លោក Donald Trump អាចទទួលបានការអញ្ជើញឱ្យមកសហការដើម្បីសរសេរសៀវភៅ និងកម្មវិធីទូរទស្សន៍ ដែលកិច្ចព្រមព្រៀងទាំងនោះអាចនឹងមានតម្លៃឡើងដល់100លានដុល្លារអាមេរិក។
គេហទំព័រ Page Six កាលពីថ្ងៃទី10វិច្ឆិកា បានដកស្រង់ប្រភពព័ត៌មានមួយដែលជិតស្និទ្ធនឹងលោក Trump ឱ្យដឹងថា ប្រធានាធិបតីអាមេរិករូបនេះ កំពុងត្រូវបានក្រុមហ៊ុនទូរទស្សន៍នានាយកចិត្តទុកដាក់ក្នុងបំណងអញ្ជើញឱ្យមកសហការរកស៊ី។ ប្រភពដំណឹងឱ្យដឹងថា “កិច្ចព្រមព្រៀងអំពីការសរសេរសៀវភៅ និងទូរទស្សន៍ គឺជាផែនការទីពីររបស់លោក (Trump) បើសិនជាគាត់មិនបានជាប់ឆ្នោត”។
“អ្នកបោះឆ្នោតចំនួន70លាននាក់ បានបោះឆ្នោតជូនគាត់ ប្រការនេះនឹងនាំឱ្យមានអ្នកមើលច្រើន ហើយតួលេខនៃការលក់សៀវភៅក៏នឹងមានចំនួនច្រើនមិនធ្លាប់មានពីមុនមកផងដែរ។ គ្រប់សៀវភៅដែលប្រឆាំងនឹង Trump សុទ្ធតែរកប្រាក់បានយ៉ាងច្រើន ដូច្នេះសៀវភៅរបស់ Trump ប្រាកដជាជោគជ័យ” នេះបើតាមប្រភពព័ត៌មានខាងលើ។ ប្រភពដំណឹងនេះបន្តថា ប្រធានាធិបតី Trump “កំពុងទទួលបានការអញ្ជើញជាហូរហែ ទាក់ទងនឹងកិច្ចសហការសរសេរសៀវភៅ និងទូរទស្សន៍ ដែលអាចមានតម្លៃដល់ទៅ100លានដុល្លារអាមេរិក”។
ប៉ុន្តែ ប្រភពព័ត៌មានដែលគួរទុកចិត្តមួយនៅក្នុងសហគមន៍អ្នកបោះពុម្ភសៀវភៅនិយាយថា ខ្ទង់ប្រាក់ដែលបាននិយាយខាងលើ “ស្ដាប់ទៅដូចមិនទាន់ត្រឹមត្រូវ”។ លោក Obama និងអតីតស្ត្រីទីមួយ Michelle Obama បានចុះកិច្ចព្រមព្រៀងដែលមានតម្លៃ65លានដុល្លារជាមួយនឹងអ្នកបោះពុម្ភសៀវភៅ Crown កាលពីឆ្នាំ2017។ ក្រុមពិពន្ធនាយករបស់ក្រុមហ៊ុន Crown និង Knopf បានបដិសេធនឹងសំណួរដែលថា តើពួកគេមានគម្រោងបោះពុម្ភសៀវភៅរបស់លោក Trump ឬជួបលោក Trump ដែរ ឬយ៉ាងណានោះទេ។
ប្រភពព័ត៌មានឱ្យដឹងថា ក្រុមហ៊ុនផលិតសៀវភៅដែលគួរតែត្រូវបានចាប់អារម្មណ៍ នោះគឺ Simon & Schuster ព្រោះថា ពួកគេបានបោះពុម្ភសៀវភៅរបស់លោក Trump កាលពីពេលថ្មីៗនេះ ហើយអតីតនាយកប្រតិបត្តិ Jonathan Karp ក៏ធ្លាប់បានទៅចូលរួមពិធីមង្គលការរបស់លោក Trump និងលោកស្រី Melania ផងដែរ។
អ្នកស្រី Dana Canedy នាយិកាប្រតិបត្តិថ្មីរបស់ Simon & Schuster បាននិយាយកាលពីខែកក្កដាថា៖ “គាត់គឺជាប្រធានាធិបតី។ គ្រប់គ្នាដែលចាកចេញពីសេតវិមាន សុទ្ធតែមានសៀវភៅមួយ ឬច្រើនក្បាល ហើយសៀវភៅទាំងនោះបានផ្ដល់នូវចំណេះដឹងបន្ថែមអំពីប្រវត្តិសាស្ត្រ។ ខ្ញុំយល់ថា ប្រការនេះមិនត្រឹមតែសមហេតុផលនោះទេ តែវាក៏សំខាន់ផងដែរ”។
Simon & Schuster គឺជាអ្នកបោះពុម្ភសៀវតភៅដែលបានសហការជាច្រើនឆ្នាំជាមួយនឹង Hillary Clonton។ ពួកគេបានបោះពុម្ភសៀវភៅកំណត់ហេតុជាច្រើនរបស់អតីតទីប្រឹក្សាសន្តិសុខជាតិ លោក John Bolton និង Marry L. Trump ដែលជាក្មួយស្រីរបស់ប្រធានាធិបតី Trump ដោយនៅក្នុងសៀវភៅទាំងនោះមានខ្លឹមសាររិះគន់លោក Trump។
ទាក់ទង់នឹងការបោះឆ្នោតនៅអាមេរិក សារព័ត៌មាននានានៅប្រទេសនេះបានហៅលោក Biden ថា ជាប្រធានាធិបតីអាមេរិកទី46 នៅពេលបេក្ខភាពមកពីបក្សប្រជាធិបតេយ្យរូបនេះ ទទួលបានសំឡេងគាំទ្រពីតំណាងម្ចាស់ឆ្នោតចំនួនយ៉ាងតិច290សំឡេង។ ក៏ប៉ុន្តែ លោក Trump មិនបានទទួលស្គាល់លទ្ធផលនេះទេ ដោយអះអាងថា “ការបោះឆ្នោតនេះ នៅយូរទៀតទើបបញ្ចប់” ហើយបានសង្កត់ធ្ងន់ថា នឹងបន្តធ្វើសង្គ្រាមផ្លូវច្បាប់ដល់ទីបញ្ចប់ដើម្បីប្រឆាំងនឹង “ការលួចបន្លំសន្លឹកឆ្នោត”៕
ប្រភព៖ Page Six