តាមការប៉ាន់ស្មាន Covid-19 នឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ Black Friday ប្រចាំឆ្នាំ2020 ប៉ុន្តែ ព្រឹត្តិការណ៍នេះនៅតែត្រូវបានគេចាត់ទុកថា ជាថ្ងៃទិញទំនិញធំបំផុតនៅក្នុងឆ្នាំនេះ។
Black Friday ឬហៅថា “ថ្ងៃសុក្រដ៏អួអាប់” គឹជាថ្ងៃលក់ទំនិញបញ្ចុះតម្លៃធំបំផុតប្រចាំឆ្នាំ ដែលមានប្រភពពីសហរដ្ឋអាមេរិក និងបានរាលដាលពាសពេញពិភពលោក។
Black Friday ប្រព្រឹត្តទៅមួយដងក្នុងមួយឆ្នាំ និងចំថ្ងៃសុក្រ បន្ទាប់ពីបុណ្យអំណរគុណ (Thanksgiving)។ បុណ្យអំណរគុណនឹងប្រារព្ធឡើងនៅថ្ងៃព្រហស្បតិ៍លើកទី4ក្នុងខែវិច្ឆិកា ដូច្នេះ Black Friday ឆ្នាំ2020នេះ នឹងត្រូវធ្វើឡើងនៅក្នុងថ្ងៃទី27វិច្ឆិកា។
នៅក្នុងថ្ងៃ Black Friday ហាងទំនិញស្ទើរតែទាំងអស់សុទ្ធតែបើករកស៊ីតាំងពីព្រលឹម ដើម្បីត្រៀមទទួលអតិថិជន។ ទំនិញនានា ពិសេសគឺសម្លៀកបំពាក់ អេឡិចត្រូនិក សម្ភារក្នុងផ្ទះ គ្រឿងសង្ហារិមជាដើម នឹងត្រូវបានបញ្ចុះតម្លៃមកនៅទាបជាទីបំផុត។ នៅថ្ងៃធម្មតា គេអាចឃើញមានទំនិញលក់បញ្ចុះតម្លៃចាប់ពី20-50% ប៉ុន្តែ នៅក្នុងថ្ងៃ Black Friday ទំនិញអាចបញ្ចុះតម្លៃរហូតដល់50% ឯណោះ។
ខាងលើនេះគឺជាមូលហេតុដែលគេសុខចិត្តតម្រង់ជួរគ្នារង់ចាំតាំងពីយប់ និងប្រជ្រៀតគ្នាចូលទិញទំនិញនៅក្នុងថ្ងៃ Black Friday។ ជាងនេះ កន្លែងខ្លះក៏មានករណីដណ្ដើមទំនិញគ្នា និងប៉ះទង្គិចគ្នាដើម្បីបានទិញទំនិញបញ្ចុះតម្លៃផងដែរ។
ក៏ប៉ុន្តែឆ្នាំនេះ នៅចំពោះមុខ Covid-19 ទិវាទំនិញបញ្ចុះតម្លៃ Black Friday ទំនងជារងផលប៉ះពាល់ច្រើន ពិសេសគឺនៅពេលរលកនៃការឆ្លងរាលដាលថ្មីដែលទើបតែចាប់ផ្ដើមកើតឡើងនៅអឺរ៉ុប និងសហរដ្ឋអាមេរិក។
ទាក់ទងនឹងឥទ្ធិពលរបស់ Covid-19 ក្រុមហ៊ុន Amazon នឹងដកការផ្សាយពាណិជ្ជកម្មបញ្ចុះតម្លៃមុនថ្ងៃ Black Friday នៅប្រទេសបារាំង បន្ទាប់ពីរដ្ឋាភិបាលយល់ថា យុទ្ធនាការនេះមិនយុត្តិធម៌ចំពោះហាងទំនិញតូចតាចដែលត្រូវបានបង្ខំឱ្យបិទទ្វារក្នុងគ្រាដែលប្រទេសនេះកំពុងអនុវត្តវិធានការគម្លាតសង្គមដោយសារ Covid19។ មុននោះ យុទ្ធនាការឃោសនាពាណិជ្ជកម្មនៅប្រទេសបារាំងរបស់ Amazon តាមគម្រោងនឹងចាប់ផ្ដើមពីថ្ងៃទី26តុលាដល់19វិច្ឆិកា។
ចំណែក Walmart (អាមេរិក) បានឱ្យដឹងថា ពួកគេនឹងបំបែកថ្ងៃ Black Friday ទៅជា3ថ្ងៃនៅក្នុងខែវិច្ឆិកា ជំនួសឱ្យការធ្វើឡើងតែមួយថ្ងៃដូចសព្វមួយដង។ នេះគឺជាការប្រឹងប្រែងរបស់ក្រុមហ៊ុនលក់រាយធំបំផុតនៅសហរដ្ឋអាមេរិក ដើម្បីកាត់បន្ថយហ្វូងមនុស្សនៅក្នុងហាងទំនិញ ខណៈដែល Covid-19 នៅតែបន្តឆ្លងរាលដាល។
ទន្ទឹមនឹងនេះ Walmart ក៏នឹងបញ្ចុះតម្លៃមកមកនៅទាបជាងគេ សម្រាប់អតិថិជនណាដែលបញ្ជាទិញទំនិញតាមអនឡាញ ក្នុងបំណងកាត់បន្ថយការវត្តមានមនុស្សនៅក្នុងបណ្ដាហាងរបស់ខ្លួន។
ShopperTrak ដែលជាក្រុមហ៊ុនវិភាគផ្នែកលក់រាយ បានឱ្យដឹងថា នៅក្នុងរយៈពេល10ថ្ងៃនៃព្រឹត្តិការណ៍ Black Friday ឆ្នាំនេះ ចំនួនមនុស្សដែលចូលទៅទិញទំនិញនៅក្នុងហាងបែបបុរាណ នឹងមានចំនួន34.2% ថយចុះច្រើនធៀបនឹងអត្រា46.5% កាលពីឆ្នាំ2019។
យ៉ាងនេះក្ដី Black Friday នៅតែត្រូវបានគេព្យាករថា នឹងជាថ្ងៃរវល់បំផុតសម្រាប់ហាងទំនិញនានានៅក្នុងឆ្នាំ2020នេះ៕
ប្រភព៖ CNBC, Reuters