ខ្សែបម្រើអន្តរជាតិបារាំង Blaise Matuidi កំពុងតែស្ថិតលើផ្លូវឆ្ពោះទៅកាន់ការបំពេញការផ្ទេរជាផ្លូវការទៅកាន់ក្លិប Juventus ដែលបានយល់ព្រមចំណាយប្រាក់ទៅឲ្យក្លិប Paris Saint-Germain ក្នុងទឹកប្រាក់ប្រមាណជា20លានអឺរ៉ូ (ស្មើនឹង23.5លានដុល្លារអាមេរិក) បូករួមទាំងប្រាក់ឧបត្ថម្ភផ្សេងៗទៀត ក្រោយពីទទួលបានការត្រួតពិនិត្យសុខភាពកាលពីថ្ងៃពុធ។ Matuidi ដែលបានឈ្នះពានក្របខ័ណ្ឌលីក4លើកជាប់ៗគ្នាជាមួយនឹងក្រុម PSG នោះ ត្រូវបានស្វាគមន៍ដោយអ្នកគាំទ្រជាច្រើននាក់ក្នុងពេលរូបគេធ្វើដំណើរទៅដល់អាកាសយានដ្ឋាន Caselle ក្នុងទីក្រុង Torino កាលពីថ្ងៃពុធមុនពេលទទួលការត្រួតពិនិត្យសុខភាព។
រូបគេត្រូវបានរំពឹងទុកថា នឹងចុះហត្ថលេខាលើកុងត្រាមួយដែលនឹងធ្វើឲ្យខ្សែបម្រើវ័យ30ឆ្នាំរូបនេះទទួលបានចំណូល3.5លានអឺរ៉ូ (ស្មើនឹង4.1លានដុល្លារអាមេរិក) ក្នុងមួយរដូវកាលនេះ។ នេះបើយោងទៅតាមការចេញផ្សាយរបស់គេហទំព័រ Gazzetta dello Sport។ ខ្សែបម្រើដ៏មានឥទ្ធិពលដែលជំនាញខាងគ្រប់គ្រងបាល់យ៉ាងរឹងមាំ និងមានសមត្ថភាពក្នុងការបញ្ជូនបាល់យ៉ាងល្អឱ្យទៅដៃគូរូបនេះ បានក្លាយជាគោលដៅរបស់ក្លិប Juventus ជាយូរមកហើយ។ Juventus បានប្រកាសពីការផ្ទេរនេះតាមរយៈការបង្ហោះរូបថតមួយនៅលើគេហទំព័ររបស់ពួកគេ ដែលបង្ហាញពី Matuidi កំពុងតែសើចពេលធ្វើដំណើរដល់កន្លែងពិនិត្យសុខភាព។
កីឡាកររូបនេះនឹងក្លាយជាកីឡាករចំណូលថ្មីទី9របស់ Juventus នៅរដូវក្តៅនេះ ក្រោយពីការនាំយកកីឡាករ Douglas Costa (Bayern Munich), Mattia Di Sciglio (AC Milan), Federico Bernardeschi (Fiorentina) និងអ្នកចាំទី Wojciech Szczesny (Roma)៕
ប្រភពពី៖ Sport24