ក្រោយរយៈពេលជាច្រើនឆ្នាំដែលបានអភិវឌ្ឍ គំនិតមួយកាលពី7ឆ្នាំមុនរបស់មហាសេដ្ឋី Elon Musk និង Tesla ក៏បានឆ្ពោះមកដល់ដំណាក់កាលថ្មី និងជោគជ័យជាលើកដំបូង។
Hyperloop គឺជាប្រព័ន្ធដឹកជញ្ជូនល្បឿនលឿន។ នៅពេលរថភ្លើងមួយគ្រឿងដែលធ្វើដំណើរក្នុងបំពង់សុញ្ញកាសដើម្បីកាត់បន្ថយការកកិត ពេលនោះល្បឿនរបស់វានឹងប្រហាក់ប្រហែលល្បឿនរបស់យន្តហោះដឹកអ្នកដំណើរធម្មតា (965គម/ម៉ោង)។ Hyperloop ត្រូវបានគេចាត់ទុកថាជាអនាគតនៃវិស័យដឹកជញ្ជូន និងទេសចរណ៍ ដោយសារវាធ្វើដំណើរក្នុងល្បឿនយ៉ាងលឿន និងកាត់បន្ថយការចំណាយលើថាមពលបានយ៉ាងច្រើនផងដែរ។ បច្ចេកវិទ្យានេះ ដំណើរការ 22/24ម៉ោង បើទោះជាអាកាសធាតុមិនល្អ ហើយវាក៏មិនមានគ្រោះថ្នាក់អ្វីនោះដែរ។
ដំបូងឡើយ Hyperloop គឺជាគំនិតរបស់ Tesla និង CEO Elon Musk កាលពីឆ្នាំ2012។ ប៉ុន្តែ លោក Elon Musk មិនបានអភិវឌ្ឍបច្ចេកវិទ្យាដែលមានលក្ខណមហាបដិវត្តន៍នេះនៅក្នុងក្រុមហ៊ុនរបស់ខ្លួនដោយផ្ទាល់ទេ តែបានប្រគល់បច្ចេកទេសលម្អិតរបស់ Hyperloop ទៅឱ្យក្រុមហ៊ុនដទៃ។
កាលពីថ្ងៃទី8វិច្ឆិកា ក្រុមហ៊ុន Virgin Hyperloop ទើបតែបានសាកល្បងរថភ្លើងល្បឿនលឿនដែលប្រើប្រាស់បច្ចេកវិទ្យា Hyperloop នៅឯសមុទ្រខ្សាច់ Nevada សហរដ្ឋអាមេរិក។ អ្នកដំណើរ2រូបដែលបានចូលរួមក្នុងការធ្វើតេស្តនេះ គឺ Josh Giegel ជានាយកផ្នែកបច្ចេកវិទ្យា និង Sar Luchian ជានាយិកាផ្នែកអតិថិជន មកពីក្រុមហ៊ុន Virgin Hyperloop។
ប្រព័ន្ធរបស់ Virgin Hyperloop ប្រើប្រាស់បច្ចេកវិទ្យា cushion magnetic (បកប្រែក្រៅផ្លូវការថា “បច្ចេកវិទ្យាខ្នើយម៉ាញេទិក”) ប្រហាក់ប្រហែលនឹងបច្ចេកវិទ្យាដែលប្រើសម្រាប់គម្រោងរថភ្លើងល្បឿនលឿននៅប្រទេសជប៉ុន និងអាល្លឺម៉ង់។ បណ្ដាប៉ូលដែលមានសញ្ញាដូចគ្នារបស់មេដែកនឹងជួយឱ្យរថភ្លើងអណ្ដែតលើផ្លូវដែក ខណៈដែលប៉ូលផ្ទុយពីនេះរបស់មេដែកនឹងអូសរថភ្លើងឆ្ពោះទៅមុខ។
លទ្ធផលនៃការសាកល្បងនេះបានបង្ហាញថា រថភ្លើងរបស់ Virgin Hyperloop ចំណាយពេលតែ15វិនាទីប៉ុណ្ណោះនៅក្នុងការធ្វើដំណើរលើចម្ងាយផ្លូវ500ម៉ែត្រ ដោយមានល្បឿន160គម/ម៉ោង។ Virgin Hyperloop ឱ្យដឹងថា ដោយសារចម្ងាយផ្លូវតែ500ម៉ែត្រ ទើបរថភ្លើងមិនមានពេលគ្រប់គ្រាន់ដើម្បីបង្កើនល្បឿនឱ្យដល់កម្រិតកំពូល។ ប៉ុន្តែ ក្រុមហ៊ុននៅតែចាត់ទុកថា នេះជាល្បឿនដែលពួកគេត្រូវការ មុននឹងធ្វើពាណិជ្ជកម្មលើបច្ចេកវិទ្យា Hyperloop នេះ។
អនាគត Virgin Hyperloop មានគម្រោងសាងសង់ផ្លូវជាច្រើនខ្សែសម្រាប់រថភ្លើងរបស់ពួកគេ ដែលនឹងតភ្ជាប់ទីក្រុងធំៗនៅជុំវិញពិភពលោក ហើយរថភ្លើងនីមួយៗនឹងអាចដឹកអ្នកដំណើរបានចាប់ពី25ទៅ30នាក់។ គោលដៅរបស់ក្រុមហ៊ុននេះ គឺដឹកអ្នកដំណើរឱ្យបានរាប់ម៉ឺននាក់នៅរៀងរាល់ម៉ោង។ ប៉ុន្តែ បញ្ហាហិរញ្ញវត្ថុគឺជាឧបសគ្គរបស់ Virgin Hyperloop។ ក្រុមហ៊ុននេះកំពុងស្វែងរកការបណ្ដាក់ទុនដើម្បីសាងសង់ផ្លូវសាកល្បងមួយខ្សែប្រវែង10គម នៅ Virginia ខាងលិច ដែលមានតម្លៃ500លានដុល្លារ។ បើសិនការសាកល្បងទទួលបានជោគជ័យ ក្រុមហ៊ុននេះនឹងចាប់ផ្ដើមធ្វើពាណិជ្ជកម្មនៅក្នុងឆ្នាំ2026៕
ប្រភព៖ CNN