ភ្នំពេញៈ ក្រសួងចំនួន4 បានបើកសិក្ខាសាលារួមគ្នាដើម្បីដោះស្រាយបញ្ហាទីផ្សារកសិផល និងផលិតផលខ្មែរដែលផលិតក្នុងស្រុកដើម្បីជំរុញការនាំចេញ ក្នុងនោះរដ្ឋមន្ត្រីពាណិជ្ជកម្មបានជំរុញឲ្យវិស័យឯកជនធ្វើការរួមគ្នាដើម្បីដោះស្រាយបញ្ហានេះផង។
ក្រសួងទាំង4 នោះរួមមាន ក្រសួងពាណិជ្ជកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងក្រសួងទេសចរណ៍។
ថ្លែងក្នុងពិធីបើកសិក្ខាសាលានាព្រឹកថ្ងៃទី១៧ សីហានេះ រដ្ឋមន្ត្រីពាណិជ្ជកម្មលោក ប៉ាន សូរស័ក្តិ បានស្នើសុំឲ្យវិស័យឯកជនរួមគ្នាដោះស្រាយបញ្ហាទីផ្សារផលិតផលរបស់ពួកគេដើម្បីជំរុញការនាំចេញរបស់កម្ពុជា និងបានជំរុញឲ្យតំណាងវិស័យឯកជនធ្វើការពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាដើម្បីលើកជាសំណូមពរផ្សេងៗមកកាន់គណៈអធិបតីដើម្បីធ្វើការដោះស្រាយតាមការសមស្រប។
ឯកឧត្កមបានបន្តថា នេះជាលើកទី2ហើយដែលក្រសួងពាណិជ្ជកម្មបានសហការជាមួយក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងទេសចរណ៍ធ្វើការរៀបចំសិក្ខាសាលានេះឡើងដើម្បីកំណត់នូវបញ្ហាប្រឈម និងដាក់ចេញនូវវិធានការឆ្លើយតបនានាសំដៅលើកកម្ពស់ចង្វាក់ផលិតកម្ម និងជំរុញការធ្វើពិពិធកម្មទីផ្សារសម្រាប់ផលិតផលខ្មែរ។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មក៏បានលើកយកកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ដែលសម្រេចបានជាមធ្យម7ភាគរយក្នុងរយៈពេល2ទសវត្សរ៍ចុងក្រោយ និងការប្តេជ្ញាចិត្តរបស់ក្រសួងពាណិជ្ជកម្មក្នុងការបន្តស្វែងរកទីផ្សារជូនសហគ្រាសធុនតូច និងធម្យមនៅកម្ពុជា។ លើសពីនេះឯកឧត្តមរដ្ឋមន្ត្រីក៏បានបង្ហាញជំហរគាំទ្រ ចំពោះការចាប់ដៃគូធុរកិច្ចរវាងម្ចាស់ផលិតផល និងអ្នកទទួលទិញនៅក្នុងសិក្ខាសាលាដែលជាវឌ្ឍនភាពថ្មីមួយទៀតសម្រាប់លើកកម្ពស់កិត្យានុភាពរបស់ផលិតផលខ្មែរ៕