ក្រោយពីវិលរកមិត្តចាស់ដែលបានបែកគ្នាអស់រយៈពេលជាច្រើនឆ្នាំមក Nokia បានធ្វើឱ្យពិភពស្មាតហ្វូនមានការភ្ញាក់ផ្អើលឡើងវិញ បន្ទាប់ពីវត្តមានទូរស័ព្ទ Nokia 8 បំពាក់នូវកាមេរ៉ាភ្លោះត្រូវបានបង្ហាញខ្លួនជាផ្លូវការកាលពីថ្ងៃម្សិលមិញហើយ។ រូបរាង និងសមត្ថភាពរបស់ស្មាតហ្វូននេះ វាដូចទៅនឹងអ្វីដែលព័ត៌មានចចាមអារ៉ាមបានចុះផ្សាយស្ទើរគ្មានខុស។
ការឈានជំហានថ្មីនេះ Nokia 8 ត្រូវបានបំពាក់នូវបច្ចេកវិទ្យាកាមេរ៉ា LensCarl Zeiss optic ពីក្រុមហ៊ុន Carl Zeiss AG របស់អាល្លឺម៉ង់ ក្រោយពីចាប់ដៃគ្នាម្ដងទៀតកាលពីខែមុន។ ស្មាតហ្វូននេះមានអេក្រង់ទំហំ 5.3 អ៊ីញ ប្រភេទ IPS LCD2.5D Gorilla Glass 5អាចបង្ហាញរូបភាពដល់កម្រិត QHD ដោយមានគែមអេក្រង់កោងបន្តិច និងមានតួខ្លួនផលិតពីអាលុយមីញ៉ូម 6000 series រឹងដូច Nokia 6 ដែរ។
ចំពោះកាមេរ៉ារបស់វា Nokia បានឱ្យដឹងថា វាអាចថតរូបបានច្បាស់ទាំងខាងមុខ និងខាងក្រោយ ដោយខាងក្រោយមានទំហំ 13MP ទាំង 2 គ្រាប់ ដោយមួយជាប្រភេទពណ៌ មួយទៀតជាMonochrome1.12µm pixels f/2.0 Aperture។ កាមេរ៉ានេះក៏មានប្រើបច្ចេកវិទ្យាទប់លំនឹងនៅពេលថត optical image stabilization (OIS) និង Laser autofocus ។ ក្នុងនោះវាក៏មានមុខងារពិសេស អាច Livestream វីដេអូផ្ទាល់ចូលក្នុងYouTube និង Facebook ពីកាមេរ៉ាមុខក្រោយក្នុងពេលតែមួយដែលក្រុមហ៊ុនហៅថា Dual-Sight ។
Nokia ក៏បានបន្ថែមមុខងារថតសំឡេងថ្មី OZO អាចថតបានទំហំ 360 ឌឺក្រេ ប្រភេទ Surround ច្បាស់ល្អលើសបច្ចេកវិទ្យា Stereo ហើយមួយទៀតទូរស័ព្ទនេះក៏មានសមត្ថភាពអាចថតវីដេអូដល់កម្រិត 4K បាន។ ដោយឡែកសមត្ថភាពម៉ាស៊ីន Nokia 8 ប្រើនូវបន្ទះឈីប Snapdragon 835 ទំហំផ្ទុក 64GB និងដំណើរការដោយប្រព័ន្ធAndroid 7.1 ចេញពីប្រអប់ ប៉ុន្តែវាអាច Update ទៅ Android O ពេលវាដាក់ចេញជាផ្លូវការ។ ចំពោះតម្លៃស្មាតហ្វូននេះត្រូវបានក្រុមហ៊ុនបង្ហើបថា មានតម្លៃប្រមាណ 600 អឺរ៉ូ ប្រហែលនឹង 700 ដុល្លារ ដោយត្រៀមដាក់លក់នៅក្នុងខែកញ្ញាខាងមុននេះ៕