នៅក្នុងថ្ងៃ “បុណ្យដើរផ្សារ” ឬថ្ងៃ “បុណ្យនៅលីវ” (Singles’ Day) ជាថ្ងៃបុណ្យទិញដូរប្រចាំឆ្នាំធំជាងគេបង្អស់ក្នុងពិភពលោក ដែលត្រូវបានធ្វើឡើងនៅថ្ងៃទី11វិច្ឆិកាកន្លងទៅ ក្រុមហ៊ុន Alibaba រកចំណូលបាន 75ពាន់លានដុល្លារអាមេរិក។
លទ្ធផលដ៏មហាអស្ចារ្យនេះ បានកើតឡើងនៅក្នុងគ្រាដែលសេដ្ឋកិច្ចប្រទេសចិនកំពុងងើបឡើងយ៉ាងឆាប់រហ័សបន្ទាប់ពីបានដាំក្បាលចុះដោយសារវិបត្តិសុខភាពសកល និងចំពេលដែល Alibaba និងក្រុមហ៊ុនបច្ចេកវិទ្យាធំៗផ្សេងទៀតរបស់ប្រទេសនេះ កំពុងត្រូវអាជ្ញាធររឹតបន្តឹងលើការត្រួតពិនិត្យ។
យោងតាមសារព័ត៌មាន Bloomberg ប្រាក់ចំណូលដែលបានមកពីផ្សារអនឡាញរបស់ Alibaba នៅក្នុងថ្ងៃបុណ្យនៅលីវនេះ មានចំនួន 498.2ពាន់លានយន់ គឺប្រហាក់ប្រហែលនឹង 75ពាន់លានដុល្លារអាមេរិក ច្រើនជាងជិតទ្វេដងធៀបនឹងតួលេខ 38ពាន់លានដុល្លារកាលពីឆ្នាំ2019។
ប្រាក់ចំណូលរបស់ Alibaba នៅក្នុងថ្ងៃបុណ្យ Singles’ Day ប្រចាំឆ្នាំ តែងត្រូវបានចាត់ទុកដូចជាឧបករណ៍ស្ទង់អំពីសមត្ថភាពចាយវាយរបស់ពលរដ្ឋនៅប្រទេសចិន ក៏ដូចជាឧបករណ៍សម្រាប់ពិនិត្យសុខភាពនៃមហាអំណាចសេដ្ឋកិច្ចទីពីររបស់ពិភពលោកនេះផងដែរ។ ឆ្នាំនេះ បណ្ដាតួលេខនានាស្ដីអំពីការទិញដូរក្នុងថ្ងៃបុណ្យ Singles’ Day ត្រូវបានគ្របដណ្ដប់ដោយការព្រួយបារម្ភថា ទីក្រុងប៉េកាំងកំពុងតែចាត់វិធានការខ្លាំងក្លាដើម្បីកាត់បន្ថយឥទ្ធិពលកាន់តែធំឡើងៗរបស់ Alibaba និងក្រុមហ៊ុនបច្ចេកវិទ្យាធំៗដទៃទៀតរបស់ប្រទេសចិន។
ជាគំនិតមួយរបស់មហាសេដ្ឋី Jack Ma ដែលជាស្ថាបនិករបស់ Alibaba ថ្ងៃបុណ្យដើរផ្សារ 11វិច្ឆិកា បានចាប់កំណើតកាលពីឆ្នាំ2019។ ក្រោយការរីកចម្រើនជាង1ទសវត្សរ៍ Singles’ Day បានក្លាយជាព្រឹត្តិការណ៍តាមប្រមាញ់ទំនិញបញ្ចុះតម្លៃនៅលើផ្សារអនឡាញដ៏ធំបំផុតរបស់ Alibaba ដូចជា ផ្សារ Tmall និង Taobao ជាដើម។ នៅក្នុងថ្ងៃបុណ្យ Singles’ Day ដែលបានប្រព្រឹត្តិទៅកាលពីថ្ងៃទី11វិច្ឆិកាម្សិលមិញ ពលរដ្ឋចិនបានចំណាយប្រាក់ច្រើនជាងមុន ដែលគេអាចនិយាយបានថា ជាការចាយវាយដើម្បី “សងសឹក” ព្រោះថា តាំងពីដើមឆ្នាំរហូតដល់បច្ចុប្បន្ន ពួកគេត្រូវកាត់បន្ថយការដើរហើរ ការហូបចុកនៅភោជនីយដ្ឋាន ការដើរទេសចរណ៍ជាដើម ដោយសារតែCovid-19។
ក្រៅពី Alibaba ក្រុមហ៊ុនបរទេសក៏រកបានចំណូលច្រើនពីថ្ងៃបុណ្យ Singles’ Day នៅប្រទេសចិននេះដែរ។ នៅក្នុងអំឡុងពេល111នាទីនៃការបញ្ចុះតម្លៃដំបូងកាលពីថ្ងៃទី11វិច្ឆិកា ក្រុមហ៊ុន Nike និង Apple បានស្ថិតក្នុងបញ្ជីស្ដីអំពីយីហោដែលរកបានចំណូល100លានយន់ (15លានដុល្លារអាមេរិក) នៅលើផ្សារអនឡាញ់របស់ Alibaba។ ហាងរបស់ក្រុមហ៊ុនគ្រឿងសម្អាង Estee Lauder នៅលើផ្សារ Tmall គឺជាហាងដំបូងគេដែលរកបានចំណូល1ពាន់លានយន់នៅក្នុងថ្ងៃបុណ្យនៅលីវ។ បណ្ដាញសណ្ឋាគារអន្តរជាតិ ដូចជា Marriott និង Accor ក៏រកបាន1ពាន់លានយន់ជាបន្តបន្ទាប់គ្នាផងដែរ។
ប្រាក់ចំណូលដែលបានមកពីការលក់រាយនៅប្រទេសចិន បានកើនឡើង3.3% បើធៀបនឹងអំឡុងពេលដូចគ្នាកាលពីឆ្នាំទៅនៅក្នុងខែកញ្ញា និងត្រូវបានព្យាករថា កើនឡើង5% នៅក្នុងខែតុលា។ ប៉ុន្តែ រយៈពេល9ខែដើមឆ្នាំនេះ ប្រាក់ចំណូលបានមកពីការលក់រាយនៅប្រទេសនេះ បានថយចុះ7% បើធៀបនឹង9ខែដើមឆ្នាំ2019។
យោងតាមការប៉ាន់ប្រមាណរបស់សេដ្ឋវិទូ Xing Zhaopeng មកពីធនាគារ ANZ ចំណូលបានមកពីការទិញទំនិញ រួមចំណែកមិនដល់ 0.5% នៅក្នុងកំណើន 4.9% ដែលសេដ្ឋកិច្ចចិនទទួលបាននៅក្នុងត្រីមាសទី3។ លោក Xing យល់ថា គេទំនងជាត្រូវរង់ចាំរហូតដល់ឆ្នាំ2021 ទើបការជឿជាក់ក្នុងការចាយវាយរបស់អ្នកប្រើប្រាស់នៅប្រទេសចិន អាចត្រូវបានកែលម្អទាំងស្រុងឡើងវិញ៕
ប្រភព៖ Bloomberg