្នកនិពន្ធល្បីឈ្មោះ សុខ ចាន់ផល បានផលិតស្នាដៃដំបូងតាមរយៈរឿង «សង្សារ១៤ថ្ងៃ» នៅអំឡុងឆ្នាំ២០១៨ ។ បើគិតមកទល់ពេលនេះ គឺអស់រយៈពេលជាង២ឆ្នាំមកហើយ ដែលភាពយន្ដខ្មែរមួយនេះ ត្រូវខកខានមិនបានដាក់បញ្ចាំងក្នុងរោងភាពយន្ដ។ តើមានមូលហេតុអ្វី បានជាភាពយន្ដមួយនេះត្រូវផ្អឹបចោលឡើងរាប់ឆ្នាំបែបនេះ ? តើអាចប៉ះពាល់ដល់ប្រជាប្រិយភាពរឿងដែរឬទេ? ពោលគឺ បាត់បង់ចំនួនអ្នកចង់ទស្សនាភាពយន្ដនេះ។
លោក សុខ ចាន់ផល បានប្រាប់អ្នកសារព័ត៌មានថា «មិនខ្លាចធ្លាក់ប្រជាប្រិយភាពរឿងទេ នេះបើតាមខ្ញុំគិត។ ភាពយន្ដ «សង្សារ១៤ថ្ងៃ» នេះ ពិតណាស់គឺពន្យាពេលចាក់បញ្ចាំងយូរមែនទែន រហូតធ្វើឱ្យហ្វេនៗទន្ទឹងចាំមើលខ្លាំង នឹងមានចម្ងល់គ្រប់ៗគ្នា។ សួរថា តើភាពយន្ដនេះចាក់បញ្ចាំងពេលណាឱ្យប្រាកដ? ក៏ប៉ុន្ដែសម្រាប់ខ្ញុំ ខ្ញុំគិតថា ការអូសបន្លាយពេលបញ្ចាំងភាពយន្ដ ក៏ជាកត្តាមួយល្អ សម្រាប់ការអានប្រលោមលោក «សង្សារ១៤ថ្ងៃ» ព្រោះភាពយន្ដនេះ បានចេញជាសៀវភៅប្រលោមលោកដែរ ក៏នឹងមិនភ័យព្រួយពីការបាត់បង់ចំនួនអ្នកទស្សនាភាពយន្ដដែរ។ បើអ្នកបានអានប្រលោមលោក នោះគេនឹងទន្ទឹងចាំមើលភាពយន្ដជាក់មិនខាន»។
អ្នកនិពន្ធភាពយន្ដនិងប្រលោមលោកដ៏ល្បីមួយនេះ ក៏បានអះអាងទៀតថា «ការពិតទៅភាពយន្ដនេះ គ្រោងដាក់បញ្ចាំងនៅខែវិច្ឆិកា ឆ្នាំ២០២០នេះដែរ ក៏ប៉ុន្ដែ ដោយសារតែកូវីដ១៩ ធ្វើឱ្យរោងកុនបិទទ្វារ។ អ៊ីចឹងហើយ ភាពយន្ដនេះ ក៏ត្រូវរុញពេលបញ្ចាំងទៅមុខជាបន្ដទៀត»។
សូមជម្រាបថា សាច់រឿង «សង្សារ ១៤ថ្ងៃ»ជារឿងបែបមនោសញ្ចេតនា និងមានខ្លឹមសាអប់រំ និងផ្តល់កម្លាំងចិត្តដល់យុវវ័យដែលជាស្នាដៃកម្រ និងផលិតឡើងដោយការយកចិត្តទុកដាក់។ រឿងនេះត្រូវបានជ្រើសរើសតួស្រីស្អាត ស៊ិម ស្រីនិច ធ្វើជាតួឯក យ៉ានី ទាំងលើគ្របសៀវភៅ និងក្នុងភាពយន្ត និងតួប្រុស ហូរ សារៈ លោក សាន់នី លោក លី សុខណេត និងតារាកិត្តិយសជាច្រើនរូបទៀត៕