ខ្សែប្រយុទ្ធ Marco Asensio បានបង្ហាញឲ្យឃើញពីមូលហេតុដែលរូបគេកំពុងតែស្ថិតក្នុងការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ក្លិបកំពូលៗនៅអឺរ៉ុប ក្រោយពីរូបគេបានស៊ុតបាល់បញ្ចូលទី1គ្រាប់ ក្នុងពេលក្រុម Real Madrid បានបំបាក់ក្រុមជើងខ្លាំង Barcelona 2 – ០ ដើម្បីលើកពាន Super Cup របស់អេស្ប៉ាញ កាលពីថ្ងៃពុធ។
ក្រោយពីបានកត់ត្រាជ័យជម្នះក្នុងលទ្ធផល 3-1 ពីការប្រកួតជើងទី1 រួចមក Real បានបង្ហាញពីភាពច្បាស់លាស់នៃការលើកពានបើករដូវកាលនេះ ក្រោយពីលេងបានត្រឹមតែ4នាទី ខណៈដែលតារាឆ្នើម Asensio វ័យ21ឆ្នាំ បានស៊ុតបាល់បញ្ចូលទីយ៉ាងល្អខណៈពេលដែលមិត្តរួមក្រុមរបស់គេ បានរត់ទៅកាន់តំបន់ប្រយុទ្ធយឺតពេលបន្តិចនោះ Asensio បានស៊ុតបាល់ពីចម្ងាយចូលក្នុងទីរបស់អ្នកចាំទី Marc-Andre ter Stegen នៃក្រុម Barcelona តែម្តង។
ខ្សែប្រយុទ្ធ Karim Benzema បានបន្ថែមគ្រាប់បាល់1គ្រាប់ទៀតដើម្បីបំពេញការទទួលជ័យជម្នះរបស់ក្រុមខ្លួនតែម្តង ខណៈដែលលោក Ernesto Valverde គ្រូបង្វឹករបស់ក្រុម Barcelona បានគិតទុករួចស្រេចទៅហើយថា នឹងត្រូវប្រឈមមុខនឹងការងារដ៏លំបាកមួយក្នុងការប្រជែងជាមួយនឹង Real Marid ដើម្បីឈ្នះពាននៅរដូវកាលនេះ។ Real Madrid បានចាប់ផ្តើមយ៉ាងល្អឥតខ្ចោះ ហើយពួកគេបានគ្រប់គ្រងស្ថានការណ៍បានទាំងស្រុងក្នុងតង់ទី1 មុននឹងរងសម្ពាធវិញក្នុងតង់ទី2។
ក្រុម Barcelona បានព្យាយាមវាយបកវិញតាមរយៈការវាយសម្រុកយ៉ាងខ្លាំងក្នុងតង់ទី2 ប៉ុន្តែ មិនអាចរកគ្រាប់បាល់បានឡើយ ខណៈដែល Lionel Messi និង Luis Suarez សុទ្ធសឹងបានស៊ុតបាល់ទៅប៉ះនឹងរបាទីទាំងអស់។ ការទទួលជ័យជម្នះនេះបានបន្តធ្វើឲ្យក្រុម Real ទទួលជោគជ័យក្រោមការដឹកនាំរបស់លោក Zinedine Zidane ខណៈដែលក្រុមម្ចាស់ជើងឯកអឺរ៉ុបមួយនេះ បច្ចុប្បន្នបានឈ្នះពានចំនួន៧ ក្នុងរយៈពេល20ខែ ក្រោមការដឹកនាំរបស់លោក Zidane៕
ប្រភពពី៖ The Sun